អតីតមេបក្សប្រឆាំងជំរុញលោក ហ៊ុន សែន ឲ្យបញ្ឈប់នយោបាយគាបសង្កត់ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

អតីតមេដឹកនាំបក្សប្រឆាំងអះអាងថា សហភាពអន្តរជាតិ​នឹងមិនដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជានោះទេ បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់ការ​ធ្វើនយោបាយគាបសង្កត់លើប្រជាពលរដ្ឋ និងស្ដារ​លទ្ធិ​ប្រជាធិបតេយ្យឡើងវិញ​នោះ។

លោក សម រង្ស៊ី លើកឡើងបែបនេះ តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ព្រមាន​កម្ទេច​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ចោល បើសហគមន៍​អន្តរជាតិ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​កម្ពុជា។

ក្នុងហ្វេសប៊ុករបស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រូវ​ខឹងសហភាពអឺរ៉ុប ដែលគ្រោងផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា​ទេ។

អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​ជំរុញ​ទៅ​គូ​ប្រជែង​នយោបាយ​របស់​លោក ឲ្យ​គិត​គូរ​ដល់​សុខមាលភាព​ប្រជា​ពលរដ្ឋ និង​បើក​លំហ​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​បញ្ចៀស​ហានិភ័យ​ណា​មួយ​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា។

លោក សម រង្ស៊ី សរសេរថា៖ «បើ ហ៊ុន សែន ឯងចង់បញ្ចៀសទណ្ឌកម្មទាំងនោះ ពីព្រោះ ហ៊ុន សែន ឯងចេះគិតគូរពីសុខមាលភាពប្រជារាស្ត្រខ្មែរ ហ៊ុន សែន ឯង​ គ្រាន់តែបញ្ឈប់​នយោបាយគាបសង្កត់មកលើប្រជារាស្ត្រ ហើយចាប់ផ្តើមចរចាជាមួយសហភាពអឺរ៉ុប ដើម្បីបើកផ្លូវឲ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញនៅកម្ពុជាទៅ វាបានទៅហើយ»

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅខេត្តកណ្តាល  លោក ហ៊ុន សែន ថ្លែងថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា គឺមិនខុសពីសម្លាប់បក្សប្រឆាំងនោះទេ ​ហើយក៏លែងមានដែរចំពោះការនិយាយពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។

លោក ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមភ្នំពេញ និងខេត្តកណ្តាល(ផ្លូវជាតិ៤-ផ្លូវជាតិ១) ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន/ Screenshot)

លោក ហ៊ុន សែន ថ្លែងថា៖ «ដោយសារអ្នកជ្រុលតែដាក់ទណ្ឌកម្មខ្ញុំហើយ អ្នកក៏គ្មានសិទ្ធិដើម្បីនិយាយប្រដៅខ្ញុំ​រឿងសិទ្ធិមនុស្ស ឬ​ប្រជាធិបតេយ្យអីនោះដែរ គឺអត់ទេ ហើយខ្ញុំ​ចង្អុលបង្ហាញថា បើសិនអ្នកឯងដាក់ទណ្ឌកម្មខ្ញុំ គឺស្មើនឹងវៃសម្លាប់គណបក្សប្រឆាំងនៅកម្ពុជា។ ខ្ញុំនិយាយប្រាប់អ្នកឯងឱ្យច្បាស់ ព្រោះគ្មានរឿងអីដែលខ្ញុំត្រូវថ្នាក់ថ្នម ព្រោះវាបានតែជ្រុលអីចឹងទៅហើយ ឱ្យវាទៅបណ្តោយទៅ។ ជាន់កហ្អែងថែម»

​អ្នក​ស្រា​វជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ លោក មាស នី បាន​ជំរុញ​ទៅ​អ្នក​នយោបាយ​ ឲ្យ​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ​​ទម្លុះ​ទម្លាយ​ជម្លោះ​នយោបាយ ដើម្បី​ធានា​ថា ពលរដ្ឋ និង​សេដ្ឋកិច្ច​កម្ពុជា មិន​រង​ផល​ប៉ះ​ពាល់​ដែល​បណ្ដាល​មក​ពី​វិធានការ​របស់​សហគមន៍​អន្តរជាតិ។

អ្នកស្រាវជ្រាវពីការអភិឌ្ឍសង្គម លោកបណ្ឌិត មាស នី

លោក មាស នី មានប្រសាសន៍ថា៖ «បើយើងខឹងគេ ហើយមកដុតផ្ទះឯងទៀត ក៏មិនមានដំណោះស្រាយអ្វីក្រៅដែរ។ បើដុតផ្ទះខ្លួនឯង ឆេះផ្ទះខ្លួនឯងអស់ គេមិនឈឺក្បាល​​ជាមួយយើង។ សហគមន៍អឺរ៉ុបដែលគេសម្រេច​ថា ធ្វើ គឺគេធ្វើហើយ ជារឿងពិត»

​កាល​ពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ២០១៩ ​សមាជិក​ព្រឹទ្ធសភាអាមេរិកចំនួន​ ២​​រូប ​បាន​ស្នើ​ទៅ​រដ្ឋ​បាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យ​សើរើ​ច្បាប់​ពាណិជ្ជកម្ម ឬ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្មទូទៅ GSP ​ជាមួយ​កម្ពុជា ខណៈ​​សហភាព​អឺរ៉ុប​ ​ដែល​ជា​ទីផ្សារ​ធំ​បំផុត​នៃ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​នោះ ក៏​បាន​ដំណើរការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» (EBA) ពី​កម្ពុជា​ផង​ដែរ ដែល​ប្រព័ន្ធ​នៃ​ការ​អនុគ្រោះ​ពន្ធ​ទាំង​ពីរ​នេះ ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ថវិកាជាង ១ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ