នៅខាងក្រោយខ្នងការសម្ដែង តួម្ដាយ២រូប ​ពិតជាកម្សត់

តារាសម្ដែងអ្នកស្រី អ៊ឹម ផល្លារ​ និងអ្នកស្រី ញឹម សុខា ក្នុងកម្មវិធីជប់លៀងសម្ពោធភាពយន្តរឿង​ «​​​​កញ្ញាជើងខ្លាំង» របស់​ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ​៥ ។ រូបភាព៖ វង្ស សុម៉ាលីន

មានការចាប់អារម្មណ៍មិនតិច​ទេ បន្ទាប់ពីតួអង្គម្ដាយ​​២រូប​ដែលត្រូវគេកត់សម្គាល់ថា​​​​ មានស្នាដៃ​សម្ដែង​រឿង​​រាប់មិនអស់​​ប្រមាណជាង​២០ឆ្នាំមកហើយ ដែលបានអះអាងថា ​នៅ​ពីក្រោយ​ខ្នងនៃ​​ការសម្ដែង​ខ្លួន​​កម្សត់ដាច់ឆ្ងាយពីក្នុងសាច់រឿង ដោយពុំមាន​​​ផ្ទះសម្បែង​ផ្ទាល់ខ្លួន។

តារាសម្ដែង​អ្នកស្រី ញឹម សុខា និងអ្នកស្រី អ៊ឹម ផល្លារ បញ្ជាក់ថា ​ខ្លួនសម្ដែង​​​​ប្រមាណជាង​​​២០ឆ្នាំ ​​បានត្រឹមតែល្អមើល​​ប៉ុណ្ណោះ ដែលបញ្ហានេះ គឺដោយសារតែតម្លៃខ្លួន​​​ដែលបានទទួលពីការសម្ដែងមិនត្រូវបាន​​ផលិតករ​​​​​​​​ផ្ដល់​​ឲ្យ​ខ្ពស់។

អ្នកស្រី ញឹម សុខា ដែល​​ទើបបញ្ចប់ការសម្ដែងភាពយន្តរឿង​ «​​​​កញ្ញាជើងខ្លាំង» របស់​ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ​៥ បានអះអាងក្នុងពិធី​​​ជប់លៀងបិទសកម្មភាព​រឿងនេះ កាលពីយប់ថ្ងៃទី១៩ មករា ថា អ្នកស្រី​​គ្រាន់តែជាតួសម្ដែង​មួយរូបដែលរស់នៅ​ផ្ទះជួលក្នុង​​​​​តម្លៃ​​​៧០៨០ដុល្លារ នៅម្ដុំ​​បឹង​សាឡាង ហើយខែខ្លះ​​រកតែ​លុយ​បង់ថ្លៃបន្ទប់មិនគ្រាន់​ផង។ អ្នកស្រី​​​រស់ក្នុងសភាពបែបនេះប្រមាណ​​១៥ឆ្នាំហើយ ដោយ​​​​ក្រៅពីចិញ្ចឹម​​ខ្លួន ក៏មានបន្ទុកជួយចិញ្ចឹម​កូន​​ចៅ​​​​មួយចំនួនផង។

តារាសម្ដែងអ្នកស្រី អ៊ឹម ផល្លារ​ និងអ្នកស្រី ញឹម សុខា ក្នុងកម្មវិធីជប់លៀងសម្ពោធភាពយន្តរឿង​ «​​​​កញ្ញាជើងខ្លាំង» របស់​ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ​៥ ។ រូបភាព៖ វង្ស សុម៉ាលីន

​អ្នកស្រី ញឹម សុខា ពន្យល់ថា​​ ហេតុផលដែល​ខ្លួនសម្ដែងច្រើនឆ្នាំ តែនៅតែ​​​ពិបាក គឺមិនមែនដោយសារខ្ជះខ្ជាយទេ ប៉ុន្តែគឺបណ្ដាលមកពីការសម្ដែងកន្លងមកបាន​​ថោក​​​​សឹងមិនអាចនិយាយបាន។ ​​​​​​អ្នកស្រី​ថា ជាង១០ឆ្នាំកន្លងមក ​ផលិតករ​​​ឲ្យថ្លៃថតមួយថ្ងៃតែ១០ដុល្លារ និង​​​​ខ្លះ​​៥ម៉ឺនរៀល ឬ​​២០ដុល្លារ​ប៉ុណ្ណោះ ដោយ​ឲ្យតែហ៊ានតែ​សុំឡើងជាងនេះ គឺមិនយក​​​​ឲ្យថតតែម្ដង ទើប​អ្នកស្រី​​ដែលត្រូវ​ការ​លុយ​​​​ដើម្បី​​បង្គ្រប់​កង្វះខាត​ផង គឺ​​បានប៉ុន្មានក៏ត្រូវតែ​​ថត។ អ្នកស្រីថា ខ្លួនទើបតែមានឱកាស​ថត​បានមួយរឿង​​៥០០ដុល្លារ ទៅ​​​១ពាន់​ដុល្លារ ក្នុងប៉ុន្មានរឿងចុងក្រោយ​ឲ្យប៉ុស្ដិ៍លេខ​​៥ប៉ុណ្ណោះ ខណៈដែល​​​​តម្លៃដែល​​​ត្រូវទទួលបាន​នេះ ​គឺទាល់តែ​​​​៣ទៅ​​៤ខែ​​ទើប​បាន​។ អ្វីដែលសំខាន់​​​គឺតម្លៃមិន​ខ្ពស់ដែល​អ្នកស្រី​ធ្លាប់​ទទួលបាននេះ ​មិនត្រូវបាន​​​​ផលិតករ​​ភាគច្រើន​​ហៅឲ្យថតទៀត ដោយ​​​​ផលិតករខ្លះសុខចិត្ត​​យក​តួថ្មីៗ ឲ្យ​តែងខ្លួនធ្វើចាស់ ដោយអះអាងថា ​​​​​គេស៊ីថ្លៃទាប​ជាងតួ​ជំនាន់អ្នកស្រី។

​អ្នកស្រី ញឹម សុខា មានប្រសាសន៍ថា៖​​ «​​​តួគេក្មេងៗ គេ​សម្ដែងបានថ្លៃ ហើយមានគេ​​អាណិតគេស្រឡាញ់​​ឧបត្ថម្ភ​​នេះនោះ បើតួ​ម៉ែៗដូចខ្ញុំ​មានអី គឺ​​ថតមួយថ្ងៃ​បាន​​ថោកៗ​​ហើយ ​ស្អីក៏ទិញខ្លួន​ឯង​ដែរ ដល់អញ្ចឹង​ចង់ភ័យខ្លាចតែឈឺទៅ ​អត់​លុយមើលខ្លួនទេ បើរាល់ថ្ងៃ​​បានតែរស់ និង​បង់​​ថ្លៃផ្ទះជួលចឹង​!»។

​​​អ្នកស្រី អ៊ឹម ផល្លារ ​​ដែលត្រូវគេឃើញច្រើន​ក្នុងតំណែង​​ជាតួអ្នកបម្រើ ​និងមេដោះ រឹតតែបង្ហាញពី​​​​​ភាពកម្សត់ក្រោយឆាក។ អ្នកស្រីថា ​​ជាង​​២០ឆ្នាំ​​កន្លងមក ​អ្នកស្រី​ថតកុនសម្រាប់តែ​​រកលុយ​មកជួលបន្ទប់​​តម្លៃ​​៥០ដុល្លារជាន់ខាងលើនៅ​ផ្សារតាប៉ាង ដើម្បី​​​​រស់នៅប៉ុណ្ណោះ ខណៈដែលស្ថានភាពនេះ​បើ​កុំតែបាន​ម្ចាស់ផ្ទះ​ ​យោគយល់​ផង ប្រហែលជាត្រូវ​​ម្ចាស់ផ្ទះ​ដេញចេញមិនដឹងមួយថ្ងៃប៉ុន្មានដងនោះទេ។

​​​អ្នកស្រី អ៊ឹម ផល្លារ មានប្រសាសន៍ថា​ ​តួ​ម្ដាយ​ចាស់ៗដូចជាអ្នកស្រី សុំតម្លៃខ្លួនត្រឹមតែមួយថ្ងៃ​​​៣៥ ឬ​៤០ដុល្លារ គឺមិនបាននោះឡើយ ដោយ​​ផលិតករភាគច្រើន​​គ្រាន់តែអ្នកស្រី​​​​តវ៉ាសុំ​​​តម្លៃដែលបាន​​​​បញ្ជាក់ខាងលើ គឺឈប់ហៅថតតែម្ដង។ អ្នកស្រីថា ​​​​​មានផលិតករនៅប៉ុស្ដិ៍លេខ​​​៥​ប៉ុណ្ណោះ ដែល​​អាណិតអ្នកស្រី​ ហើយហ៊ាន​ឲ្យ​អ្នកស្រី​ក្នុងមួយថ្ងៃ​​៥០ដុល្លារ ​​ប៉ុន្តែ​​ក៏ទើបតែបានថត​​ក្នុងប៉ុន្មានរឿង​ចុងក្រោយដែរ ទើបអ្នកស្រីថា បើ​​តម្លៃខ្លួន​​ទទួលបាន​​​៥០នេះ ហើយមាន​ផលិតករ​ហៅថត​ឲ្យច្រើន​​ឲ្យញឹក គឺពិតជាអ្នកស្រីរស់បាន។

​​​​អ្នកស្រី អ៊ឹម ផល្លារ បានបន្តថា ​​ខ្លួន​​ចេញថតរាល់លើក គឺអាច​​រស់បាន​ដោយសារតែមាន​​​​​បងប្អូនអ្នកសិល្បៈ​​​​​ជូនលុយជូនកាក់ និង​​ឲ្យខោអាវចាស់ៗស្លៀកថតប៉ុណ្ណោះ បើរំពឹង​យកលុយពី​ការថត​កុន​​​​​​​​មក​ទិញ គឺ​ដឹងតែដាច់បាយតែម្ដង។ អ្នកស្រីទទូចអោយ​ផលិតករ​ជួយ​ផ្ដល់​ការងារ​អោយតួចាស់ៗ​អោយបានច្រើន​​ ដោយអ្នកស្រី​ប្រកាសថា​​ បើកុំតែបាន​ផលិតករ​​ប៉ុស្ដិ៍លេខ​​​៥​​​ហៅ​អោយថតក្នុងប៉ុន្មានរឿង​​ចុងក្រោយ គឺពិតជា​ដាច់បាយ​​តែម្ដង។

ជាមួយនឹងការបង្ហើបឲ្យដឹង​ពីស្ថានភាព​នៅក្រោយខ្នងនេះ ទើប​គេកត់សម្គាល់ថា តារាសម្ដែងចាស់ៗ​​ ​រមែង​​​ជួប​បញ្ហាជីវភាព នៅក្រោយពេលធ្លាក់ខ្លួនឈឺ ហើយសម្ដែងលែងកើត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ