មេសហជីពម្នាក់​ត្រូវបានតុលាការខេត្តកំពង់ស្ពឺកោះហៅជុំវិញវិវាទការងារកាល៣ឆ្នាំមុន

មេដឹកនាំសហជីព លោក​ ប៉ាវ ស៊ីណា

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក​ ប៉ាវ ស៊ីណា ត្រូវបាន​តុលាការ​ខេត្ត​កំពង់ស្ពឺ កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ជុំ​វិញការ​ចោទ​ថា បាន​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​កាល​ពី​ឆ្នាំ​មុន។

ក្នុងដីកាកោះចុះថ្ងៃទី៩ ខែមករា តុលាការខេត្ត​កំពង់ស្ពឺ តម្រូវឲ្យលោក ប៉ាវ ស៊ីណា ចូលទៅបំភ្លឺ​នៅថ្ងៃទី១៧ មករាខាងមុននេះ ដើម្បីឆ្លើយដោះសារពីការចោទប្រកាន់លើខ្លួន។

លោក ប៉ាវ ស៊ីណា បានបង្ហាញការខកចិត្តចំពោះតុលាការខេត្តកំពង់ស្ពឺដែលកោះហៅរូបលោកនេះ ដោយលោកថា វាជារឿងអយុត្តិធម៌បំផុតដែលរូបគាត់ជាជនរងគ្រោះក្នុងហេតុការណ៍នោះ ហើយ​ត្រូវសមត្ថកិច្ច និងតុលាការបំភ្លៃឲ្យទៅជនបង្កទៅវិញ។

លោកបន្ថែមថា៖ «ខ្ញុំជាជនរងគ្រោះ ប៉ុន្តែ ផ្ទុយទៅវិញខាងមន្រ្តីនគរបាលយុត្តិធម៌ រួមទាំងតុលាការ គេបានបង្វែរសាច់រឿងពី​យើងខ្ញុំជាជនរងគ្រោះទៅជាជនល្មើសទៅវិញ ហើយថែមទាំងកាត់ក្តីកំបាំងមុខកាលពីថ្ងៃទី៦ ខែ១២កន្លងទៅនេះ ដោយមិនបានកោះហៅ​ ដោយមិនបានអញ្ជើញខ្ញុំ និងមេធាវីខ្ញុំទៅសវនការអី គឺអត់ទាំងអស់។ ដូច្នេះ ខ្ញុំគិតថា របៀបធ្វើការបែបបាយឡុកបាយឡ គ្មានវិជ្ជាជីវៈបែបនេះ យើងមិនដឹងថា ទទួលបានយុត្តិធម៌ដូចម្តេច បើការធ្វើការបែបនេះ»

ប្រធានសហភាពរូបនេះ បានឲ្យដឹងថា កាលពីឆ្នាំ២០១៦ ក្រុមកម្មករបម្រើការងារនៅរោងចក្រមួយក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានផ្ទុះការតវ៉ា ហើយក្រុមកម្មករទាំងនោះ បានស្វែងរក​សហជីពរបស់លោក ឲ្យធ្វើជាតំណាងជួយដោះស្រាយវិវាទការងារនេះ។

លោក ប៉ាវ ស៊ីណា បន្តថា ពេលដែលទទួលបានពាក្យបណ្តឹង រូបលោក និង​ក្រុមការងារបានចុះទៅសម្របសម្រួល ប៉ុន្តែ ពេលទៅដល់រោងចក្រ ស្រាប់តែ​មានមនុស្សមួយក្រុមដែលក្រុមកម្មករប្រាប់ថា ជាមន្រ្តីទាហ៊ានចេញមក​ប្រើហិង្សាលើក្រុមការងាររបស់គាត់រហូតមានអ្នកខ្លះរបួសធ្ងន់ធ្ងរទៀតផង។

លោកបន្ថែមថា៖ «គ្រាន់តែទៅដល់មុខរោងចក្រភ្លាម ត្រូវបានក្រុមជនពាល ឬក្រុមដែលកាងឲ្យថៅកែហ្នឹង គេបានចេញមកសំពង​ពួកខ្ញុំយកតែម្តង មានសុទ្ធតែដំបងមាឌប៉ុណ្ណាណីៗ ដែលត្រូវបានកម្មករស្គាល់ថា ជាពួកកងកម្លាំងទាំងអស់ គ្រាន់តែស្លៀកពាក់​ស៊ីវិលមកសំពងវាយប៉ងសម្លាប់ពួកខ្ញុំនៅមុខរោងចក្រ ខណៈពួកខ្ញុំមិនទាន់បានចុះពីលើម៉ូតូផង»

យ៉ាងណាលោក ប៉ាវ ស៊ីណា អះអាងថា នៅថ្ងៃទី១៧ ខែមករាខាងនេះ លោកនឹងចូលទៅបំភ្លឺនៅសាលាដំបូងខេត្តកំពង់ស្ពឺតាមការកោះរបស់តុលាការមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ