លោក ហ៊ុន សែន៖ មិន​មែន​បញ្ជូន​អស់​លោក​ដើម្បី​មក​កាប់​ឈើ​នោះ​ទេ

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុក ហ៊ុន សែន/ Screenshot

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឮកជាថ្មីទៀត​ឲ្យកងទ័ពចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ ដោយថា ដើម្បីការពារធនធានធម្មជាតិនៅកម្ពុជា។

ក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ​ថ្ងៃបង្កើត​បញ្ជាការដ្ឋាន​​កងទ័ពជើងគោក នៃកងយោធពលខេមរ​ភូមិន្ទ​នាព្រឹក​ថ្ងៃ​នេះ លោក ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាល​បញ្ជូនកងទ័ពមួយចំនួន​ឲ្យទៅឈរ​ជើងនៅទូទាំងប្រទេស​ ជាពិសេសនៅខេត្តព្រះវិហារ ដើម្បីជួយការពារព្រៃឈើនៅទីនោះ ដោយថា មិនត្រូវ​ឃុបឃិត ឬបើកដៃឲ្យឈ្មួញកាប់ផ្លាញព្រៃឈើនោះទេ​។

លោកថ្លែងថា៖ «ខ្ញុំ​បញ្ជាក់​ហើយ​ថា មិនមែនបញ្ជូនអស់លោកមកកាន់​​ទីនេះ ដើម្បីមកកាប់ឈើនោះទេ ដូច្នេះ កងទ័ពទាំងអស់ត្រូវ​ចូលរួមការពារព្រៃឈើ មិនត្រូវ​ក្លាយទៅជាអ្នក​កាប់ឈើ ឬទៅជាអ្នកការពារឈ្មួញកាប់ឈើនោះទេ»

ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក សៅ សុខា មានប្រសាសន៍ថា ក្រុមការងាររបស់លោក​កំពុង​សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ប៉ុន្តែ​ លោកបញ្ជាក់ថា បទល្មើសព្រៃឈើពិបាកទប់ស្កាត់ ដោយសារ​ពិបាកពិនិត្យមើលក្រុមហ៊ុនណាដឹកឈើស្របច្បាប់ ឬមិនស្របច្បាប់។

លោកមានប្រសាសន៍ថា៖ «រឿងផ្សព្វផ្សាយរាល់ថ្ងៃនេះ មានឈើដែលលួច ហើយឈើដែលត្រឹមត្រូវ វាពិបាកណាស់ មិនដូចគ្រឿងញៀនទេ ព្រោះគ្រឿងញៀនឲ្យ​តែឃើញកាន់ ឃើញដឹកខុសទាំងអស់ ដឹងតែឈើមានត្រូវ មានខុស។ និយាយឲ្យត្រង់ ខ្ញុំមិនដឹង​ថា អាណាខុស ឬត្រូវ​ទេ ព្រោះខ្ញុំដឹងតែ​មានអ្នកប្រាប់​ខ្ញុំជួយចាប់ឲ្យ ប៉ុន្តែ កំពុង​តែដឹក​ ឲ្យខ្ញុំទៅចាប់គេតែម្តង គឺមិនដឹងថា មានច្បាប់ ឬមិនមានទេ ព្រោះមានច្បាប់គេបង់ពន្ធឲ្យរដ្ឋរួចហើយ​»

នៅអំឡុងពេល​ជួប​សំណេះ​សំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរនៅក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​ឆ្នាំ​មុន លោក​ ហ៊ុន សែន បាន​បន្ទោស​ការ​បាត់​បង់​ព្រៃ​ឈើ​ទៅ​​​ «ចោរ» និង​ «ពលរដ្ឋ» ដោយ​លោក​ថា «ចោរ» បាន​លួច​កាប់​ព្រៃ​ឈើ ហើយចំនួន​​ «ពលរដ្ឋ» កើន​ឡើងបាន​ជំរុញ​ឲ្យ​មាន​ការ​ចូល​កាប់​ឆ្ការ​ព្រៃ​ឈើ​យក​ដី។

អង្គការ​ Global Witness ​កាលពីឆ្នាំ២០១៨ បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​ជាច្រើន​ស្ដី​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា បានរកឃើញថា ​វិនាសកម្ម​ព្រៃឈើ​បង្ក​ឡើង​ដោយ​បុគ្គល​មាន​អំណាច មាន​លុយ និង​មាន​ឥទ្ធិពល ហើយ​បុគ្គល​ទាំង​នោះ​ សុទ្ធ​តែ​មាន​ទំនាក់​ទំនង​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ។

របាយការណ៍នេះបញ្ជាក់ថា ព្រៃឈើ​ត្រូវ​បាន​កាប់ និង​ដឹក​ជញ្ជូន​ចេញ​ពី​តំបន់​ការពារ​ ឬ​តំបន់​អភិរក្ស ដូចជា តំបន់​ព្រៃឡង់ និង​តំបន់​ការពារ​ស្ថិត​នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ឦសាន​កម្ពុជា ជាប់​នឹង​ព្រំដែន​វៀតណាមជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ