សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ស្នើ​ឲ្យ​សើ​រើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ ក្រោយបរាជ័យ​ការ​គោរព​​សិទ្ធិ​មនុស្ស

សមាជិកព្រឹទ្ធសភា​អាមេរិក លោក ថេដ គ្រូស (Ted Cruz)

សមាជិកព្រឹទ្ធសភាពីររូបរបស់សហរដ្ឋអាមេរិក បានស្នើ​ទៅប្រធានាធិបតីរបស់ខ្លួន ឲ្យពិចារណាដកប្រ​ព័ន្ធអនុ​គ្រោះ​ពា​ណិ​ជ្ជ​​កម្ម​​ពី​កម្ពុ​ជា​​វិ​ញ ក្រោមហេតុផលថា រដ្ឋាភិបាលប្រទេសនេះ បរាជ័យក្នុងការជំរុញគោលការ​ណ៍​គោរព​​សិទ្ធិ​ម​នុ​ស្ស​ និ​​ងលទ្ធិ​ប្រជា​ធិ​ប​តេយ្យ។

ក្នុង​សេចក្តីថ្លែងការណ៍ចុះថ្ងៃទី៩ ខែមករា​ម្សិល​មិញ​នេះ សមាជិកព្រឹទ្ធសភា​អាមេរិក លោក ថេដ គ្រូស (Ted Cruz) និង​លោក គ្រីស ឃូនស៍ (Chris Coons) បានស្នើ​ទៅ​រដ្ឋ​បាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យសើរើច្បាប់​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ឬ​ដក​ហូត​ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP ពីកម្ពុជា ខណៈប្រទេស​ម​ហា​​​អំណា​ចមួយនេះ ​បានសម្រេច​ពន្យា​ពន្ធ​អនុគ្រោះនេះ​ដល់​កម្ពុជារួចហើយនោះ​កាល​ពី​ខែ​​​​មេ​សា​​​​​ឆ្នាំ​មុន។

លោក​ ថេត​ គ្រូស បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា៖ «នាយក​រដ្ឋមន្ត្រីកម្ពុជា លោក  ហ៊ុន សែន ​បានកេង​ប្រ​វ័ញ្ច​​​ពី​ប្រ​ព័ន្ធ​​​អ​នុគ្រោះពន្ធ​នេះ ដែល​ផ្តល់​ឲ្យដោយ​សហរដ្ឋ​អាមេរិក​ និង​សហគមន៍​អឺរ៉ុប។ គាត់​បាន​បរាជ័យ​មិនគោរព​តាម​​និយាម​សិ​ទ្ធិ​​ការងារ មើលស្រាល​ដល់​សុច្ចរិតភាព​នៃការបោះឆ្នោត​នៅ​កម្ពុជា ហើយ​បាន​ងាក​ទៅរក​​ប្រទេស​ចិន‍»។

ចំណែក​សមាជិក​ព្រឹទ្ធសភា​ លោក គ្រីស ឃូនស៍ បាន​ចោទ​សួរថា ​តើ​កម្ពុជា​គួរតែ​បន្ត​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដើ​ម្បី​​​​​នាំ​ទំនិញ​ចូល​ទីផ្សារ​សហរដ្ឋ​អាមេរិក​ទៀត​ដែរ​ឬ​ទេ?

សមាជិកព្រឹទ្ធសភាអាមេរិករូបនេះ លើកឡើងទៀតថា៖ «ប្រទេស​ដែល​មើលស្រាល​ដល់​លទ្ធិ​ប្រជាធិបតេយ្យ មិន​យក​ចិត្ត​ទុកដាក់​និយាម​ពលកម្ម មិន​​​គោរព​សិទ្ធិ​មនុស្ស និង​មិន​យកចិត្តទុក​ដាក់​ការពារ​កម្មសិទ្ធិ​បញ្ញា មិន​គួរ​ទទួល​បាន​បុព្វសិទ្ធិ​ពាណិជ្ជកម្ម​ពិសេសនេះ​ទេ»

លោក គ្រីស ឃូនស៍ ថ្លែង​បន្ត​ថា​៖ «អំ​ឡុ​ងពេល​គ្រប់គ្រង​អំណាច​ ៣៤ឆ្នាំ​នេះ លោក ហ៊ុន សែន បាន​បង្ហាញការមិនគោរព​នីតិរដ្ឋ និង​សិទ្ធិ​មូលដ្ឋាន​នៅ​កម្ពុជា‍»។​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ​ផលវរុណ ប្រាប់​ថា លោកមិនចាប់អារម្មណ៍ទៅនឹងការលើក​ឡើង​នេះទេ ដោ​យថា​ វា​មិន​ឆ្លុះ​បញ្ចាំងពី​ឆន្ទៈ​រប​ស់ប្រធានាធិបតីអា​មេ​រិក ​​លោក ដូណាល់ ត្រាំ ។

លោកថា៖ «អ្នកនយោបាយអាមេរិក ទោះមានតួនាទីជាសមាជិកព្រឹទ្ធសភា ឬក៏តំណាងរាស្ត្រអាមេរិ​កជាប់ឆ្នោតដោ​យប្រ​ជាព​លរដ្ឋ​អា​មេរិក គួរតែបម្រើសហរដ្ឋអាមេរិកខ្លួនឯង គួរដើរតាមលោក ដូណាល់ ត្រាំ ដែលគាត់កំ​ពុងបម្រើឲ្យ​ពលរដ្ឋ​អាមេរិក​កាំង។ ​ដូច្នេះ​យើងមិន​យកទស្សនៈ​នយោបាយបុគ្គល អ្នកនយោបាយនីមួយៗមកចាប់អារម្មណទេ បាទ!»

ក្នុង​កិច្ច​សម្ភាស​ជាមួយ​ VOD កាល​សប្ដាហ៍មុន អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា បាន​ព្រមាន​ថា សេដ្ឋកិច្ច​កម្ពុជា​អាច​ប្រឈម​នឹង​វិបត្តិ ប្រសិន​បើ​កម្ពុជា​មិន​ស្ដារ​លំហ​ប្រជាធិបតេយ្យ​ឡើង​វិញ ដូច​ដែល​សហគមន៍​អន្តរជាតិ​បាន​ជំរុញ​ទេ​នោះ ដោយ​លោក​ថា ដង្ហើមសេដ្ឋកិច្ច​កម្ពុជា​មួយ​ផ្នែកធំ នៅពឹកផ្អែកលើប្រទេសលោកសេរីនៅឡើយ។

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ទាំង​ពីរ​រូប​នេះ បាន​ស្នើ​ឲ្យ​សើរើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​បែប​នេះ ក្រោយ​ពី​ពួកគេ​មើល​ឃើញ​ថា កម្ពុជា​ពុំ​បាន​ស្ដារ​លំហ​​ប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​ឡើង​វិញ​ឡើយ​នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លង​មក​នេះ។

កម្ពុជា​ទទួល​បាន​ពន្ធ​អនុគ្រោះ GSP ពីសហរដ្ឋអាមេរិកនៅឆ្នាំ១៩៩៧ ពោលក្រោយពី​មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើ​យ​សហរដ្ឋ​គឺ​ជា​ទីផ្សារ​ធំ​លំដាប់​ទី​ពីរ​បន្ទាប់​ពី​សហគមន៍​អឺរ៉ុប សម្រាប់​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ៣​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ក្រៅ​ពី​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប​​ដែល​ជា​ទីផ្សារ​ធំ​បំផុត​នៃ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​នោះ ក៏​បាន​ដំណើរការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​កម្ពុជា​ផង​ដែរ ខណៈ​ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប ជួយ​ឲ្យ​កម្ពុជា​នាំ​ចេញ​ទំនិញ​ដោយ​រួច​ពន្ធ​មាន​តម្លៃ​ដល់​ទៅ​ជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ