រដ្ឋាភិបាល​ឆ្វៀលដីជាង​១៣​ហិកតាពីដែនគម្របព្រៃឈើ​នៅ​ខេត្ត​ព្រះសីហនុ ​ឲ្យអ្នកស្រី ស៊ុយ សុផាន

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ឆ្វៀលដីទំហំជាង ១៣​ហិកតា កាត់​ចេញពីដែនគម្របព្រៃឈើ ស្ថិតនៅ​ក្នុង​ខេត្តព្រះសីហនុ ឲ្យ​ទៅ​ក្រុមហ៊ុន​ ផាន អ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន។ នេះ​បើ​តាម​អនុក្រឹត្យ​មួយ​ចេញ​កាល​ពី​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

ការសម្រេចនេះ គឺធ្វើឡើងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ដែលបានស្នើទៅលោកនាករដ្ឋម​ន្ត្រី ហ៊ុន សែន ដើម្បីកាត់ឆ្វៀលដីទំហំ​ជាង ១៣៨ ៦៧៨​ម៉ែត្រក្រឡា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ដោយធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ ផ្ដល់ឲ្យទៅ​អ្នកស្រី ស៊ុយ សុផាន កាន់កាប់ជាកម្មសិទ្ធិ។

ម្ចាស់ក្រុមហ៊ុន ផាន អ៊ីម៉ិច អ្នកស្រី ស៊ុយ សុផាន សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះទេ ដោយអ្នកស្រីជំរុញឲ្យទៅសួរទៅ​ក្រសួងដែនដី និងអាជ្ញាធរខេត្តព្រះសី​ហនុវិញ។

រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា មានប្រសាសន៍ថា លោកជាប់រវល់ប្រជុំ។ ចំណែកអ្នកនាំពាក្យក្រសួងលោក សេង ឡូត ទូរសព្ទចូលគ្មានអ្នកទទួល។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រចាំខេត្តព្រះសីហនុ លោក ចេង ស្រុង បាន​ទទួល​ស្គាល់​អំពី​ការ​កាត់​ឆ្វៀល​ដី​នៅ​ក្នុង​ដែន​គម្រប​ព្រៃឈើ​នេះ ប៉ុន្តែ លោក​ពុំ​បាន​ដឹង​ថា តើ​ក្រុមហ៊ុន​របស់​អ្នកស្រី ស៊ុយ សុផាន យក​ដី​ទៅ​អភិវឌ្ឍ​អ្វី​នោះ​ឡើយ។

លោកថា៖ «រាជរដ្ឋាភិបាលបានសម្រេចរួចហើយតើ បានចេញអនុបយោគអីឲ្យអស់ហើយតើ។ បាទ! អាហ្នឹង បើយើងមានគោលការណ៍ហើយ អាហ្នឹងយើងត្រូវចុះបញ្ជីចុះអី ចេញប័ណ្ណជូនគាត់។ ខ្ញុំមិនទាន់ដឹងថា គាត់យកដីនោះទៅអភិវឌ្ឍធ្វើអីៗទេ យើងអត់ដឹងដែរ»

លោក ចេង ស្រុង បាន​ឲ្យ​ដឹង​ថា ដែនគម្របព្រៃឈើ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំ ស្រុកព្រៃនប់ ត្រូវ​បាន​រដ្ឋាភិបាលដាក់បញ្ជូល​ជាដីដែនគម្របព្រៃឈើ​នៅក្នុងឆ្នាំ២០០២ ។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី  មានប្រសាសន៍ថា បច្ចុប្បន្ននេះ ដីដែនគម្របព្រៃឈើត្រូវបានប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​អ្នកមានអំណាច កំពុងទន្ទ្រានយកធ្វើជាកម្មសិទ្ធិ បន្ទាប់តម្លៃ​ដី​ធ្លី​នៅក្នុងខេត្ត​ជាប់​តំបន់​ឆ្នេរ​សមុទ្រ​មួយ​នេះ បានឡើងថ្លៃបន្តបន្ទាប់នោះ។

អ្នកស្រីថា៖ «[អ្នកទន្ទ្រានដី]មានចម្រុះទាំងអស់ អ្នកតូច អ្នកធំអី មានទាំងអស់ ប៉ុន្តែ ភាគច្រើនជាប់គុកតែអ្នកក្រទេ។ ​អ្នកក្រជាប់គុកអស់ហើយ វាអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ»

អ្នកស្រី ស៊ុយ សុផាន បាន​កាន់​កាប់​ដី​ធ្លី​ ២កន្លែង​ធំៗ នៅ​ក្នុង​ខេត្ត​កណ្ដាល និង​​ដី​តំបន់​សហគមន៍​បុរីកីឡា​ ដែល​មាន​ជម្លោះ​ដី​ធ្លី​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ