ក្រុមអ្នកធ្វើយុទ្ធនាការម្រាមដៃស្អាតនៅបាត់ដំបងបានបង់ប្រាក់ពិន័យពី៥ទៅ១០លានរៀល

អតីតសមាជិកបក្សប្រឆាំង លោក ជា ជីវ (រូបភាព៖ ហ្វេសប៊ុក Chea Chiv)

ក្រុមធ្វើយុទ្ធនាការម្រាមដៃស្អាត៣នាក់នៅក្នុងខេត្តបាត់ដំបង់ ដែលប្រឆាំងការបោះឆ្នោតអាណត្តិទី៦កាលពីឆ្នាំ២០១៨ បានបង់ប្រាក់ផាកពិន័យទៅឲ្យ គ.ជ.ប កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។​

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចុះផ្សាយកាលពីម្សិលមិញ បានឲ្យដឹងថា លោក ជា ជីវ លោក គ្រុយ គឹមសាំង និងលោក ថោង សារឿនបានយល់ព្រមបង់ប្រាក់ពិន័យ ដោយសារពួកគេបានធ្វើយុទ្ធនាការម្រាមដៃស្អាតក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦។

ចំនួននៃការបង់នេះគឺឈ្មោះ ជា ជីវ បង់១០លានរៀល ចំណែកឈ្មោះ គ្រុយ គឹមសាំង និងឈ្មោះ ថោង សារឿន ម្នាក់ៗបង់ចំនួន៥លានរៀល។​ ពួកគេបញ្ជាក់ថា លុយទាំងនេះបានសប្បុរសជននៅក្រៅប្រទេស។​

អតីតប្រធានគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបង ដែល​ត្រូវ គ.ជ.ប ពិន័យជាប្រាក់​១០លាន​រៀល​ លោក ជា ជាវ បានប្រាប់សារព័ត៌មាន វី.អូ.ឌី ថា បើសិនលោកមិនបង់ប្រាក់ពិន័យនោះ លោកនឹងប្រឈមមុខជាមួយតុលាការ។​ លោកបញ្ជាក់ថា លោកមិនមានជំនឿលើប្រព័ន្ធតុលាការនោះទេ  ហើយថវិកាដែលលោកយកទៅបង់នេះ គឺបានមកពីសប្បុរសជនដែលរស់នៅក្រៅប្រទេស។

លោកមានប្រសាសន៍ថា៖ «បើសិនជាយើងមិនបង់ប្រាក់ពិន័យនេះទេ គេនឹងចាត់វិធានការណ៍ផ្លូវច្បាប់គឺប្រព័ន្ធតុលាការ ដូច្នេះខ្ញុំពុំមានសង្ឃឹមសូម្បីតែ១ភាគរយ ថាតុលាការរបស់គេនឹងមានភាពឯករាជ្យនោះទេ»

លោក គ្រុយ គឹមសាំង ដែលត្រូវពិន័យប្រាក់៥លានរៀលមានប្រសាសន៍ស្រដៀងគ្នាថា បើសិនលោកមិនបង់ប្រាក់ពិន័យទៅតាមការកំណត់ គ.ជ.ប នឹងមានវិធានការណ៍ដាក់ទៅតុលាការចាត់ការតាមផ្លូវច្បាប់អាចនឹងជាប់ពន្ធាគារពី១ឆ្នាំ ទៅ២ឆ្នាំ។

លោកមានប្រសាសន៍ថា៖ «បើសិនយើងមិនបង់ឲ្យ គេមានវិធានការណ៍ដាក់ទៅតុលាការអាចចាប់យើងដាក់ពន្ធាគារពី១ឆ្នាំទៅ២ឆ្នាំ ហើយថវិកានេះបានពីប្រធានប្រតិបត្តិការខេត្តរៃអង្គាសពីបងប្អូនមួយចំនួន»

ចំណែកលោក ថោង សារឿន ក៏អះអាងថា មូលហេតុដែលលោកព្រមបង់ប្រាក់នេះមានមូលហេតុដូចលោក ជា ជីវ និងលោក គ្រុយ គឹមសាំង ដែរ។​

មន្ត្រីជាន់ខ្ពស់អង្គការខុមហ្វ្រែល លោក កន សាវ៉ាង្ស លើកឡើងថា ការផាកពិន័យលើអ្នកបញ្ចេញមតិនេះបង្ហាញពីសេរីភាពមានការរឹតត្បិត។​​

ក្រុម​ប្រឹក្សា​ធម្មនុញ្ញកាលពីថ្ងៃ​ទី​១៥​ សីហាបានតម្ដល់​​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ​គ.ជ.ប​ កាលពីថ្ងៃទី៨ ខែសីហា ​របស់ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានសម្រចផ្ដន្ទាទោស​អតីតអ្នកគាំទ្រ​គណបក្សសង្រ្គោះជាតិ​៣នាក់ដែល​ក្នុងនោះមាន ​លោក ​ជា ជីវ ត្រូវពិន័យប្រាក់​១០លាន​រៀល លោក គ្រុយ គឹមសាំង និងលោក ថោង សារឿន ត្រូវបង់ពិន័យ​៥លាន​រៀលក្នុងម្នាក់​ ទាក់​ទងនឹងសំណុំរឿងយុទ្ធនាការម្រាម​ដៃស្អាត​ក្នុងអំឡុងពេលបោះឆ្នោតនីតិកាលទី៦ ឆ្នាំ២០១៨។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ