ម្ចាស់អាជីវកម្មមួយចំនួនថា តម្លៃអង្ករនៅភ្នំពេញមិនមានការប្រែប្រួលទេ

អ្នកលក់អង្ករមួយកន្លែង នៅផ្សារធំថ្មី ក្រុងភ្នំពេញ (រូបភាពដោយ៖ ណាត សុភាព)

ម្ចាស់អាជីវកម្មមួយចំនួន​នៅរាជធានីភ្នំពេញអះអាងថា តម្លៃអង្ករដែលពួកគេលក់សព្វថ្ងៃមានតម្លៃធម្មតា មិនមានអ្វីប្រែប្រួលទេ បើទោះបីជាសហភាពអឺរ៉ុបបានសម្រេចយកពន្ធពីកម្ពុជាលើផលិតផលនេះក៏ដោយ។​

កាលពីថ្ងៃទី១៦ ខែមករា សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធអង្ករ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​ និង​ប្រទេស​ភូមា​ នៅ​រយៈ​ពេល ៣​ឆ្នាំជាប់​គ្នា ទៅ​តាម​សំណើ​បណ្ដា​សមាជិក​ដែល​ជា​ប្រទេស​ផលិត​អង្កររបស់ខ្លួន ដោយ​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃទី១៨ ខែមករា​​នេះ​តទៅ។

ក្រោយការសម្រេចរបស់សហភាពអឺរ៉ុប កសិករ ឈ្មួញទិញស្រូវ និង អ្នកស្រាវជ្រាវមួយចំនួនបានបង្ហាញពីការព្រួយបារម្ភពីការធ្លាក់ចុះតម្លៃស្រូវ។​ កសិករនៅតាមបណ្តាខេត្តមួយចំនួន​បានប្រាប់វីអូឌីថា តម្លៃស្រូវពួកគាត់លក់បានតម្លៃថោកគឺពី៧០០រៀលទៅ១០០០រៀល។​

ទោះយ៉ាងណាក្រុមការងាររបស់ វីអូឌី បានចុះទៅសាកសួរកន្លែងលក់អង្ករមួយចំនួនក្នុងរាជធានីភ្នំពេញនៅថ្ងៃសុក្រនេះ ពួកគាត់តម្លៃអង្ករមិនមានអ្វីប្រែប្រួលទេ។​

លោក សុខ ចំរើន ម្ចាស់​ហាងលក់អង្ករបោះដុំ និងរាយនៅជិតរ៉ារទេះភ្លើង ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រូបភាព៖ ណាត សុភាព

ម្ចាស់​ហាងលក់អង្ករបោះដុំ និងរាយនៅជិតរ៉ារទេះភ្លើង ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ លោក សុខ ចំរើន បានរៀប​រាប់ថា អង្ករផ្កាផ្ញី រំដួល និងផ្កាម្លិះទម្ងន់៥០គីឡូក្រាម (មួយបេ) តម្លៃចន្លោះពី៣០ទៅ៤០ដុល្លារ គឺតម្លៃធម្មតា។​

លោកមានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះអត់មានអ្វីជ្រួលច្របល់ទេ គឺអ្នកហូប អ្នកញាំធម្មតា ម៉ូយតាមផ្ទះ ធម្មតាដល់ខែគាត់ហៅ​ អស់អង្ករបានហៅ ហើយតម្លៃថ្លៃថ្នូរ ក៏យើងអត់ឡើងខ្ពស់ច្រើនដែរ ខុសត្រូវ​តែមួយដុល្លារ ពីរដុល្លារ​ចឹង»។

អ្នកលក់អង្ករនៅផ្សារធំថ្មី អ្នកស្រី សេង ងីម និយាយថា កន្លែងគាត់តម្លៃនៅធម្មតា ហើយអ្នកស្រីស្នើឲ្យមានការប្រែប្រួលនាំឲ្យពិបាកទាំងអ្នកទិញ និងអ្នកលក់ដូចជារូបគាត់។​

អ្នកស្រី សេង ងីម អ្នកលក់អង្ករនៅផ្សារធំថ្មី។ រូបភាព៖ ណាត សុភាព

អ្នកស្រីនិយាយថា៖ «ធ្វើម៉េច​ឲ្យសមរម្យទៅ ​ងាយ​ស្រួលឲ្យយើងរកស៊ី ងាយស្រូលភ្ញៀវមក គ្នាទិញក៏មានទឹកចិត្តចង់ទិញដែរ ខ្ញុំនៅពេលឡើងថ្លៃរហូត ខ្ញុំក៏ពិបាកលក់ដែរ​»។

ឈរទិញអង្ករនៅម្តុំផ្សារថ្មី អ្នកស្រី ថន សារ៉េន បានរៀប​រាប់ថា គាត់មិនចាប់អារម្មណ៍នឹងប្រទេសលោកសេរីកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនាំអង្ករពីកម្ពុជាទៅក្រៅប្រទេសទេ ប៉ុន្តែអ្នកស្រីស្នើរដ្ឋាភិបាលធានាតម្លៃអង្ករឲ្យបានសមរម្យងាយស្រួលដល់អ្នកទិញដូចជារូបគាត់ និងកសិករអ្នកដាំដុះ។

អ្នកស្រី ថន សារ៉េន ភ្ញៀវដែលទៅទិញអង្ករនៅហាងមួយកន្លែង នៅម្តុំផ្សារថ្មី។ រូបភាព៖ ណាត សុភាព

អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ លោក​ ស្រី វុឌ្ឍី មាន​ប្រសាសន៍​ថា ​កម្ពុជា​បាន​តៀម​រួច​ហើយ​ដើម្បី​ទប់ទល់​នឹង​ការ​គិត​ពន្ធ​អង្ករ​របស់​សហភាព​អឺរ៉ុប​នេះ ដើម្បីកុំប៉ះដល់ទីផ្សារក្នុងស្រុកនិងទីផ្សារនាំចេញ។​ លោកថា វិធីសាស្ត្រនោះរួមមាន ការ​សម្លឹង​រក​ទី​ផ្សារ​បន្ថែម ការ​ពង្រឹង​ប្រព័ន្ធ​ធារាសាស្ត្រ បញ្ចុះ​តម្លៃ​អគ្គិសនី និង​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ជា​ដើម។

លោក​ថា៖ «កន្លង​មក​អាមេរិក​ធ្លាប់​កាត់ ​GSP កាត់​អី​អស់ ហើយ​គេ​ប៉ាន់​ថា ​កម្ពុជា​ហ្នឹង​ដួល​ហើយ ការ​ពិត​មិន​មែន​ដួល​ឯណា​។ មក​ដល់​ថ្ងៃ​នេះ​នៅ​ឈរ​រឹង​តើ! ហើយ​ខ្ញុំ​គិត​ថា ​កាល​ណា​យើង​ទោរទន់​ទៅ​លើ​អ្វី​ដែល​គេ​ជួយ​ហ្នឹង ​យើង​អត់​រឹង​មាំ​ទេ »។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​លើក​ឡើង​កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ​ថា ការ​សម្រេច​យក​ពន្ធ​នាំ ចូល​អង្ករ​ពី​កម្ពុជា​នេះ ​វា​​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​កសិករ​កម្ពុជា​ប្រមាណ៣លាន​នាក់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ឧស្សាហកម្ម​មួយ​ចំនួន​ទៀត​ផង​ដែរ។

កម្មករជញ្ជូនអង្ករ សម្រាប់ដឹកទៅឲ្យអតិថិជន និងចែកចាយទៅហាងម៉ូយផ្សេងទៀត។ រូបភាព៖ ណាត សុភាព
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ