រដ្ឋាភិបាល​ចាប់​ផ្ដើម​កសាង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ​ជាមួយ​ប្រាក់​កម្ចី​ពី​ចិន​ជិត​៣០០​លាន​ដុល្លារ

លោក ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមភ្នំពេញ និងខេត្តកណ្តាល(ផ្លូវជាតិ៤-ផ្លូវជាតិ១) ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​កសាង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ថ្មី​មួយ​ខ្សែ​ទៀត​ ដែល​នឹងចំណាយថវិកា ៣០០លានដុល្លារ ដោយ​ថា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ចកម្ពុជា។

ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ប្រវែង​ជាង ៥២​គីឡូម៉ែត្រ ដែល​ភ្ជាប់​ផ្លូវ​ជាតិ​លេខ ៤ ភាគ​ខាង​លិច​រាជ​ធានី​ភ្នំពេញ ទៅ​នឹង​ផ្លូវ​ជាតិ​លេខ ១ នៅ​ក្នុង​ទឹក​ដី​ខេត្ត​កណ្ដាល​នោះ ត្រូវ​បាន​បើក​ការដ្ឋាន​នៅ​ថ្ងៃ​នេះ ហើយ​គ្រោង​នឹង​ចំណាយ​ថវិកា​យ៉ាង​តិច ២៧៣​លាន​ដុល្លារ​អាមេរិក ដែល​ជា​កម្ចី​បាន​មក​ពី​រដ្ឋាភិបាល​ចិន។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែងក្នុង​ពិធី​បើក​ការដ្ឋាន​នៅ​ថ្ងៃ​នេះ​ថា​៖ «អតុល្យភាពទៅលើវិស័យមួយចំនួន​ ក្នុងហ្នឹងមានអតុល្យភាព​រវាងតម្រូវការរបស់ប្រជាជននៅក្នុងការធ្វើដំណើរ​ ជាមួយនឹងការខ្វះមធ្យោបាយ ប៉ុន្តែ ឥឡូវ​នេះ អតុល្យភាពនោះ វាត្រូវ​បានលុបបំបាត់ចោលហើយ​រវាងចំនួនប្រជាជន សេចក្តីត្រូវ​ការនៃការធ្វើដំណើរ ជាមួយមធ្យោបាយនៃការធ្វើដំណើរ»

លោក ហ៊ុន សែន ក៏​បាន​អះ​អាង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ផង​ដែរ​ថា ក្រៅ​ពី​ជួយ​សម្រួល​ដល់​ចរាចរណ៍​នៅ​រាជ​ធានី​ភ្នំពេញ ផ្លូវ​ក្រវ៉ាត់​ក្រុង​ថ្មី​នេះ គឺ​ជា​ការ​ត​ភ្ជាប់​ទៅ​កាន់​ផ្លូវ​ហាយវ៉េ​អាស៊ាន និង​ច្រក​របៀក​សេដ្ឋកិច្ច​នៃ​ភាគ​ខាង​កើត​ប្រទេស។

ផ្លូវ​ក្រវ៉ាត់​ក្រុង​ចំនួន ២​ខ្សែ ត្រូវ​បាន​កសាង​រួច​ហើយ ដោយ​ខ្សែ​ទី​១ ភ្ជាប់​ពី​ស្ពាន​ជ្រោយ​ចង្វា​ទៅ​ដល់​ស្ពាន​ស្ទឹងមានជ័យ និង​ខ្សែ​ទី២ ភ្ជាប់​ផ្លូវ​ជាតិ​លេខ ៥ ទៅ​កាន់​ផ្លូវ​ជាតិ​លេខ ៤ ឬ​ហៅ​ថា ផ្លូវ​ទំនប់​កប់ស្រូវ។

បណ្ឌិតសេដ្ឋកិច្ច និងមន្ត្រី​​ស្រាវ​ជ្រាវ​នៅរាជបណ្ឌិតកម្ពុជា​ លោក គី សេរីវឌ្ឍន៍ បាន​ទទួល​ស្គាល់​ពី​សារៈ​សំខាន់​នៃ​ផ្លូវ​ក្រវ៉ាត់​ក្រុង​មួយ​នេះ ប៉ុន្តែ លោក​បាន​ចោទ​សួរ​អំពី​គុណភាព​ផ្លូវ ដែល​លោក​ថា រង​ការ​រិះគន់​ពី​មហាជន​ជា​និច្ច។

លោកផ្តល់ជាអនុសាសន៍ថា៖ «ការទប់ស្កាត់ការរិះគន់ រដ្ឋាភិបាលត្រូវតែបង្ហាញថា ផ្លូវនេះ គឺយើងធ្វើក្នុងកម្រិតប៉ុណ្ណា។ ឧទាហរណ៍ថា ផ្លូវដែលយើងធ្វើ យើងអាចបញ្ជាក់គេថា ផ្លូវនេះ ដោយសារថវិកាវាមានកម្រិត​ប៉ុណ្ណា យើងធ្វើគុណភាពវាបែបនេះ។ ប្រសិនបើយើងបង្ហាញឲ្យដឹងច្បាស់ទៅ តម្លាភាពទៅ មិនមានបញ្ហាទេ ហើយទីពីរ កាត់បន្ថយអំពើពុករលួយក្នុងការធ្វើផ្លូវឲ្យបានកាន់តែច្រើន នោះធ្វើឲ្យមានការកោតសរសើរពីមហាជន»

ចិនតែងតែផ្តល់ជំនួយដល់កម្ពុជាជាបន្តបន្ទាប់ ជាពិសេសជំនួយកសាងផ្លូវ ស្ពាន និងហេដ្ឋារចនសម្ព័ន្ធផ្សេងទៀត។ បើគិត​មកដល់​ចុង​ឆ្នាំ២០១៨​នេះ កម្ពុជា​បាន​ជំពាក់​បំណុល​ចិន​ដល់​ទៅ​ជាង ៤​ពាន់​លាន​ដុល្លារ​រួច​មក​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ