ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ទម្លាក់ការទទួលខុសត្រូវលើ CNRP ករណី EBA

កិច្ចប្រជុំនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ លេីប្រធានបទសេចក្ដីព្រាងច្បាប់ថវិការជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ រូបភាព៖ លេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បានទាមទារឲ្យសហគមន៍អន្ដរជាតិពិចារណាឡើងវិញចំពោះការព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាហើយថា នោះកើតឡើងដោយសារមានការញុះញង់ពីគណបក្សសង្គ្រោះជាតិ។​

ក្នុងសេចក្ដីថ្លែងការណ៍កាលពីម្សិលមិញ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ គឺគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានប្រតិកម្មចំពោះសហគមន៍អឺរ៉ុបដែលបានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា និងការយកពន្ធគយលើស្រូវអង្ករកម្ពុជា។ គណបក្សមួយនេះហៅការដាក់ទណ្ឌកម្មរបស់សហគមន៍អឺរ៉ុបថា ធ្វើឡើងតាមការញុះញង់របស់គណបក្សសង្គ្រោះជាតិ និងកំពុងសម្លាប់ការងាររបស់ពលរដ្ឋកម្ពុជា។

ប្រធានប្ដូរវេននៃឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ លោក ម៉ម សូណង់ដូ ក៏ស្នើសុំឲ្យសហគមន៍អឺរ៉ុបពិចារណាឡើងវិញពីវិធានការរបស់ខ្លួនមកលើកម្ពុជាផងដែរ ដោយលោកបារម្ភថា វានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នករងគ្រោះ។ លោកថា ដើម្បីបញ្ចៀសទណ្ឌកម្មរបស់អន្ដរជាតិមកលើកម្ពុជា គឺទាល់តែអ្នកនយោបាយខ្មែរស្រុះស្រួលគ្នា និងវិលរកតុចរចានយោបាយ ដើម្បីការពារផលប្រយោជន៍ជាតិ។

នៅពេលសួរថា តើឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់បានដាក់ក្ដីបារម្ភណាមួយទៅរដ្ឋាភិបាលដែរទេ លោក ម៉ម សូណង់ដូ ឆ្លើយថា ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់បានត្រឹមផ្ដល់គំនិត និងយោបល់ផ្សេងៗ ប៉ុន្ដែ ការសម្រេចទទួលយក ឬមិនទទួលយក គឺស្ថិតលើរដ្ឋាភិបាល។

លោក ​ម៉ម សូណង់​ដូ

លោកបន្ដថា៖ «ប្រសិនជាអឺរ៉ុបកុំមានភាពលម្អៀងរវាងគណបក្សដែលកំពុងកាន់អំណាច និងគណបក្សនយោបាយ គិតពីរឿងផលប្រយោជន៍ សហគមន៍អឺរ៉ុប កុំដក EBAហ្នឹង […] គឺគណបក្សកំពុងកាន់អំណាច និងអ្នកប្រឆាំងនឹងហើយគាត់អត់មានគិតរឿងប្រយោជន៍ជាតិទេ គិតតែរឿងតួនាទី និងបក្សពួករបស់ខ្លួន។ បើសិនជាអាចស្រុះស្រួលគ្នាដោយមានគំនិតមួយកុំចង់សម្លាប់គ្នា ទុកឲ្យគ្នារស់ទាំងអស់គ្នា អាហ្នឹងអាចទៅរួច»។

អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ចន្ទរ័ត្ន ច្រានចោលការលើកឡើងថា អតីតបក្សប្រឆាំងជាដើមចមធ្វើឲ្យអន្ដរជាតិសម្រេចចាត់វិធានការម៉ឺងម៉ាត់ និងទណ្ឌកម្មផ្សេងៗមកលើកម្ពុជា ខណៈលោកថា ក្រុមប្រទេសលោកសេរីទាំងនោះមើលឃើញពីការធ្លាក់ចុះនៃបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោកថា អតីតបក្សប្រឆាំងតែងបើកចំហសម្រាប់ការចរចាជាមួយបក្សកាន់អំណាច ប៉ុន្ដែលោកថា ការចរចានោះគួរធ្វើតាមលក្ខខណ្ឌរបស់អន្ដរជាតិ និងការសម្របសម្រួលនានា ដែលអាចទទួលយកបាន។

រូបភាព៖ អ៊ូ ច័ន្ទរ័ត្ន (ហ្វេសប៊ុក)

លោកបន្ដថា៖ «ខ្ញុំយល់ថា មិនគួរបន្ទោសទៅលើគណបក្សប្រឆាំងទេ ព្រោះដោយសារថា វាជាវិបត្តិរវាងអ្នកនយោបាយខ្មែរទាំងអស់ហ្នឹង […] លក្ខខណ្ឌអន្ដរជាតិគេដាក់ឲ្យហើយ ប៉ុន្ដែ គេមិនប្រដៅទេ អ្វីក៏ដោយឲ្យតែជាជំហ៊ានវិជ្ជមានគេទទួលយកហើយ យើងឃើញហើយកន្លងមក មានការដោះលែងសកម្មជនដីធ្លី អ្នកសារព័ត៌មាន ឬសកម្មជននយោបាយ អ្នកប្រឆាំង សុទ្ធតែត្រូវបានទទួលស្វាគមន៍ដោយសហគមន៍អន្ដរជាតិ»។

សហគមន៍អន្ដរជាតិនាំមុខដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានថ្កោលទោសរដ្ឋាភិបាលជុំវិញការធ្លាក់ចុះនៃបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីកម្ពុជារៀបចំការបោះឆ្នោតដ៏ចម្រូងចម្រាស់មួយ ដែលគ្មានវត្តមានអតីតបក្សប្រឆាំងចូលរួម។ 

សហគមន៍អន្ដរជាតិ ជាពិសេសសហភាពអឺរ៉ុបបានជំរុញឲ្យរដ្ឋាភិបាលវិលទៅរកតុចរចានយោបាយ និងផ្សះផ្សារជាតិឡើងវិញ ដើម្បីរក្សាប្រព័ន្ធអុគ្រោះពន្ធរបស់ខ្លួន និងបញ្ចៀសនូវទណ្ឌកម្មផ្សេងៗ។ ប៉ុន្ដែ រដ្ឋាភិបាលបានចាត់ទុកការព្រមានទាំងនោះថា ជាការជ្រៀតជ្រែក និងលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជាទៅវិញ៕    

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ