របាយការណ៍អន្ដរជាតិថា ប្រជាធិបតេយ្យនៅកម្ពុជាបន្ដដាំក្បាលចុះ​បន្ថែម​ទៀត​នៅ​ឆ្នាំ​មុន​នេះ

ក្រុម​សហជីព សកម្មជន​ដីធ្លី និង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ប្រមូលផ្ដុំ​គ្នា​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​សិទ្ធិ​មនុស្ស​អន្តរជាតិ ថ្ងៃ​១០ ធ្នូ ឆ្នាំ​២០១៨​។ រូបថត៖ ជន ចាន់រ៉ែន​

របាយការណ៍របស់​សារព័ត៌មាន​អន្តរជាតិមួយ បានបន្ដចាត់ថ្នាក់កម្ពុជា​ថា មានស្ថានភាពប្រជាធិបតេយ្យធ្លាក់ចុះ និងឆ្ពោះទៅរករបបផ្ដាច់ការ បន្ទាប់ពីកម្ពុជាបញ្ចប់ការបោះឆ្នោតដ៍ចម្រូងចម្រាស់មួយ និងការរឹតត្បឹតផ្នែកនយោបាយ។

របាយការណ៍ស្ដីពី «សន្ទស្សន៍ប្រជាធិបតេយ្យសម្រាប់ឆ្នាំ២០១៨» ចេញ​ដោយ​ស្ថាប័នស្រាវជ្រាវផ្នែកសេដ្ឋកិច្ចមួយឈ្មោះ «Economist Intelligence Unit» របស់​សារព័ត៌មាន The Economist ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស កាល​ពី​ថ្ងៃម្សិល​មិញ​នេះ បានទម្លាក់ចំណាត់ថ្នាក់កម្ពុជា​នៅលេខរៀង ១២៥ ក្នុងចំណោមប្រទេស ១៦៧​ លើពិភពលោក ឬទទួលបានពិន្ទុ ៣.៥៩ ដែលធ្លាក់ចុះមួយលេខថែមទៀត បើធៀបនឹងចំណាត់ថ្នាក់ឆ្នាំ២០១៧ និងធ្លាក់ចុះ ១៣លេខ បើធៀបនឹងរបាយការណ៍កាលពីឆ្នាំ២០១៦។

ស្ថាប័ន​ស្រាវ​ជ្រាវ​មួយនេះ បានលើក​ឡើង​ថា កម្ពុជាកំពុងប្រែក្លាយជារបបផ្ដាច់ការ ដោយថា កម្ពុជាទទួលបានពិន្ទុទាបនៅក្នុងការចូលរួមផ្នែកនយោបាយ សិទ្ធិសេរីភាព ដំណើរការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស វប្បធម៌នយោបាយ និងការដឹកនាំរដ្ឋាភិបាល។  

អ្នកនាំពាក្យកាន់អំណាច លោក ឈឹម ផលវរុណ បាន​ច្រានចោល​លទ្ធផល​រក​ឃើញ​នៃ​របាយការណ៍​នេះ ដោយថា រដ្ឋាភិបាលដឹកនាំដោយ​គណបក្សប្រជាជនកម្ពុជា មិនចាប់អារម្មណ៍នឹងរបាយការណដែលចេញដោយបរទេសណាមួយឡើយ។

លោកបន្ដថា៖ «អង្គការឯកជនរបស់បរទេស កម្ពុជាមិនទៅឈឺក្បាលអីជាមួយនឹងអង្គការឯកជនទេ គេធ្វើអីធ្វើទៅ ចង់ដាក់ពិន្ទុអី ស្រេចតែគេទៅ»។

ប្រធានផ្នែកស៊ើបអង្កេតអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា របាយការណ៍នេះមានភាពប្រហាក់ប្រហែលគ្នាទៅនឹងក្ដីកង្វល់របស់សហគមន៍អន្ដរជាតិ ដែលចង់ឲ្យកម្ពុជាកែលម្អបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។ លោកថា កម្ពុជានឹងទទួលរងហានិភ័យផ្សេងៗ ប្រសិនបើរដ្ឋាភិបាលមិនអើពើចំពោះក្ដីកង្វល់ទាំងអស់នេះទេនោះ។

លោកបន្ដថា៖ «ថ្មីៗនេះ យើងឃើញហើយថា សូម្បីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ក៏មានការរិះគន់អំពីការព្រួយបារម្ភនៃការធ្លាក់ចុះនៃបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស […] ការវិភាគទៅលើសេដ្ឋកិច្ច ហើយគេចេញជារបាយការណ៍ វាអាចធ្វើឲ្យមានការប៉ះពាល់មួយចំនួន ដែលធ្វើឲ្យអ្នកវិនិយោគគេពិចារណា ពីព្រោះវាពាក់ព័ន្ធការវាយតម្លៃលើបញ្ហាសេដ្ឋកិច្ច និងផ្សាភ្ជាប់ទៅនឹងលទ្ធិប្រជាធិបតេយ្យ  និងការគោរពសិទ្ធិមនុស្ស»។

ចាប់ពីតាំងឆ្នាំ២០១៦មក របាយការណ៍របស់ក្រុមអង្គការអន្ដរជាតិ និងក្រុមប្រទេសលោកសេរី បានវាយតម្លៃទាបចំពោះស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ នៅមុនការបោះឆ្នោត ឆ្នាំ២០១៧។

នៅក្នុងរបាយការណ៍ដែលដាក់ជូនទៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ កាលពីខែកញ្ញា ឆ្នាំ២០១៨ អ្នករាយការណ៍ពិសេស​អង្គការ​សហ​ប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បានបង្ហាញក្ដីកង្វល់របស់ខ្លួនផងដែរពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅអំឡុងពេល និងក្រោយពេលការបោះឆ្នោត កាលពីខែកក្កដា​ឆ្នាំ​មុន។

ក្នុងរបាយការណ៍នោះ លោកស្រី រ៉ូណា ស្មីត អះអាងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៧ គឺពោរពេញដោយរឹតត្បិត និងបង្ខិតបង្ខំពលរដ្ឋឲ្យចេញទៅបោះឆ្នោត ការយាយីលើ​ក្រុមអង្គការសង្គមស៊ីវិល ការគ្រប់គ្រងបណ្ដាញសារព័ត៌មាន និងការរំលាយអតីតបក្សប្រឆាំងមិនឲ្យចូលរួមបោះឆ្នោត ដោយថា ការបោះឆ្នោតបែបនេះ គឺគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ