ព្រះកាយ ច័ន្ទ ប្រកាសថា​បានសម្រេចក្តីសុបិន្ត ​

ព្រះកាយ ច័ន្ទ គ្រងឈុត​សម្ដែង​ជា​តួឯក​ស្រីឈ្មោះ នាងរា​ជនី​ស្ងួន ក្នុងរឿង «ពិសស្នេហ៍» របស់ប៉ុស្តិ៍លេខ៥។ រូបភាព៖ វង្ស សុម៉ាលីន

​បើទោះជាមានការបារម្ភថាការសម្ដែងក្នុងរឿង​​ «​​ពិសស្នេហ៍» ​​​ដែលតម្រូវអោយ​​ខ្លួន​​​​​សម្ដែងជា​​តួរបាំ​ ហើយត្រូវគ្រងឈុតបុរាណ និង​​ត្រូវ​​​ផាត់មុខអោយសក្បុស​ដូច​​​​​តួ​ថ្លុក​​​​ក្ដី ក៏តារាសម្ដែងកញ្ញា ព្រះកាយ ច័ន្ទ បាន​អះអាងថា ​​នាង​​​​​មានអារម្មណ៍​សប្បាយចិត្ត​ដោយបានចាត់ទុកថា​​​ នេះជាភាពយន្តទី១ ដែលនាង​​​​បានសម្ដែង​ដូច​ក្ដីសុបិន្តរបស់ខ្លួន​ ព្រោះតែ​​​​​​​​​​​មុន​​ជោគជ័យនៅក្នុងវិថីសិល្បៈ នាងក៏ជាអ្នករបាំ។

នាងថាខ្លួន​​ចង់សម្ដែងក្នុងភាពយ​ន្តមួយ ដែល​បង្ហាញពីទេពកោសល្យជាអ្នករបាំរបស់ខ្លួន​បែបនេះជាយូរមកហើយ ប៉ុន្តែ មកពីមិនដែលមានភាព​យន្តណាដែលមានសាច់រឿងទាក់ទងនឹង​​​​​អ្នករបាំ ហើយមិនដែលមានការ​ផ្ដល់​ឱកាសអោយនាង​​បានសម្ដែង​​​ជាអ្នករបាំបែបនេះ ទើបនាងយល់ថាភាពយន្តរឿង ​«​​ពិសស្នេហ៍» គឺជាអ្វីដែល​​​ជួយសម្រេចបំណង​អោយខ្លួន។

​កញ្ញា ព្រះកាយច័ន្ទ និយាយថា តាំងពី​​​​​​​តូចមក​ម្ល៉េះដែលនាងគឺជា​សិស្ស​ផ្នែករបាំបុរាណ ​​​ដោយមានរបាំជាច្រើនដែល​​​នាង​ចេះ​រាំ​បានស្ទាត់ ​ខណៈដែលនាង ក៏​បានបញ្ចប់ការសិក្សានៅ​សាលាភូមិន្ទវិចិត្រសិល្បៈ​​លើជំនាញយ៉ាង​ជោគជ័យ ប៉ុន្តែមនុស្សមិនច្រើនបានដឹង ព្រោះដឹងត្រឹមតែថានាងគឺជាពិធីការិនី និងជាតារាសម្ដែង។

នាង​ថា ​ខ្លួនពិតជាសប្បាយ​ បន្ទាប់ពីត្រូវ​​ផលិតករថៃ និងក្រុម​ផលិតនៅ ប៉ុស្ដិ៍​លេខ​៥ ផ្ដល់​ឱកាស​ឲ្យ​សម្ដែង​ជា​តួឯក​ស្រីឈ្មោះ នាងរា​ជនី​ស្ងួន ដែលជា​អ្នក​របាំ ដែល​​ការសម្ដែង​ជាតួអង្គនេះ គឺត្រូវនឹង​ជំនាញជាអ្នករបាំរបស់នាង​​ប្រមាណ​ជិត​​២០ឆ្នាំ នៅក្នុង​​សាលា​វិចិត្រសិល្បៈ​​​តែម្ដង។

នាងថា ​​​​ការសម្ដែងជាអ្នករបាំ មិនមានបញ្ហាចំពោះនាងទេ ប៉ុន្តែអ្វីដែលនាងបារម្ភគឺ ​​​ការ​ប្រើប្រាស់សម្លៀកបំពាក់​បុរាណ ​​និងមកុដដែលនាង​បារម្ភពីការ​​​លើកឡើងថា​ខុសរចនាបទ ឬខុសក្បូនខ្នាតជាដើម។ សាច់រឿងដែលនាងសម្ដែងនោះ គឺតម្រូវអោយនាង​ពាក់មកុដ ដែលជាប្រភេទមកុដរបស់នារី​របាំ​កាលពី​១០០​ឆ្នាំមុន​ ហើយត្រូវលាបមុខអោយស ដោយសារតែនាង​​​គឺជាអ្នករបាំដែលមិនមែនជាមនុស្ស។

​ព្រះកាយ ច័ន្ទ បានអះអាងថា រាល់​ក្បាច់រចនា​របស់មកុដ និងឈុត គឺ​ត្រឹមត្រូវ​តាម​ទម្រង់​បុរាណ​ទាំងអស់ ប៉ុន្តែ​​មកុដដែលខ្លួនប្រើមកថតនោះ គឺតូច​ជាង​ក្បាលបន្តិច ទើបនាងប្រាប់ថា បារម្ភខ្លាចរឿង​​អ្នកលើកឡើងពីស្ដង់ដារ។ ព្រះកាយ​ច័ន្ទ ​​ប្រកាសថា ខ្លួន​ស្វែងរកមកុដ​​ទម្រង់បុរាណ​នេះ​​យ៉ាង​លំបាក​​​​​​​ដើម្បី​ប្រើសម្រាប់ថត ដោយត្រូវស្វះស្វែងខ្ចី​​​​ពី​គ្រូ និងពី​អ្នកអង្គម្ចាស់​មួយរូប​ទម្រាំបាន។ ​

ពាក់ព័ន្ធ​នឹង​ការ​រាំ​របាំ​វិញ​ ព្រះកាយ ច័ន្ទ ប្រកាសថា នា​​ងខានរាំរបាំ​​៧​ឆ្នាំហើយ​ ប៉ុន្ដែ​នាងនៅតែ​​​គ្មាន​ការបារម្ភ​ចំពោះក្បាច់​រាំរែក និងក្បាច់​មូលដ្ឋាន ដែល​​សុទ្ធតែ​​ជាចំណុចសំខាន់​​នៅក្នុងសាច់រឿងនោះទេ ដោយសារតែនាង​ប្រកាសថា​រយៈពេលជាង១០ឆ្នាំក្នុង​ការសិក្សាគឺនាងចេះស្ទាត់។ នាងក៏បានប្រកាសថា​ នឹងខំ​ប្រឹងប្រែង​សម្ដែង នឹង​ហ្វឹកហាត់​អោយបានល្អ ដើម្បីអោយការសម្ដែងជាតួអ្នករបាំផ្លូវការរបស់ខ្លួនទទួលបានការ​គាំទ្រពេញទំហឹង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ