អាជ្ញាធរ ​អនុញ្ញាតឲ្យប្រើផ្នែក​​មួយនៃសួនប្រជាធិបតេយ្យដាក់គ្រឿងសំណង់​ស្ដារប្រព័ន្ធលូ

ក្រុមពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តផ្សេងៗ ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យថ្មី ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ឃុត សុគន្ធ)

សាលារាជធានីភ្នំពេញ អនុញ្ញាត្ត​ឲ្យក្រុម​ហ៊ុន​ម៉ៅការសាងសង់​ជប៉ុន​ យកផ្នែកមួយ​នៃ​សួន​ប្រជាធិបតេយ្យថ្មីប្រើប្រាស់រយៈពេល​៣ឆ្នាំ ជាទីធ្លាសម្រាប់​ទុកដាក់គ្រឿង​សំណង់ក្នុងការអនុវត្តគម្រោងស្ដារប្រព័ន្ធប្រឡាយ-លូ ​។ 

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាល​រាជធានីភ្នំពេញចុះកាលពីម្សិលមិញបានឲ្យដឹងថា ក្រុមហ៊ុនម៉ៅការសាងសង់​ជប៉ុន​ TOA Corporation បានឈ្នះការដេញថ្លៃអនុវត្តន៍គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី៤​​​ ដែលជាជំនួយឥតសំណងពីប្រទេសជប៉ុន។ ប្រភពដដែល​ បន្ថែមថា ក្រុមហ៊ុននេះ នឹង​​រៀបចំព័ទ្ធរបងស័ង្កសី ដើម្បីសាងសង់ការិយាល័យការដ្ឋាន ឃ្លាំង និងទីធ្លាទុកដាក់សំណង់នៅប៉ែកខាងជើងសួនប្រជាធិបតេយ្យថ្មីនៅខណ្ឌឫស្សីកែវ ចាប់ពីខែមករានេះតទៅ លើទំហំ ៤០៥០ម៉ែត្រការេដោយប្រើប្រាស់រយៈពេល៣ឆ្នាំ។  

មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណាបានប្រាប់សារព័ត៌មានវី.អូ.ឌីថា ការផ្លាស់ប្ដូរទីលានប្រជាធិបតេយ្យទៅទីតាំងថ្មីនេះមានការមិនពេញចិត្តពីសង្គមស៊ីវិល និងប្រជាពលរដ្ឋរួចទៅហើយ បើដាក់ការដ្ឋានទុកដាក់សំណង់នៅទីនោះនឹងធ្វើឲ្យមានផលរំខានដល់ការជួបជុំរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល។ 

លោកមានប្រសាសន៍ថា៖ «វាប៉ះពាល់បើសិនជាមានការជួបជុំ ការប្រមូលផ្ដុំមនុស្សច្រើនតែបែរជាមានការដាក់នូវសម្ភារៈផ្សេងៗ។ វាទើសទាល់ចង្អៀត មានការរំខានធ្វើឲ្យអ្នកចូលរួមមិនអាចបញ្ចេញមតិយោបល់ឲ្យបានល្អប្រសើរទេ»។ 

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដីបានប្រាប់សារព័ត៌មានវី.អូ.ឌី ថា ការប្រើប្រាស់សួនប្រជាធិបតេយ្យថ្មី សម្រាប់​ដាក់គ្រឿងសំណង់​ទាំងនោះមិនមានផលប៉ះពាល់អ្វីទេ។ លោកបន្តថា សួននេះនៅតែ​អាចប្រើ​ប្រាស់​បាន​ដដែល ដោយ​ថា​ក្រុមហ៊ុនប្រើវាតែមួយផ្នែកប៉ុណ្ណោះ។ 

លោកមានប្រសាសន៍ថា៖ «ទីលាននេះនៅដំណើរការដដែល អត់មានអីទេគ្រាន់តែជាចំណែកមួយដើម្បីធ្វើទីតាំងបណ្ដោះអាសន្នសម្រាប់អនុវត្តគម្រោងការពារទឹកជំនន់ជំហាន៤»។ 

កាលពីឆ្នាំ២០១៧កន្លងទៅ សាលារាជធានីភ្នំពេញបានសាងសង់សួនប្រជាធិបតេយ្យថ្មីមួយដែលមានទីតាំងប្រមាណជាង៦គីឡូម៉ែត្រពីរាជធានីភ្នំពេញជំនួសកន្លែងចាស់ដើម្បីផ្ដល់លទ្ធភាពឲ្យមនុស្សច្រើនពាន់នាក់ប្រមូលផ្ដុំ និងសម្ដែងមតិ៕​ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ