ក្រសួងស្នើរដ្ឋាភិបាលកុំយកពន្ធចំពោះការនាំចេញកៅស៊ូតម្លៃក្រោម២ពាន់ដុល្លារ

ដំណាំជ័រកៅស៊ូ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្នើទៅរាជរដ្ឋាភិបាលលើកលែងការយកពន្ធចំពោះការនាំចេញផលិតផលកៅស៊ូក្នុងតម្លៃទាបជាង២០០០ដុល្លារ។​

ហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ លោក វេង សាខុន បានឲ្យដឹងថា នៅក្នុងវេទិកាកាលពីថ្ងៃចន្ទ មានការពិភាក្សារវាងក្រសួងនិងដៃគូពាក់ព័ន្ធពីយន្តការជំរុញការនាំចេញកៅស៊ូគឺមានការស្នើឡើង ថ្លៃក្រោម២០០០ដុល្លារមិនជាប់ពន្ធ។​

អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ លោក ប៉ុល សុផា មានប្រសាសន៍ថា ការកំណត់នូវយន្តការបែបនេះ គឺដើម្បីជួយបង្កើនការនាំចេញកៅស៊ូឲ្យបានច្រើន និងជួយលើកកម្ពស់ជីវភាពអ្នកផលិតកៅស៊ូ ព្រោះបច្ចុប្បន្នតម្លៃកៅស៊ូមានការធ្លាក់ចុះមិនអាចទប់ទល់នឹងតម្លៃផលិតបាន។

 លោក ប៉ុល សុផា៖ «ការមិនយកពន្ធនេះ គឺដើម្បីជួយដល់ក្រុមប្រតិបត្តិករកៅស៊ូ ជាពិសេសកៅស៊ូគ្រួសារនិងអ្នកជំនួញកៅស៊ូ ព្រោះបច្ចុប្បន្នតម្លៃកៅស៊ូស្ថិតនៅក្នុងកម្រិតមួយដែលមិនមានផលចំណេញ ដល់អញ្ចឹង ធ្វើឲ្យការវិនិយោគទៅមុខអត់រួច បានជាមានការសំណើឡើងសុំការមិនយកពន្ធនេះ ហើយបើសិនជាបានទៅក្រុមប្រតិបត្តិករយើងគាត់ទទួលបានប្រាក់កម្រៃបន្ថែមដោយមិនបន្ថែមបន្ទុកគឺរួចបន្ទុក៥០ដុល្លារក្នុង១តោន»

លោក ប៉ុល សុផា បញ្ជាក់ថា ក្រសួងកសិកម្ម​បានដាក់លិខិតជាសំណើនេះទៅដាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ ប៉ុន្តែមិនទាន់មានការសម្រេចយ៉ាងណានៅឡើយ។​

ប្រធានសមាគមអ្នកផលិតកៅស៊ូ លោក ម៉ុង ឫទ្ធី បានឲ្យដឹងថា ការមិនយកពន្ធពីកៅស៊ូដែលមានតម្លៃក្រោម២០០០ដុល្លារនេះគឺដើម្បីជួយសម្រួលបន្ទុកដល់អ្នកវិនិយោគដំណាំកៅស៊ូ ព្រោះលោកថា បច្ចុប្បន្នតម្លៃដែលលក់ចេញទាបជាងតម្លៃដែលផលិត។

លោក ម៉ុង ឫទ្ធី៖ «កៅស៊ូឥឡូវលក់អត់បាន១តោនតម្លៃ១៣០០ដុល្លារទេ តែតម្លៃដើមរបស់ក្រុមហ៊ុនមួយចំនួនរហូតដល់១តោន ១៥០០ដុល្លារ ដល់អញ្ចឹង គ្នាចំណាយខាតដើមទុនបានជាស្នើសុំរដ្ឋាភិបាលអញ្ចឹង»

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្មឲ្យដឹងថា ផ្ទៃដីដាំដុះកៅស៊ូមានចំនួនជិត៤៣ម៉ឺនហិកតា ផ្ទៃដីចៀរជ័រមាន២០ម៉ឺនហិកតា ហើយទីផ្សារសំខាន់ៗសម្រាប់នាំចេញកៅស៊ូមាន ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និងកូរ៉េខាងត្បូង។ របាយការណ៍នេះ បញ្ជាក់ទៀតថា កាលពីឆ្នាំ២០១៨កម្ពុជានាំចេញកៅស៊ូបានចំនួន២២ម៉ឺនតោន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ