ក្រសួងព័ត៌មាន គ្រោង​បង្កើតកម្មវិធីផ្សាយផ្ទាល់លើទូរទស្សន៍ជាតិប្រឆំាងព័ត៌មានក្លែងក្លាយ

រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ (រូបភាព៖ វេបសាយក្រសួងសារព័ត៌មាន)

ក្រសួងព័ត៌មានគ្រោង​បង្កើតកម្មវិធីផ្សាយផ្ទាល់នៅលើទូរទស្សន៍ជាតិកម្ពុជា ដោយថាដើម្បីប្រឆំាងព័ត៌មានក្លែងក្លាយ និង​ទប់ស្តាត់កុំអោយប្រជាពលរដ្ឋភ័ណ្ឌច្រលំខុសពីការពិត នាំឲ្យមានចលាចលក្នុងសង្គម។ 

ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាននៅថ្ងៃទី២១ ខែមករា រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធមានប្រសាសន៍ថា ក្រសួងនឹងបង្កើតកម្មវិធីពិសេសផ្សាយផ្ទាល់នៅទូរទស្សន៍ជាតិកម្ពុជាក្នុងរយៈពេលមួយម៉ោង ដោយ​អញ្ជើញ​វាគ្មិនពាក់ព័ន្ធមកបកស្រាយពន្យល់រាល់ព័ត៌មិនពិតក្លែងបន្លំទំាងឡាយ ដែលធ្វើឲ្យចលាចលនៅក្នុងសង្គម។ លោកបញ្ជាក់ថា ដើមចមដែលនាំឲ្យក្រសួងបង្កើតកម្មវិធីនេះ ដោយសារ​បច្ចុប្បន្នព័ត៌មានមិនពិតបានកើតឡើងច្រើន ជាពិសេសក្រុម​អ្នកប្រឆាំងមួលបង្កាច់ បង្ខូច មកលើរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋយល់ខុសពីការពិត នឹង​ឲ្យប៉ៈពាល់ដល់កិត្តិយសអ្នកដ៏ទៃជាដើម។ 

ទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនោះ មិនបានកំណត់ពីប្រភេទព័ត៌មានបែបណា ដែលថាមិនពិត ឬក្លែងក្លាយនោះទេ។ 

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង មានប្រសាសន៍បន្ថែមថា អំឡុង​ខែកុម្ភៈ ក្រសួងនឹងចាប់ផ្តើម​ដំណើរការកម្មវិធីផ្សាយផ្ទាល់នៅលើទូរទស្សន៍ជាតិកម្ពុជា ដើម្បីបង្កើតជាសារអប់រំ ពន្យល់ប្រជាពលរដ្ឋ ជាពិសេសអ្នកសារព័ត៌មាន ឲ្យបានទូលំទូលាយ ដើម្បីបញ្ចៀសឲ្យផុតពីការផ្សាយព័ត៌មានមិនពិត និងក្លែងក្លាយ។ លោកបញ្ជាក់ថា ព័ត៌មានបែបណាពិត ឬក្លែងក្លាយ អាស្រ័យលើការពិនិត្យលើសកម្មភាពកើតឡើងជាក់ស្តែង។​ 

លោកមានប្រសាសន៍ថា៖ «ឲ្យយើងថាមួយណាជាព័ត៌មានពិត មួយណាជាពត៌មានពិត មួយណាជាព័ត៌​មានក្លែងក្លាយ ត្រង់ថា វាមានឥទ្ធិពលរបៀបម៉េច​ ឧទាហរណ៍ដូចជា ប៉ុន្មានថ្ងៃមុនគេមានសារមួយបង្ហោះថា មានការពាក់ព័ន្ធនឹងការចាប់ខ្លួនឧកញ៉ា គិត ម៉េង ចឹងទៅ។ ឲ្យយើងកំណត់ថា បែបនេះ ឬបែបនោះ ទៅមើលចរិតនៃសារនោះ នៃរូបភាពហ្នឹងបានយើងកំណត់បាន​»។ 

សាស្ត្រាចារ្យផ្នែកព័ត៌មាននៅសាកលវិទ្យាល័យកម្ពុជា​ លោក មឿន ឈានណារិទ្ធ មានប្រសាសន៍ថា ក្រសួងគួរតែកំណត់ប្រភេទនៃព័ត៌មានក្លែងក្លាយ ​និងព័ត៌មានមិនពិតជាសាធារណៈ ដើម្បីបញ្ជៀសបញ្ហាប្រឈមនានាដល់អ្នកសារព័ត៌មាន និងអ្នកចែករំលែកព័ត៌មានបន្ត។  

សាស្ត្រាចារ្យរូបនោះជំរុញទៅអ្នកសារព័ត៌មាន និងអ្នកចែកចាយបន្តត្រូវ​ប្រុងប្រយ័ត្នមុនធ្វើការផ្សព្វផ្សាយព័ត៌មាន ដើម្បីបញ្ចៀសហានិភ័យនានា។  

លោកមានប្រសាសន៍ថា៖ «យើងត្រូវចេះធ្វើការវាយតម្លៃ ប្រភេទនៃព័ត៌មាន ហើយនឹងប្រភេទនៃប្រភពព័ត៌មាន ឲ្យដឹងថា ប្រភពដែលធ្លាប់ផ្តល់ព័ត៌មានឲ្យយើង   ធ្លាប់ផ្តល់បទសម្ភាសន៍ឲ្យយើង ​គាត់ធ្លាប់និយាយខុសដែរឬអត់ គាត់ធ្លាប់និយាយកុហកយើងអត់? គាត់ធ្លាប់យកអ្នកសារព័ត៌មានធ្វើជាឈ្នាន់ដើម្បីវាយប្រហារទៅលើបុគ្គលណាម្នាក់ ឬស្ថាប័នណាមួយឬអត់ បើបុគ្គលនោះជាប្រភពព័ត៌មានដែលល្អ​ ដែលមិនធ្លាប់មានកំហុសឆ្គងកន្លងមក។ ខ្ញុំគិតថា យើងអាចជៀសវាងបាន​នៅប្រភេពពត៌មានក្លែងក្លាយនេះ»។ 

ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា វិធានការរបស់ក្រសួងក្នុងការទប់ស្កាត់ការផ្សព្វផ្សាយ​ព័ត៌មានក្លែងក្លាយ និងមិនពិត ជារឿងល្អដើម្បីឲ្យ​តម្រង់ទិសឲ្យអ្នកសារព័ត៌មានមានវិជ្ជាជីវៈ និងក្រមសីលធម៌ពិតប្រាកដ។ ប៉ុន្តែលោកជំរុញទៅក្រសួងចាត់វិធានការលើអ្នកដែលផ្តើមគំំនិតបង្កើតព័ត៌មានមិនពិត ឬក្លែងក្លាយ ជាជាងចាត់វិធានការលើអ្នកចែកចាយបន្ត។ 

លោកមានប្រសាសន៍ថា៖ «ក្រសួងមានសមត្ថកិច្ចផ្សេងៗ នៅពេលដែលមានវិធានការចំពោះអ្នកណា​ ប្រឌិត ដែលជាមេគំនិត បង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបំផ្លាញ​សង្គម បំផ្លាញវិជ្ជាជីវៈព័ត៌មានឲ្យចំទៅអ្នកហ្នឹង។ បើយើងធ្វើបានទាំងអស់គ្នា យើងអាចទប់ស្កាត់បាន​»។ 

​កាល​ពី​ថ្ងៃ​សុក្រ ទី ១៨ ខែមករា ឆ្នាំ ២០១៨​ ប្រធាន​នាយកដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា លោក ជា ពៅ ​បាន​ជួបប្រជុំជាមួយ​ប្រធាន​ផ្នែក​គោលនយោបាយ​សាធារណៈ​ តំណាង​ក្រុមហ៊ុន​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី ដើម្បី​ជជែក​ពិភាក្សា​គ្នាពី​បញ្ហាមួយចំនួន​។ ក្នុងកិច្ចប្រជុំនោះភាគី​ទាំងពីរ បាន​ឯកភាពធ្វើកិច្ចសហការរួមគ្នាប្រយុទ្ធ​ប្រឆាំង​ការ​ចែក​ចាយ​ព័ត៌មាន​មិន​ពិត​ដែល​បង្ក​ការ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ជាតិ៕​ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ