មន្ត្រី​អឺរ៉ុប​ថា សហគមន៍​នេះ​នៅ​តែ​​រក្សា​ច្រក​​សម្រាប់​ចរចា​ជាមួយ​កម្ពុជា​មុន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

អគ្គរដ្ឋទូតសហភាព​អឺរ៉ុប លោក George Edgar ថ្លែង​ក្នុង​ពិធី​មួយ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក។

មន្ត្រីតំណាង​សហភាពអឺរ៉ុប បាន​អះ​អាង​ថា វិធានការ​ដក​ហូត​ប្រទេស​កម្ពុជា​ចេញ​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អាច​ត្រូវ​បាន​ពិចារណា​ឡើង​វិញ ប្រសិន​បើ​​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ត្រូវ​បាន​កែ​លម្អ​ឲ្យ​ប្រសើរ​ឡើង​នោះ ដែល​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រមាន​ពី​មេដឹកនាំ​កម្ពុជា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​នៅថ្ងៃចន្ទម្សិលមិញនេះ បានព្រមាន​កម្ទេច​បក្ស​ប្រឆាំង ប្រសិន​បើ​សហគមន៍​អន្តរជាតិ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​កម្ពុជា។

ប៉ុន្តែ អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុ​ប្រចាំ​នៅ​កម្ពុជា លោក George Edgar ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ដែល​បាន​ថ្លែង​ថា នីតិវិធីជាផ្លូវការដើម្បីដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ»​ ពី​ប្រទេស​កម្ពុជា មិន​ទាន់​ចាប់​ផ្ដើម​នៅ​ឡើយ​ទេ។

តំណាង​សហភាព​អឺរ៉ុប​រូប​នេះ បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​រ៉យទ័រ​បន្ត​ទៀត​ថា ប្រសិនបើនីតិ​វិធីនៃ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ត្រូវបាន​ចាប់​ផ្តើម​ វានឹ​ងមានរយៈពេល ១២ខែមុនពេលដែលសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអឺរ៉ុប ថា តើត្រូវដកទាំងស្រុងឬរក្សា​ទុ​កខ្លះ។

លោក George Edgar ថ្លែង​ប្រាប់​រ៉យទ័រ​ថា៖ «សហភាព​អឺរ៉ុប​បាន​សង្កត់​ធ្ងន់​ថា ខ្លួន​នឹង​រក្សា​ឱ្យ​មាន​ច្រក​ចរចារ​ជាមួយ​កម្ពុជា​​ហើយថា ប្រសិន​បើ​កម្ពុជា​ត្រូវ​ចាត់​វិធានការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ភ្លាមៗ​ដែល​នាំ​ឱ្យ​មាន​ការ​ចាប់​ផ្តើម​នីតិ​វិធី​ដក​ខ្លួន​នោះ សហភាព​អឺរ៉ុប​នឹង​ពិចារណា​ឡើង​វិញ»

គណៈកម្មាអឺរ៉ុប កាលពីថ្ងៃទី៥ ខែ​តុលា ឆ្នាំ​២០១៨ បានជូនដំណឹងមករដ្ឋាភិបាលកម្ពុជា អំពីដំណើរការព្យួរ ឬដកប្រព័ន្ធអនុ​គ្រោះព​ន្ធ​ពី​ក​ម្ពុជា ​ក្រោយពីរកឃើញថា រដ្ឋាភិបាលមិនបានធ្វើឲ្យប្រសើរឡើងវិញ​នូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បន្ទាប់​ពី​គណបក្សសង្គ្រោះ​ជាតិ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការឡើងវិញ និងការបោះ​ឆ្នោត​ជាតិ មិន​ត្រូវ​បាន​ធ្វើ​ឡើងតាម​យន្តកា​រ​ប្រជាធិបតេ​យ្យនោះ​ឡើយ។

សហភាព​អឺរ៉ុប​ក៏​បាន​ទុក​ពេល​ ៦​ខែ​ ២​ដង ឬ​រយៈពេល ១២​ខែ សម្រាប់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។

សហភាពអឺរ៉ុប គឺជាទីផ្សារធំជាងគេ​របស់កម្ពុជា​សម្រាប់ផលិតផលសម្លៀកបំពាក់កាត់ដេរ និងផលិតផលកសិកម្ម ដែល​មាន​ចំណែក​ធំ​បំផុត​ក្នុង​ចំណោម​ផលិត​ផល​ដទៃ​ទៀត​ដែល​ត្រូវ​​បាន​នាំ​ចេញ​ពី​កម្ពុជា​ចូល​ទៅ​ទីផ្សារ​រួម​មួយ​នេះ។

របាយការណ៍​រដ្ឋាភិបាល​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ទំនិញ​ដែល​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហគមន៍ បាន​រួច​ផុត​ពី​កាតព្វកិច្ច​បង់​ពន្ធ​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ដល់​ទៅ​ជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ