បទវិភាគ៖ តើ​កម្ពុជា​​គោរព​សិទ្ធិ​មនុស្ស និង​គោល​ការណ៍​ប្រជាធិបតេយ្យ​ពេញ​លេញ​ហើយ​ឬនៅ?

ហិបឆ្នោត ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​ថា ប្រទេស​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​​ទឹក​ដី​ពោរ​ពេញ​ទៅ​ដោយ​សេរីភាព ហើយ​ប្រជាជន​គ្រប់​រូប​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ ៤០​ឆ្នាំ​ក្រោយ​ពី​របប​ខ្មែរ​ក្រហម ត្រូវ​បាន​ផ្ដួល​រំលំ​ពី​អំណាច។

លោក ហ៊ុន សែន បាន​អះ​អាង​បែប​នេះ​​នៅ​ក្នុង​សុន្ទរ​កថា​របស់​លោក ដែល​ថ្លែង​ទៅ​កាន់​មនុស្ស​មិន​តិច​ជាង ៥​ម៉ឺន​នាក់ ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​រំឭក​ខួប ៤០​ឆ្នាំ នៃ​ថ្ងៃ​ជ័យ​ជម្នះ ៧ មករា នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។

លោក ហ៊ុន សែន នៅក្នុងទិដ្ឋភាពការប្រារព្ធខួប៧មករា ខួបលើកទី៤០ឆ្នាំ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រៅ​ពី​អះ​អាង​ថា​ កម្ពុជា​បាន​ក្លាយ​ជា​ទឹកដី​មាន​សេរីភាព​ហើយ​នោះ លោក ហ៊ុន សែន ក៏​បាន​អះ​អាង​ថែម​ទៀត​ថា កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ តែង​តែ​ប្រកាន់​ខ្ជាប់​តាម​គោលការណ៍​ប្រជាធិបតេយ្យសេរី​ពហុ​បក្ស តាម​រយៈ​ការ​បោះ​ឆ្នោត​​ជា​ទៀង​ទាត់ ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «កម្ពុជា​ ដែលពីមុនជាវាលពិឃាត គ្របដណ្តប់ដោយអំណាច​ផ្តាច់ការ និងឧក្រិដ្ឋកម្មគួរឲ្យរន្ធត់បំផុត នៃរបបប្រល័យពូជសាសន៍ ឥឡូវ​បានក្លាយជាទឹកដីនៃសេរីភាព ដែលមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវ​គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស តាមរយៈការរៀបចំនូវការបោះឆ្នោតយ៉ាងទៀតទាត់ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងជារដ្ឋដែលគោរពគោលការណ៍ច្បាប់ ឥតងាករេ ហើយប្រជាជនគ្រប់រូបមានសិទ្ធិស្មើភាពគ្នាចំពោះមុខ​ច្បាប់»

បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អះ​អាង​បែប​នេះ វា​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​កម្ពុជា​ សព្វ​ថ្ងៃ​នេះ ពិត​ជា​ទឹក​ដី​ពេញ​ដោយ​សេរីភាព និង​ការ​គោរព​ពេញ​លេញ​តាម​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ហើយ​ឬនៅ?

ជា​អតីត​តំណាងរាស្ត្រមួយ​រូប​មក​ពី​អតីត​គណបក្សសង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ចុង​ឆ្នាំ​២០១៧​នោះ លោក អ៊ូ ច័ន្ទរ័ត្ន មិន​យល់​ស្រប​ទៅ​នឹង​អ្វី​ដែល​លោក ហ៊ុន សែន អះអាង​នោះ​ទេ ដោយ​លោក​ថា ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន ត្រូវ​បាន​ធ្វើ​ឡើង​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ផាត់​ចេញ​ពី​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ។

រូបភាព៖ អ៊ូ ច័ន្ទរ័ត្ន (ហ្វេសប៊ុក)

លោកមានប្រសាសន៍ថា៖ «កន្លងមកយើងឃើញមានបញ្ហា គ.ជ.ប. ក្តោបក្តាប់ដោយបក្សកាន់អំណាចក្តី ជាពិសេសនៅអាណត្តិចុងក្រោយនេះ យើងឃើញថា គ្មានគណបក្សប្រឆាំង ដែលរាស្ត្រគាំទ្រពាក់កណ្តាលនគរចូលរួមទេ ហើយ គ.ជ.ប. ក៏ស្ថិតនៅក្រោម​ឥទ្ធិពលនយោបាយ​ដែរ។ ហេតុនេះ ធ្វើឲ្យប៉ះពាល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែរ ដោយសារ​តែលុបបំបាត់ឆន្ទៈរាស្ត្រពាក់កណ្តាលនគរនោះ»

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​​ក្នុង​ឆ្នាំ​២០១៧ ហើយ​ក្រុម​មេដឹកនាំ​ជាន់​ខ្ពស់ ១១៨​រូប​របស់​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ក៏​ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ៥​ឆ្នាំ​ថែម​ទៀត។

ខណៈ​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​ចាប់​ដាក់​ឃុំ ហើយ​លោក សម រង្ស៊ី រស់​នៅ​និរទេស​ខ្លួន​នៅ​ឯ​បរទេស​ដើម្បី​គេច​ពី​បណ្ដឹង​របស់​ក្រុម​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​នោះ អាសនៈ​ជាប់​ឆ្នោត​ទាំង​អស់​របស់​បក្ស​ប្រឆាំង រាប់​ពី​អាសនៈ​ក្រុម​ប្រឹក្សា​សង្កាត់ រហូត​ដល់​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា ត្រូវ​បាន​ដក​ហូត និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង​ទៀត ដែល​មិន​បាន​ជាប់​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៧​នោះ​ឡើយ។

ចំ​ពេល​ដែល​គណបក្ស​ប្រឆាំង​ដ៏​ធំ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ចុង​ខែ​កក្កដា​ឆ្នាំ​២០១៨​នោះ គណបក្ស​នយោបាយ​ចំនួន ១៩​ទៀត ក្នុង​នោះ​មាន​ទាំង​គណបក្ស​ទើប​បង្កើត​ថ្មីៗ​ផង​ដែរ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នោះ ប៉ុន្តែ ពួកគេ​សុទ្ធ​តែ​មិន​អាច​ឈ្នះ​បាន​អាសនៈ​ណា​មួយ​ឡើយ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ និង​គ្រប់​គ្រង​អាសនៈ​ទាំង​ ១២៥​នៅ​ក្នុង​រដ្ឋ​សភា​នីតិកាល​ទី​៦​នេះ។

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ចុង​ខែ​កក្កដា​ឆ្នាំ​មុន​នោះ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​បណ្ដា​ប្រទេស​មួយ​ចំនួន ជាពិសេស​មហា​អំណាច​កុម្មុយនីស្ត​ចិន ប៉ុន្តែ ប្លុក​​ប្រទេស​លោក​សេរី បាន​ថ្កោល​ទោស​ចំពោះ​ការ​បោះ​ឆ្នោត​នេះ ដោយ​ចាត់​ទុក​ថា គ្មាន​ភាព​សេរី យុត្តិធម៌​ត្រឹម​ត្រូវ​នោះ​ឡើយ។

អ្នក​នាំ​ពាក្យ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា មិន​ត្រឹម​តែស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​នោះ​ទេ ប៉ុន្តែ ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​សេរីភាព​ដៃទ​ទៀត​​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​បាន​ដើរ​លើ​ផ្លូវ​​ដូច​គ្នា​ផង​ដែរ​នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លង​មក​នេះ ក្រោយ​ពី​ការ​បង្ក្រាប​ទៅ​លើ​​អង្គការ​សង្គម​ស៊ីវិល ការ​បិទ​ការ​ផ្សាយ​នៃ​សារព័ត៌មាន​​ឯករាជ្យ​មួយ​ចំនួន សកម្មជន​នយោបាយ និង​សកម្មជន​ដី​ធ្លី​ជា​ដើម។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា

លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា​៖ «យើង​ឃើញ​ថា សេរីភាព​មូលដ្ឋាន គឺ​មាន​សេរីភាព​ ៣ ដែល​មាន​រង​ការ​គំរាម​កំហែង​ និង​រឹត​ត្បិត​ច្រើន​នោះ គឺ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ សេរីភាព​ខាង​ការ​ប្រមូល​ផ្ដុំ និង​សេរីភាព​ខាង​សមាគម។ អញ្ចឹង យើង​ឃើញ​ថា សេរីភាព​ទាំង​អស់​នេះ ត្រូវ​បាន​រឹត​ត្បិត​។ ដូច​ខាង​សមាគម យើង​អាច​លើក​ឡើង​ពី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ត្រូវ​បាន​រដ្ឋាភិបាល​បាន​បិទ ហើយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ ក្នុង​ហ្នឹង​មាន NDI ហើយ​អង្គការ​ផ្សេង​ទៀត​ ក៏​បាន​ធ្វើការ​ផ្អាក​សកម្មភាព​មួយ​រយៈ​រហូត​ដល់​មាន​ក្រសួង​មហា​ផ្ទៃ​អនុញ្ញាត​វិញ គឺ​អង្គការ​សមធម៌​ជាដើម ហើយ​អង្គការ​មាតា​ធម្មជាតិ ក៏បាន​បិទ​ដែរ»

ដោយ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បណ្ដេញ​ចេញ​ពី​កម្ពុជា​នៅ​ដើម​​ឆ្នាំ​២០១៥ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ការពារ​តំបន់​អារ៉ែង​នោះ សកម្មជន​បរិស្ថាន​សញ្ជាតិ​អេស្ប៉ាញ លោក អេឡិច ហ្គន់សាឡេស ដេវិដសុន បាន​ទទួល​ស្គាល់​ថា កម្ពុជា​ពិតជា​មាន​សេរីភាព ប៉ុន្តែ លោក​ថា សេរីភាព​នោះ គឺ​មាន​សម្រាប់​តែ​ក្រុម​មនុស្ស​ដែល​គាំទ្រ​លោក ហ៊ុន សែន និង​ស្រប​ទៅ​តាម​គោល​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ។

សកម្មជន​អារ៉ែងជនជាតិអេស្បាញ លោក អាឡិច កាល​នៅ​ប្រទេស​កម្ពុជា​ (រូប​ពី​ហ្វេសប៊ុក​លោក អាឡិច)
សកម្មជន​អារ៉ែងជនជាតិអេស្បាញ លោក អាឡិច កាល​នៅ​ប្រទេស​កម្ពុជា​ (រូប​ពី​ហ្វេសប៊ុក​លោក អាឡិច)

លោក អេឡិច មាន​ប្រសាសន៍​ថា​៖ «យើង​គិត​ថា អ្វី​ដែល​គាត់​និយាយ គឺ​ការពិត​តែ​ចំពោះ​បុគ្គល​ណា​ដែល​និយាយ​ស្រប​ទៅ​តាម​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន។ […] ប៉ុន្តែ ប្រសិន​ជា​បញ្ចេញ​យោបល់​ខ្លួន​ឯង ដែល​ផ្ទុយ​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល ឬ​ក៏​រិះគន់​រដ្ឋាភិបាល អាហ្នឹង​លែង​មាន​សិទ្ធិ​សេរីភាព​ទេ។ យើង​និយាយ​បាន ប៉ុន្តែ បន្ទាប់​ពី​និយាយ មាន​បញ្ហា អាច​ត្រូវ​បាន​គំរាម​កំហែង អាច​នឹង​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ឬ​ក៏​គេ​ធ្វើ​បាប​យើង​រហូត​ដល់​យើង​អត់​មាន​ជម្រើស​ក្រៅ​ពី​ចេញ​ទៅ​ក្រៅ​ប្រទេស​​»

ដោយ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ក្រោយ​ថ្លែង​រិះគន់​លើ​លោក​ ហ៊ុន សែន ហើយ​បច្ចុប្បន្ន​កំពុង​រស់នៅ​​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ក៏​មិន​បាន​យល់​ស្រប​ទៅ​នឹង​សម្ដី​លោក​នាយករដ្ឋ​មន្ត្រី​ដែរ។

អ្នក​វិភាគ​រូប​នេះ បាន​ហៅ​​របៀប​នៃ​ការ​ដឹកនាំ និង​គ្រប់​គ្រង​ប្រទេស​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នា​ពេល​សព្វ​ថ្ងៃ​នេះថា ជា​ការ​សម្លាប់​​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​បំបិទ​សិទ្ធិ​សេរីភាព​​ស៊ីវិល ដែល​ត្រូវ​បាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។

លោក គឹម សុខ កាល​ពី​ពេល​កន្លង​ទៅ​

លោក គឹម សុខ មាន​ប្រសាសន៍ថា៖ «ស្ថានភាព​សិទ្ធិ​មនុស្សនៅ​ប្រទេស​កម្ពុជា សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ​នេះ មាន​ភាព​ប្រសើរ​តាម​តែ​ការ​អួត​ ដើម្បី​បន្លំ​ប្រជា​រាស្ត្រ និង​សហគមន៍​អន្តរជាតិ​ពី​មាត់​លោក ហ៊ុន សែន ប៉ុណ្ណោះ ក៏​ប៉ុន្តែ ជាក់​ស្ដែង ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន គឺ​សម្លាប់​ប្រជាធិបតេយ្យ សម្លាប់​សេរីភាព​របស់​ប្រជា​ពលរដ្ឋ ដើម្បី​បន្ត​នូវ​មហិច្ឆតា​អំណាច​របស់​គាត់»

លំហរ​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​សិក្សា​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ពី​សំណាក់​ស្ថាប័ន​អន្តរជាតិ​ បាន​ធ្លាក់​ចុះ​កាល​ពី​ឆ្នាំ​២០១៨ បើធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ។

សន្ទស្សន៍​សេរីភាព​មនុស្ស​ជាតិ​ឆ្នាំ​២០១៨ ដែល​ចេញផ្សាយ​​រួម​គ្នា​ដោយ​ដោយវិទ្យាស្ថាន Cato នៅ​សហរដ្ឋ​អាមេរិក​ វិទ្យាស្ថាន Fraser នៅ​កាណាដា និង​មូលនិធិ​ Friedrich Naumann នៅ​អាល្លឺម៉ង់​​កាលពី​ខែ​ធ្នូ​កន្លង​មកនោះ បាន​វាយ​តម្លៃ​​ប្រទេស​កម្ពុជា​ស្ថិត​នៅចំណាត់​ថ្នាក់​ទី ៦១ នៅ​ក្នុង​ចំណោម​ប្រទេស ១៦២ ដែល​ត្រូវ​បាន​សិក្សា​ជារៀង​រាល់​ឆ្នាំ។ ការ​សិក្សា​នេះ​បង្ហាញ​ថា ចំណាត់​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​ពី​លេខ ៥៨ នៅ​ឆ្នាំ​២០១៧ ដែល​បង្ហាញ​ថា កម្រិត​សេរីភាព​នៅ​កម្ពុជា មិន​ទាន់​សេរី​នោះ​ទេ ឬ​នៅ​ទាប​ជាង​ប្រទេស​សិង្ហបុរី។

ចំណែក​ឯ​អង្គការ​ Freedom House មាន​មូលដ្ឋាន​នៅ​អាមេរិក​ដែរ​នោះ បាន​វាយ​តម្លៃ​ថា ប្រទេស​កម្ពុជា​គ្មាន​សេរីភាព​នោះ​ឡើយ តាម​រយៈ​ការ​វាយ​តម្លៃ​ទៅ​លើ​សេរីភាព​ស៊ីវិល និង​សិទ្ធិ​​នយោបាយ។ ជាង​នេះ​ទៅ​ទៀត អង្គការ​នេះ​បាន​វាយ​តម្លៃ​ថា ស្ថានភាព​សេរីភាព​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១៨ បាន​ធ្លាក់​ចុះ បើធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ។

ក្រៅ​ពី​ការ​សិក្សា​ខាង​លើ អង្គការ​ជំនាញ​ផ្នែក​សារព័ត៌មាន​មាន​ឈ្មោះ​ថា Reporters Without Border ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​នោះ បាន​វាយ​តម្លៃ​ចំណាត់​ថ្នាក់​កម្រិត​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១៤២ នៅ​ក្នុង​ចំណោម​ប្រទេស​ ១៨០​ នៅ​​ទូទាំង​ពិភព​លោក។

តាម​រយៈ​របាយការណ៍​អង្គការ​ការពារ​អ្នក​សារព័ត៌មាន​អន្តរជាតិ​មួយ​នេះ ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​បាត់​បង់​ចំណាត់​ថ្នាក់​ដល់​ទៅ ១០​លេខ​ឯនោះ បើធៀប​ទៅ​នឹង​ឆ្នាំ​២០១៧​កន្លង​មក។

អង្គការ​ Freedom House បាន​លើក​ឡើង​ថា ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​បែប​នេះ បន្ទាប់​ពី​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ