អ្នកគ្រូ គង់ ណារី ទទួលមរណភាព​ទាំងមិនបានសម្រេចបំណង​​តូចមួយ

ទីតាំងពីធិបុណ្យសពរបស់អ្នកគ្រូ គង់ ណារី។ រូបភាព៖ វង្ស សុម៉ាលីន

​​​វិរៈសិល្បការិនីជើង​​ចាស់ល្បីឈ្មោះ អ្នកគ្រូ គង់ ណារី បានទទួលមរណភាព​​យ៉ាង​គួរឲ្យសោកស្ដាយ​បំផុត​ ​​​កាលពីរសៀលថ្ងៃទី​​២០ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីបាន​ចូលសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ​ព្រះ​កុសុមៈអស់ច្រើនថ្ងៃ ​​ដោយជំងឺក្រិនថ្លើម និងទាចទឹក។​       

អ្នកគ្រូ​ គង់ ណារី បានទទួលមរណភាព​ដោយមិន​បានសម្រេច​បំណង​ប្រាថ្នាតូចមួយ ដែលអ្នកគ្រូទទូចចង់​ធ្វើ​ឲ្យខានតែបាន មុនពេល​​​ទទួលមរណភាព។

លោក​ សន សុវណ្ណារ៉ា ​​កូនសិស្សជំនិតរបស់អ្នកគ្រូ គង់ ណារី ដែលត្រូវគេដឹងថា ​ចេញ​ចូលមើលថែជំងឺអ្នកគ្រូ​តាំងពីមុនអ្នកគ្រូទទួលមរណភាព ​បានអះអាងថា ​មុលពេលចែកឋាន​អ្នកគ្រូ​​​​​​រមែងទទូច​​​ចង់ទៅវត្ត ដោយអ្នកគ្រូប្រាប់ថា​ ចង់យក​ចង្ហាន់​ទៅប្រគេនព្រះសង្ឃ យ៉ាងហោចឲ្យបានម្ដង​​​​ពេលមុន​ផុតដង្ហើម។ លោកថា អ្នកគ្រូរំអុកហើយរំអុកទៀត ​រឿងចង់ទៅវត្ត ដោយក្រៅពីប៉ងចង់​យកចង្ហាន់​ទៅប្រគេនព្រះសង្ឃ ក៏ចង់​ថ្វាយផ្កានៅចំពោះមុខ​​ព្រះ​​ពុទ្ធបដិមា​ផងដែរ។

​​​​​លោក ​សន សុវណ្ណារ៉ា យល់ថា ​គឺជារឿងសោកស្ដាយដែលអ្នកគ្រូមិនអាចសម្រេច​បំណង​​ប្រាថ្នានេះ។ ​​​​​​មុនពេល​​ទទួលមរណភាព​ អ្នកគ្រូនៅមានស្មារតីរឹងប៉ឹង​​ប៉ុណ្ណោះ ដោយលោកបានទាំង​រំពឹងថា ​អ្នកគ្រូនឹងអាច​ធូរស្រាលបាន​​បន្តិច ហើយអាចទៅ​វត្តបាន​ម្ដងមុន​​ដង្ហើមចុងក្រោយ ព្រោះតែ​បំណងប្រាថ្នានោះ លោកថាគឺជារឿងតូចតាច សំខាន់ឲ្យតែអ្នកគ្រូក្រោកបានបន្តិច។ លោកថា ​​​​​អ្នកគ្រូអត់មានកូនចៅទេ ​គឺមានតែប្អូន​​ៗ ​​​​ខណៈដែលលោក​ក៏ត្រូវ​អ្នកគ្រូ​បណ្ដាំផ្ញើឲ្យ​​ចេញមុខ​ជំហរ​ធ្វើបុណ្យឲ្យផង ​​​​នៅពេលដែលអ្នកគ្រូបាត់បង់ជីវិត។

​​មិនខុសគ្នាដែរ លោក កែន ឧត្តមវាសនា ដែលជាតារាសម្ដែង និងជាកូនសិស្សរបស់អ្នកគ្រូមួយរូបដែរ បានអះអាងថា ​​កាលពីប៉ុន្មានថ្ងៃមុន​ លោកទើបតែបានចូលទៅ​សួរសុខទុក្ខអ្នកគ្រូនៅក្នុងមន្ទីរពេទ្យ​​​ប៉ុណ្ណោះ ​ហើយ​​​អ្នកគ្រូបានទទូចសុំដូចគ្នាសុំឲ្យលោក​ជូនអ្នកគ្រូទៅវត្ត​ ដោយ​លោកបានទាំង​​​​សន្យាថា នឹង​​​​​​ដឹកអ្នកគ្រូយកទៅ​វត្តតាមការស្នើសុំ នៅពេលអ្នកគ្រូ​មានកម្លាំង​កំហែងបានបន្តិច។ លោកថា​ ជារឿងសោកស្ដាយដែល​​​បំណង​ប្រាថ្នាតូចមួយមិនអាចសម្រេចអោយអ្នកគ្រូបាន ក្នុងពេលដែលលោកក៏មិនចង់ជឿថា​អ្នកគ្រូ គង់ ណារី ដែលមាន​​​​ស្មារតី​រឹងប៉ឹង និង​មិនសូវ​​ទ្រុឌទ្រោមខ្លាំង​មុន​​​​ទទួល​មរណភាព ​ស្រាប់តែ​ផុត​ដង្ហើម​លឿន​ដល់ម្លឹង។

​​​គួរបញ្ជាក់ផងដែរថា អ្នកគ្រូ គង់ ណារី គឺ​ជា​អតីត​​​គ្រូបង្ហាត់សិល្បៈប្រចាំនៅ​ក្នុងវិទ្យាល័យវត្តកោះ ដោយអ្នកគ្រូ​មានជំនាញបង្ហាញ​ផ្នែក​​របាំ ពិធីករ ​ចម្រៀង និង​កំណាព្យ ហើយបាន​​​​​​បណ្ដុះតារា​សិល្បៈជាច្រើន​រូប​ឲ្យក្លាយជាតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងជាពិសេស​លើជំនាញ​ចម្រៀង និងពិធីករ​ ដូចជា កញ្ញា ទូច ស៊ុននិច អ្នកនាង ម៉េង  កែវពេជ្ជតា និង​​​​លោក អ៊ឹង រដ្ឋា ហៅ​​នាយទុយជាដើម។ អ្នកគ្រូ​​ធ្លាក់ខ្លួនឈឺធ្ងន់ច្រើនខែមកហើយ ដោយទើបតែ​​មានសភាពធ្ងន់កាលពីរង្វង់​​២ខែចុងក្រោយ ហើយ​ទទួលមរណភាពកាលពី​រសៀលថ្ងៃទី​២០ ខែមករា ខណៈដែលសពអ្នកគ្រូនឹង​​​​កំណត់​បូជានៅថ្ងៃពុធទី​២៣ ខែមករា វេលាម៉ោង​៩យប់​ នៅបរិវេណ​វត្តស្រះចក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ