មន្ត្រី​ថា បញ្ចប់​វិវាទ​ដី​ធ្លី​ហើយ​​​ក្រោយ​បុគ្គលិក​​ពេទ្យ​ប្រកាស​ត្រៀម​បិទ​ទ្វារ​មណ្ឌល​សុខ​ភាព​លំផាត់​នៅ​ថ្ងៃ​ស្អែក

ក្រុម​បុគ្គលិក​នៃ​មណ្ឌល​សុខភាព​លំផាត់ ស្ថិត​ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី បាន​គ្រោង​បិទ​ទ្វារ​មណ្ឌល​សុខភាព​នេះ​នៅ​ថ្ងៃ​ស្អែក ដើម្បី​តវ៉ា​ឲ្យ​មាន​ដំណោះ​ស្រាយ​ជុំ​វិញ​ជម្លោះ​ដី​ធ្លី​។ រូបថត៖ ហ្វេសប៊ុក

មន្ត្រី​សុខាភិបាល​នៅ​ឃុំ​ជ័យឧត្ដម ស្រុកលំផាត់ ​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា មណ្ឌល​សុខភាព​លំផាត់ នឹង​មិនបិទ​ទ្វារ​នោះ​ឡើយ​នៅ​ថ្ងៃ​ស្អែក​នេះ ក្រោយ​ពី​វិវាទ​ដី​ធ្លី​ពាក់​ព័ន្ធ​នឹង​មណ្ឌល​សុខភាព​មួយ​នេះ ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​ហើយ​នៅ​ថ្ងៃ​នេះ។

​លិខិត​សរសេរ​ដោយ​ដៃ​មួយ​ដែល​មាន​ស្នាម​មេដៃ​បុគ្គលិក​មណ្ឌល​សុខភាព​លំផាត់​ផង​នោះ បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ក្នុង​មណ្ឌល​សុខភាព​ស្ថិត​ក្នុង​ស្រុក​លំផាត់​មួយ​នេះ បាន​សម្រេច​មិន​ទៅ​ធ្វើការ និង​បិទ​ទ្វារ​មណ្ឌល​សុខភាព​មួយ​នេះ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា។

បើ​តាម​លិខិត​ដដែល​នោះ ក្រុម​បុគ្គលិក​សុខភិបាល​ទាំង​នោះ បាន​សម្រេច​ដូច្នេះ ដោយ​ថា ពលរដ្ឋ​លោក គង់ សុជា បាន​រំលោភ​យក​ដី​របស់​មណ្ឌល​សុខភាព ហើយ​មន្ត្រី​គ្រប់​គ្រង​ពុំ​បាន​ដោះ​ស្រាយ​បញ្ហា​នេះ​ឡើយ។

លិខិត​នោះ​ ត្រូវ​បាន​សរសេរ​ថា​៖ «ចាប់​ផ្ដើម​បិទ​ទ្វារ​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៩​នេះ​ត​ទៅ រហូត​ទាល់​តែ​ថ្នាក់​លើ​មាន​ដំណោះ​ស្រាយជូន​ពួក​យើង​ខ្ញុំ ទើប​បុគ្គលិក​ទាំង​អស់​គ្នា នឹង​ព្រម​ចូល​បម្រើ​ការងារ​វិញ»

ប្រធានមណ្ឌលសុខភាពលំផាត់ លោក ប៊ុន នី​ ប្រាប់វីអូឌីនៅថ្ងៃនេះថា មន្ទីរសុខាភិបាលខេត្តបានចុះទៅសម្របសម្រួលហើយ បន្ទាប់ការតវ៉ាពីបុគ្គលិកនៅក្នុងមណ្ឌល​សុខភាព​មួយ​នេះ។

លោកបន្តថា មណ្ឌលសុខភាពលំផាត់ ត្រូវ​បាន​សាងសង់​ឡើងតាំងឆ្នាំ​១៩៦៩ ហើយប្រជាពលរដ្ឋដែលទៅសេវាព្យាបាលនៅមណ្ឌលសុខភាពនេះ ក្នុងមួយខែមានចំនួន ៥០០ ទៅ ៦០០​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ