លោក​ ហ៊ុន​ សែន​ គំ​រាម​​​កម្ទេចក​ង​ទ័ព​ណា​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន និងជានាយឧត្តមសេនីយផុតលេខផ្កាយមាស៥ គំរាមថា​ ​នឹងកម្ទេច​ចោលចំពោះកង​កម្លាំងទាំ​ង​ឡាយណាប្រឆាំង​នឹ​ង​​​​​ដ្ឋាភិបាល ដោយថា កងទ័ពជាកម្លាំងជាតិ មានតួនាទីកា​រពាររដ្ឋា​ភិ​បា​​​ល​​កើត​ចេញពីការបោះឆ្នោត។

ការថ្លែងបែបនេះ​របស់លោក ហ៊ុន សែន ធ្វើឡើងក្នុងពិធីប្រា​រព្ធខួប ២០​ឆ្នាំនៃថ្ងៃ​បង្កើត​ប​ញ្ជា​កា​រដ្ឋានកងទ័ពជើងគោក​នៃកងយោ​ធ​​​ព​លខេ​មរ​ភូ​មិន្ទ ដែលធ្វើឡើងក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុង​រាជធានីភ្នំពេញ នាថ្ងៃទី២៤មករានេះ។

លោក លោក ហ៊ុន ​សែន ក្នុងពិធីនោះ ក្រៅពីរំឭកតួនាទីកងទ័ព​ថា ត្រូវ​ចូលរួម​ទប់​ស្កាត់ប​ទលើ្មស​មួយចំនួន រួមទាំ​ងប្រឆាំង​អំ​ពើ​ភា​រ​​​វ​ក​​ម្ម​​​​​ផង​នោះ បានថ្លែងថា កងព័ទជាកម្លាំងរបស់ជាតិត្រូវតែស្មោះត្រង់ និង​ការពារ​ដ្ឋាភិបា​ល​កើត​ចេញ​ពីការបោះ​ឆ្នោត​ តាមរដ្ឋ​ធម្មនុញ្ញ​រ​ប​ស់កម្ពុជា។

លោក ហ៊ុន សែន គំរាមថា លោកមិនខ្លាចនឹងចេញបទបញ្ជា ​ឲ្យកម្ទេចចោលនូវ​រាល់កម្លាំងណា​ក៏ដោយ ដែ​លប៉ុន​ប៉ងផ្តួ​ល​រំ​លំ​​​រ​​ដ្ឋា​​​ភិ​​​បា​​​​ល​​ស្របច្បាប់កើតចេញពីការបោះឆ្នោតនោះទេ។

លោកថា៖ «កងទ័ពដែលការពាររាជរដ្ឋាភិបាល គ្មានអ្វីខុសទេ។ កងទ័ពប្រឆាំងរាជរដ្ឋាភិបាលទេគឺជាការខុស ដែលត្រូវតែក​ម្ទេច។ នៅ​​វេ​​ណេ​ស៊ូអេឡា ការបាស់បោត្រូវបានបង្ក្រាបជាបន្ទាន់ភ្លាម គេមិនអនុញ្ញាតិទេរឿងនេះ»

មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ជាកូនប្រុសបង្កើតរបស់លោក ហ៊ុន សែន ផងនោះ បាន​ប្តេជ្ញា​អំឡុ​ងឡើង​ធ្វើ​សេ​ចក្តីរាយការណ៍ក្នុងពិធីនោះថា ក្នុងនាមជា​មេបញ្ជាការ មេបញ្ជាការរង និងយោធិនទាំងមូល​ ​កង​ទ័ពជើងគោគ ប្ដេជ្ញា​​ស្មោះ​ត្រង់​ដាច់ខាតចំពោះជាតិ ការពារព្រះមហាក្សត្រ ការ​ពាររ​ដ្ឋធម្មនុញ្ញ និង​កា​រ​​ពា​ររដ្ឋាភិ​បា​ល​ស្រប​ច្បាប់​។

លោកថា៖ «ប្តេជ្ញាវាយកម្ទេចរាល់ការឃុបឃិតប៉ុនប៉ងបំផ្លាញសន្តិភាព ឧបាយកលបង្កើតឲ្យមានបដិវត្តព៌ណលើទឹកដីកម្ពុជា និងប្រ​ឆាំង​ដាច់ខាតចំពោះការជ្រៀតជ្រែកកម្ពុជាពីមជ្ឈដ្ឋានខាងក្រៅ»

បើ​តាមសេចក្តីរាយការណ៍របស់លោក ហ៊ុន ម៉ាណែត បញ្ជាការដ្ឋានកងទ័ពជើងគោក​នៃកងយោធពលខេមរភូមិ​ន្ទ​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី២​៤ ខែមករា ឆ្នាំ​១​​៩៩​៩ មា​នរចនាសម្ព័ន្ធចាត់តាំង និងយោធិនជិត ១១ម៉ឺននាក់ មាន ៦យោ​ធភូមិភាគ ១៨​ក្បាលកងព​ល​​ធំ ៥កងព​លតូច ៤​កងវរ​​សេ​នាធំ​ ៤កងវរសេនាតូច មាន ២៤ប្រតិបត្តិការសឹកខេត្ត-ក្រុង និងអង្គភាពទ័​ពជំនា​ញចំ​ណុះ​ជា​ច្រើ​ន​​​ទៀត។

អ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា មេដឹកនាំមួយចំនួនលើវិភពលោកដែលក្រាញអំណាចយូរ​ ច្រើនតែជួបប្រទះ​នឹង​ការ​បះបោរ​ពី​ព​ល​រដ្ឋ ឬពីស្ថាប័នកងកម្លាំង បង្ខំឲ្យមេដឹកនាំចុះចេញពីតំ​ណែង ពេលប្រទេស​ជាតិជួបវិប​ត្តិអ្វីមួ​យ​ដោះ​​ស្រា​យ​​មិនចេញ។

ប៉ុន្តែ​ អ្នកវិភាគវ័យក្មេងរូបនេះ វិភាគថា នៅកម្ពុជាមិនទាន់ឃើញសញ្ញាបែបនេះកើតចេញទេ តែថា សារព្រមាននេះ អាចជា​ក្ដី​បារម្ភ​កើត​ពីច​ល​​នាណាមួយ។

លោកថា៖ «ខ្ញុំមើលទៅសម្រាប់គណបក្សប្រជាជនកម្ពុជា គឺមានភាពរឹងមាំមែនទែនសម្រាប់ការក្តោបក្តាប់កម្លាំង និងអំណាច។ អញ្ចឹ​ង ក​រណីនេះ វាកកើតឡើងដោយកម្រណាស់ ប៉ុន្តែ សួរថា តើស្ថានការណ៍សព្វថ្ងៃគួរឲ្យមេដឹកនាំព្រួយបារម្ភទេ។ ខ្ញុំ​គិតថា ​ធ្វើឲ្យ​គាត់ព្រួយបារម្ភដែរ»

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ដើម​ឆ្នាំ​២០១៥​ថា ស្ថិត​ក្នុង​អំណាច​ជាង ៣​ទសវត្សរ៍ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ប្រើ​ប្រាស់ម្ដង​ហើយ​ម្ដង​ទៀត​នូវ​​អំពើ​ហិង្សា​នយោបាយ ការ​បង្ក្រាប និង​អំពើ​ពុក​រលួយ ដើម្បី​រក្សា​អំណាច។

Human Rights Watch បាន​ចាត់​ថ្នាក់​លោក ហ៊ុន សែន គឺ​ជា​មេដឹកនាំ​កាន់​អំណាច​យូរ​ជាង​គេ​បំផុត​លំដាប់​ទី៦ នៅ​ក្នុង​ចំណោម​មេដឹកនាំ​កាន់​អំណាច​យូរ​បំផុត​នៅ​លើ​ពិភព​លោក ដោយ​ស្ថិត​នៅ​ពី​ក្រោយ​មេដឹកនាំ​ផ្ដាច់​ការ​ហ្ស៊ីបាវ៉េ លោក រ៉ូប៊ឺត មូហ្គាបេ ដែល​ត្រូវ​បាន​ពួក​យោធា​ទម្លាក់​ពី​អំណាច​កាល​ពី​ចុង​ឆ្នាំ២០១៧​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ