វិភាគ៖ ខណៈ​កម្ពុជា​ពឹង​ផ្អែក​លើ​ចិន​កាន់​តែ​ខ្លាំង តើ​កំណើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​អាច​ទ្រទ្រង់​បាន​ទេ?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជីនពីង។ (រូបភាព៖ បណ្ដាញសង្គម)

បន្ទាប់​ពី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈ​ពេល ៣​ថ្ងៃ​នៅ​ប្រទេស​ចិន​រួច​មក លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ​នៅ​ថ្ងៃ​នេះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​មហា​អំណាច​​ចិន លោក ហ៊ុន សែន បាន​ជួប​ពិភាក្សា​ជាមួយ​បណ្ដា​មេដឹកនាំ​ចិន​ជាច្រើន​រូប ជាពិសេស​ជួប​ជជែក​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិនភីង និង​នាយករដ្ឋ​មន្ត្រី​ចិន លោក លី ឃឹជាំង។

លោក ហ៊ុន សែន ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោក ហ៊ុន សែន បាន​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេបស៊ុក​ផ្លូវការ​របស់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ចិន​លើក​នេះ មេដឹកនាំ​ចិន​បាន​​សន្យា​ផ្ដល់​ជំនួយ​ឥត​សំណង​ជិត ៦០០​លាន​ដុល្លារ​ដល់​កម្ពុជា​ផង​ដែរ​សម្រាប់​រយៈ​ពេល ៣​ឆ្នាំខាង​មុខ​នេះ។

លោក ហ៊ុន សែន ក៏​បាន​អះ​អាង​ផង​ដែរ​ថា មេដឹកនាំ​ចិន​បាន​ប្ដេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​ឡើង​ដល់​ចំនួន ១០​ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ​២០២៣​ខាង​មុខ ហើយ​ក៏​ផ្ដល់​កូតា​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ដល់​ទៅ​ទំហំ ៤​សែន​តោន​នៅ​ក្នុង​ឆ្នាំ​នេះ។

ជាង​នេះ​ទៅ​ទៀត មេដឹកនាំ​កម្ពុជា​រូប​នេះ​ក៏​បាន​ស្នើ​ទៅ​មេដឹកនាំ​ចិន ឲ្យ​ជំរុញ​វិនិយោគិន​ចិន​បន្ត​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បង្កើត​រោងចក្រ​ថ្មីៗ​ថែម​ទៀត។

បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​អំពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ចិន​រួច​មក វា​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​តែ​ស្ថិត​លើ​ផ្លូវ​ពឹង​ផ្អែក​លើ​ប្រទេស​ចិន​ទាំង​ស្រុង​ឬ​យ៉ាង​ណា? ហើយ​ប្រសិន​បើ​ដូច្នេះ​មែន តើ​កំណើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​អាច​ទ្រទ្រង់​បាន​ដែរ​ឬទេ?

កំណើន​នៃ​ការ​ពឹង​ពាក់​របស់​​សេដ្ឋកិច្ច​កម្ពុជា​ទៅ​លើ​ប្រទេស​ចិន អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​តាម​រយៈ​​របាយការណ៍ ឬ​ក៏​តួលេខ​នានា ដែល​ចេញ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ក្ដី ឬ​ដោយ​ស្ថាប័ន​អន្តរជាតិ​ក្ដី ​នៅ​ក្នុង​រយៈ​យ៉ាង​តិច ១៥​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

របាយការណ៍​នាំ​ចេញ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ចិន​បាន​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ដល់​ទៅ​ជាង ១៧​ម៉ឺន​តោន​នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លង​មក​នេះ ដែល​ធ្វើ​ឲ្យ​ចិន​ក្លាយ​ជា​ទីផ្សារ​អង្ករ​កម្ពុជា​ធំ​លំដាប់​ទីពីរ បន្ទាប់​ពី​សហភាព​អឺរ៉ុប​ដែល​បាន​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ដល់​ទៅ​ជិត ២៧​ម៉ឺន​តោន ហើយ​ចិន​នឹង​ក្លាយ​ទៅ​ជា​ទីផ្សារ​អង្ករ​ធំ​បំផុត​សម្រាប់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ បន្ទាប់​ពី​ចិន​សន្យា​ផ្ដល់​កូតា​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ដល់​ទៅ ៤០​ម៉ឺន​តោន​នោះ។

អង្ករគ្រប់ប្រភេទដែលបានដាក់លក់នៅក្នុងហាងមួយកន្លែង ក្នុងក្រុងភ្នំពេញ។ រូបភាព៖ ណាត សុភាព

​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​ដែល​ចេញ​ដោយ​ធនាគាំរ​ពិភព​លោក​កាល​ពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ បង្ហាញ​ថា ទំហំ​ទុន​វិនិយោគ​ពី​បរទេស​ផ្ទាល់ ឬ​ហៅ​កាត់​ខ្លី​ថា FDI បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ជាមួយ​សន្ទុះ ៣៨.៤​ភាគរយ ឬ​ឡើង​ទៅ​ដល់​ទំហំ ២.៤​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​២០១៨​​កន្លង​មក​នេះ ប៉ុន្តែ ៩០​ភាគរយ​នៃ​ទំហំ​ទុន​វិនិយោគ​នោះ មាន​ប្រភព​មក​ពី​ប្រទេស​ចិន បន្ទាប់​ពី​ទំហំ​ទុន​វិយោគ​ចិន​​មាន​ចំណែក​ដល់​ទៅ ៦០​ភាគរយ​នៃ​ទំហំ​ទុន​វិនិយោគ​សរុប​កាល​ពី​ឆ្នាំ​២០១៧។

នៅ​ខេត្ត​ព្រះសីហនុ​តែ​មួយ​គត់ ធនាគារ​ពិភព​លោក​បាន​រក​ឃើញ​ថា ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ទទួល​បាន​ទុន​វិនិយោគ​ពី​បរទេស​ដល់​ទៅ ២.១​ពាន់​លាន​ដុល្លារ​រួច​ជាស្រេច​ទៅ​ហើយ​នៅ​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​មុន តាម​រយៈ​សំណើ​​សាង​សង់​លំនៅឋាន និង​អគារ​ពាណិជ្ជកម្ម​ប្រហែល ១ ៦០០​គម្រោង​ដែល​ត្រូវ​បាន​អនុម័ត​រួចរាល់​មក​ហើយ។

កំពង់ផែខេត្តព្រះសីហនុ ថ្ងៃទី ២៥ មិថុនា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

ប៉ុន្តែ ធនាគារ​ពិភព​លោក​លើក​ឡើង​ថា ការ​វិនិយោគ​លើ​គម្រោង​សាងសង់​នានា​នៅ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ គឺគ្រាន់​តែ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ដ៏​ខ្លាំង​ក្លា​នៃ​ភ្ញៀវ​ទេសចរ​ចិន​តែ​ប៉ុណ្ណោះ។

នៅ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ឯណោះ​វិញ ភ្ញៀវ​ទេសចរ​ចិន​ដល់​ទៅ​ជិត ២​លាន​នាក់​ហើយ ត្រូវ​បាន​កត់ត្រា​ថា បាន​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក។ របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹង​ថា កម្ពុជា​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ចិន​ដល់​ទៅ​ជាង ៧០​ភាគរយ នៅ​ក្នុង​រយៈ​ពេល ១០​ខែ​ក្នុង​​ឆ្នាំ​២០១៨​កន្លង​មក​នេះ បើធៀប​នឹង​តួលេខ​រយៈ​ពេល ១០​ខែ​ក្នុង​ឆ្នាំ​២០១៧​កន្លង​មក។

ខណៈ​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ស្ថិត​ក្នុង​ទិសដៅ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្លា​នោះ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ពី​ប្រទេស​ចំនួន ៧​ផ្សេង​ទៀត​ ដែល​ធ្លាប់​ជាប់​ក្នុង​ចំណោម ១០​ប្រទេសដែល​មានភ្ញៀវ​ទេសចរ​ចូល​កម្ពុជា​ច្រើន​ជាង​គេ​នោះ បែរ​ជា​ថយ​ចុះ​ទៅ​វិញ។

ភ្ញៀវទេសចរបរទេសមកកំសាន្តក្នុងក្រុងព្រះសីហនុ​ ដើមខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ

មិន​ត្រឹម​តែ​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​នោះ​ទេ ប៉ុន្តែ របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ថា ចិន​ក៏​ជា​ប្រទេស​ផ្ដល់​កម្ចី​ច្រើន​ជាង​គេ​ដល់​កម្ពុជា​ផង​ដែរ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ដទៃ​ទៀត ដែល​កម្ពុជា​ជំពាក់​បំណុល។ របាយការណ៍​​​នោះ បង្ហាញ​ថា កម្ពុជា​បាន​ជំពាក់​បំណុល​ប្រទេស​ចិន​ដល់​ទៅ​ជិត ៧​ពាន់​លាន​ដុល្លារ​រួច​មក​ហើយ​គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៨​កន្លង​មក ដោយ​ចិន​កាន់​កាប់​ចំណែក​បំណុល​សាធារណៈ​របស់​កម្ពុជា​ដល់​ទៅ​ជាង ៤២​ភាគរយ​ឯណោះ​ បើធៀប​នឹង​ម្ចាស់​បំណុល​ដទៃ​ទៀត​របស់​កម្ពុជា។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា លោក គី សិរីវឌ្ឍន៍ បាន​មើល​ឃើញ​ថា និន្នាការ​បែប​នេះ​របស់​ចិន បាន​ចូលរួម​ចំណែក​យ៉ាង​ធំ​នៅ​ក្នុង​កំណើន​រីក​លូត​លាស់​នៃ​សេដ្ឋកិច្ច​កម្ពុជា ខណៈ​ដែល​បណ្ដា​ប្រទេស​លោក​សេរី ពុំ​បាន​បង្កើន​ការ​វិនិយោគ​មក​កម្ពុជា​នោះ​ឡើយ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ទោះជាយ៉ាងណា អ្នក​ជំនាញ​សេដ្ឋកិច្ច​រូប​នេះ មិន​គាំ​ទ្រ​ឲ្យ​មាន​ការ​ពឹង​ផ្អែក​ខ្លាំង​ក្លា​ពេក​ទៅ​លើ​ការ​ចូលរួម​ចំណែក​ពី​ប្រទេស​ចិន ខណៈ​ដែល​មិន​អូស​ទាញ​ការ​គាំ​ទ្រ​ផ្នែក​សេដ្ឋកិច្ច​ពី​បណ្ដា​ប្រទេស​ដទៃ​ទៀត​នោះ​ឡើយ។

លោក គី សិរីវឌ្ឍន៍ មាន​ប្រសាសន៍​ថា​៖ «យើង​អត់​ត្រូវការ​ពឹង​លើ​ចិន​ទាំង​ស្រុង​ទេ​។ ធម្មតាបរទេស គ្មាន​បរទេស​ណា​ដែល​ចង់​ឲ្យ​យើង​លូត​លាស់​ជាង​ប្រទេស​គេ​ទេ មាន​តែ​ខ្លួន​យើង​ទេ​ដែល​ត្រូវ​ការ​លូត​លាស់​ប្រទេស​យើង។ ដូច្នេះ យើង​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​អភិវឌ្ឍន៍​ខ្លួន​ឯង មិន​មែន​ជា​ការ​ពឹង​លើ​បរទេស​ទេ ហើយ​រដ្ឋាភិបាល​ត្រូវ​ត្រៀម​ខ្លួន​។ […] ដូច្នេះ​ កម្ពុជា​ត្រូវ​តែ​រក​វិធី​ដោះ​ស្រាយ​បញ្ហា​នេះ ហើយ​កម្ពុជា​ត្រូវ​តែ​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​វិបត្តិ​ជាមួយ​ចិន។ នៅ​ពេល​យើង​មាន​ទំនាក់​ទំនង​ជាមួយ​ចិន ប្រសិន​បើ​ចិន​ដោះ​ដៃ យើង​នឹង​មាន​បញ្ហា​​ដូច​អាមេរិក និង​អឺរ៉ុប​ដោះ​ដៃ​ដូច​បច្ចុប្បន្ន​អញ្ចឹង»

ខណៈ​ដែល​បង្ហាញ​ក្ដី​បារម្ភ​​​ចំពោះ​និន្នាការ​នៃ​ការ​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​នៃ​សេដ្ឋកិច្ច​កម្ពុជា​ទៅ​លើ​ប្រទេស​ចិន អ្នក​វិភាគ​សេដ្ឋកិច្ច​កម្ពុជា លោក ង៉ែត ជូ បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​កាត់​បន្ថយ​និន្នាការ​បែប​នេះ​សម្រាប់​អនាគត​វែង​ឆ្ងាយ។

លោក ង៉ែត ជូ អ្នកឯកទេសហិរញ្ញវត្ថុ និងការវិនិយោគ

លោក ង៉ែត ជូ មាន​ប្រសាសន៍​ថា​៖ «ជា​ទ្រីស្ដី ដូច​និយាយ​អញ្ចឹង គឺ​ថា គេ​មិន​ដាក់​ពង​មាន់​ក្នុង​កន្ត្រក​តែ​មួយ​ទេ។ យើង​មិន​អាច​ពឹង​ការ​លូត​លាស់​សេដ្ឋកិច្ច​តែ​ទៅ​លើ​ប្រទេស​ណា​មួយ​ទេ។ មិន​ចំពោះ​តែ​ចិន​ទេ ប្រទេស​ណា​ក៏​ដោយ ក៏​យើង​មិន​អាច​ផ្ញើវាសនា​នឹង​ប្រទេស​ហ្នុង​បាន​ទេ។ អញ្ចឹង អ្វី​ដែល​យើង​មាន​នៅ​ក្នុង​បរិបថ​បច្ចុប្បន្ន ហើយ​និង​ជា​ដំណោះ​ស្រាយ​អន្តរកាល រដ្ឋាភិបាល​យើង​គួរ​តែ​ពិចារណា​ធ្វើ​យ៉ាង​ណា​ឲ្យ​សេដ្ឋកិច្ច​យើង​ហ្នឹង កាត់​បន្ថយ​ការ​ពឹង​ពាក់​តែ​ទៅ​លើ​ប្រទេស​តែ​មួយឲ្យ​បាន»

មិន​ត្រឹម​តែ​អ្នក​វិភាគ​សេដ្ឋកិច្ច​ទេ​ដែល​ផ្ដល់​ជា​មតិ​កុំ​ឲ្យ​កម្ពុជា​ពឹង​ផ្អែក​លើ​ចិន​ខ្លាំង​ក្លា​ពេក ឬ​ក៏​ទាំង​ស្រុង​នោះ ធនាគារ​ពិភព​លោក​ដែល​ចេញ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ក៏​បាន​លើក​ឡើង​ថា កំណើន​ដ៏​ខ្លាំង​ក្លា​នៃ​ទំហំ​វិនិយោគ​ចិន​ចូល​មក​កម្ពុជា នឹង​ក្លាយ​ជា​បញ្ហា​ផង​ដែរ ហើយ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ជំរុញ​កម្ពុជា​ឲ្យ​កែ​លម្អ​ចំណុច​មួយ​នេះ។

ធនាគារ​ពិភព​លោក​បាន​ជំរុញ​បែប​នេះ ខណៈ​ដែល​បាន​លើក​ឡើង​ផង​ដែរ​អំពី​តម្លៃ​សេដ្ឋកិច្ច​ដែល​កម្ពុជា​ទទួល​បាន​តាម​រយៈ​ទំហំ​នៃ​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​តំបន់​អាមេរិក​ខាង​​ជើង មាន​ទំហំ​ធំ​ជាង​តំបន់​ទាំង​ពីរ​នេះ នាំ​ចូល​ទំនិញ​មក​កម្ពុជា ដែល​ផ្ដល់​ជញ្ជីង​ពាណិជ្ជកម្ម​វិជ្ជមាន​ដល់​កម្ពុជា។

ធនាគារ​មួយ​នេះ បង្ហាញ​ផង​ដែរ​ថា ផ្ទុយ​ទៅ​វិញ តម្លៃនៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ចិន មាន​ទំហំ​តូច​ជាង​តម្លៃ​នៃ​ការ​នាំ​ចូល​ទំនិញ​ពី​ចិន​មក​វិញ ដែល​ផ្ដល់​នូវ​ជញ្ជីង​ពាណិជ្ជកម្ម​អវិជ្ជមាន​ដល់​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ