ក្រសួងមហាផ្ទៃ ក្រើនរំលឹកដល់សាធារណជនកុំឲ្យប្រើប្រាស់​ Wifi សាធារណៈ

បុរសម្នាក់កំពុងតែប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកតាមរយៈទូរស័ព្ទដៃ កាលពីពេលកន្លងទៅ

ក្រសួងមហាផ្ទៃ ណែនាំដល់ប្រជាពលរដ្ឋឲ្យចៀសវៀងការប្រើប្រាស់ Wifi សាធារណៈដើម្បីការពារការលួចយកព័ត៌មានផ្ទាល់ខ្លួន និងលេខសំងាត់ពី​គណនី​ផ្សេងៗ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួង​មហាផ្ទៃ​ កាលពីម្សិលមិញ បង្ហោះ​លើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយ​ក្រើនរំលឹកដល់អ្នកដែលប្រើប្រាស់បណ្តាញសង្គម ជាពិសេសអ្នកដែលចូលចិត្តប្រើប្រាស់ Wifi សាធារណៈឲ្យមានការប្រុងប្រយ័ត្នពីការលួចយកគណនី​ផ្ទាល់ខ្លួន លេខសំងាត់ និងការចែកចាយមេរោគ  (Virus Malware) ជាដើម។

ប្រភពដដែល ​ឲ្យដឹង​បន្តថា  ដើម្បីការពារសុវត្ថិភាព អ្នកប្រើ​ប្រាស់​អ៊ីនធឺណិត គួរតែចៀសវាងការប្រើប្រាស់ Wifi ដែលគ្មានប្រភពច្បាស់លាស់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បាន​អំពាវឲ្យ​​អ្នកប្រើប្រាស់ ចៀសវៀងការ​ចូលទៅក្នុងគណនីសំខាន់ៗដូចជា iCloud និង Email នៅពេល​ដែលប្រើ​ Wifi សាធារណៈ ហើយ​ត្រូវ​បិទប្រព័ន្ធ Wi-Fi បើ​ពុំត្រូវការប្រើប្រាស់វា។

ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លោក ជា ពៅ បានលើកឡើងប្រាប់ VOD បន្ថែមថា ការផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​នាពេល​នេះ ដោយសារ​មាន​លួចគណនីតាមរយៈការប្រើប្រាស់​ Wifi សាធារណៈជាបន្តបន្ទាប់​។

លោក ជា ពៅ មានប្រសាសន៍ថា៖ «រឿងហ្នឹង វាកើតឡើងយូរហើយ តែគេអត់ទាន់យល់រឿងហ្នឹង។ យើងផ្សព្វផ្សាយនេះដោយសារវាមានរឿងហេតុកើតឡើង ណាមួយពេលគេ registration(ចុះឈ្មោះ)​ គេឃើញអញ្ចឹងទើបគេទប់ស្កាត់ឲ្យហើយទៅ។»

លោក ជា ពៅ បានជំរុញ​ឲ្យពលរដ្ឋប្រើ​ប្រាស់​អ៊ិន​ធឺណិត​ដែលមាន​ ពោលគឺអ៊ិនធឺណិត​ និង​Wi-Fi ផ្ទាល់។

អនុប្រធានសមាគមបណ្តាញយុវជនកម្ពុជា លោក សរ ម៉ូរី បានប្រាប់ VOD ថាការប្រើប្រាស់ Wifi សាធារណៈ គឺមានហានិភ័យជាច្រើនរួមមាន ការតាមដានទំនាក់ទំនង ការលួចយកគណនីទៅប្រើប្រាស់ក្នុងន័យទុច្ចរិត ដូចជា ការកេងប្រវ័ញ្ច​ ការគំរា​មគំហែង និងការឆបោកយកប្រាក់ជាដើម។

លោក មានប្រសាសន៍ថា៖ « កន្លងមក មានករណីនេះកើតឡើងច្រើន[…] ដូច្នេះជាអនុសាសន៍ សម្រាប់បងប្អូនដែលប្រើ Wifi សាធារណៈ គាត់ត្រូវតែមានវិធីសាស្ត្រក្នុងការការពារ ហើយមួយវិញទៀត ពួកគាត់គួរតែពិនិត្យមើលលក្ខខណ្ឌមុននឹងប្រើប្រាស់ Wifi នោះ។»

របាយការណ៍​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ ឲ្យដឹង​​​បច្ចុប្បន្ន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ជាង​១១លាន​នាក់​មាន​លទ្ធភាព​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ក្នុង​នោះ​គណនី​ហ្វេសប៊ុក​មាន​ជិត​៧លាន​គណនី៕ ​​


ដោយ៖ កញ្ញា ស៊ីម ដាណេ និង កញ្ញា ហេង សុខលីន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ