ពលរដ្ឋ២នាក់រងរបួសអំឡុង​ពេល​ដុត​កង់​ឡានតវ៉ាវិវាទ​​ដីធ្លីនៅខេត្តព្រះសីហនុ

អ្នកមានជម្លោះដីធ្លី​មក​ពីភូមិគគីរ ស្ថិត​ក្នុង​ឃុំបិតត្រាង ត្រូវសមត្ថកិច្ចបង្ក្រាបក្រោយហេតុការណ៍ដុតកង់ឡាន តវ៉ារឿងដីធ្លីជាមួយឧកញ៉ាម្នាក់ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។

មន្រ្តីការពារ​សិទ្ធិ​មនុស្ស អះអាងថា យ៉ាងហោចណាស់ពលរដ្ឋ​ម្នាក់ បានរងរបួសធ្ងន់ និង​ម្នាក់​ទៀតរងរបួសស្រាល ហើយ​ត្រូវ​បញ្ជូន​ទៅសង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ​នៅ​ភ្នំពេញ ក្រោយ​ប៉ះ​ទង្គិច​គ្នា​ក្នុង​ការ​តវ៉ាដុត​កង់ឡាន​ប្រ​ប្រឆាំងនឹងក្រុម​កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ដែល​បានចុះការអនុវត្តសាលដីកាវាស់វែងដីធ្លីឲ្យជាមួយឧកញ៉ា​ម្នាក់នៅថ្ងៃនេះ។

មន្រ្តីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី ប្រាប់វីអូឌីនៅ​រសៀល​ថ្ងៃ​នេះថា ក្នុងហេតុការណ៍ប៉ះទង្គិចរវាងក្រុម​ពលរដ្ឋ និងក្រុមសមត្ថកិច្ចនៅថ្ងៃនេះ បុរសម្នាក់ បានរងរបួសធ្ងន់ដោយត្រូវ​គ្រាប់កាំភ្លើង និងម្នាក់​ទៀតរងបួសស្រាល​ដោយ​ត្រូវ​នឹង​ដំបង។

មន្រ្តីការងារសិទ្ធិមនុស្សរូបនេះឲ្យដឹងថា ពលរដ្ឋ​ម្នាក់ដែលគ្រប់កាំភ្លើងនោះ ត្រូវបានខាងមន្ទីរពេទ្យខេត្តព្រះសីហនុ បញ្ជូនមក ព្យាបាលនៅភ្នំពេញហើយ។

អ្នកស្រី​បន្ថែមថា៖ «មួយនាក់របួស ២នាក់ មានក្មេងម្នាក់របួស​ស្រាល ក្រោយព្យាបាលនៅមន្ទីរពេទ្យរួចបានត្រឡប់ទៅផ្ទះវិញហើយម្នាក់ទៀតត្រូវគ្រប់កាំភ្លើងរបស់ធ្ងន់ ខាងគ្រូពេទ្យពិនិត្យអការៈក៏បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យតេកុមាលា ដើម្បីធ្វើការវះ កាត់។ គាត់ត្រូវគ្រាប់ស្មាខាងឆ្ងេងទៅបុកសន្ទះទ្រូងបៀមគ្រាប់ជាប់សួត។ កាលដំបូងហ្នឹង អាចនិយាយបាន ប៉ុន្តែ ក្រោយមក គាត់​ពិបាកនិយ ដោយថា ចេះតែហត់ៗ»

អ្នកមានជម្លោះដីធ្លីរាប់រយនាក់​មក​ពីភូមិគគីរ ស្ថិត​ក្នុង​ឃុំបិតត្រាង បានបន្តនាំគ្នាពង្រាយកង់​ឡានដុតបិទផ្លូវ​នៅថ្ងៃព្រហស្បតិ៍នេះ ខណៈ​កម្លាំងច​ម្រុះរ​បស់​អាជ្ញាធររាប់រយនាក់ដែល​ប្រដាប់ដោយ​កាំភ្លើង ខែល គ្រឿង​ចក្រ រួមទាំងឡានទឹកផង ត្រូវ​បាន​ដាក់​ពង្រាយ និង​ត្រៀមទប់​ទល់​នឹង​ពលរដ្ឋដែលចេញតវ៉ាប្រឆាំងការចុះអនុវត្តសាលដីកាវាស់វែងដីធ្លីឲ្យ​ឧកញ៉ា​ម្នាក់ ដែលអ្នកភូមិប្រាប់ថា​ឈ្មោះ ស៊ីវ គង់ទ្រីវ និងភរិយាឈ្មោះ ហុង សួន នៅចំណុចភូមិគគីរ។

មន្រ្តីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី ដែលចុះឃ្លាំមើលករណីនេះ បាន​ប្រាប់វីអូឌីថា ក្នុងហេតុការណ៍នោះ ក្រុមអ្នកភូមិបាននាំគ្នាដុតកង់ឡានបិទផ្លូវ មានការគប់ដុំថ្ម ដបសាំង​ផងដែរ ហើយក្រោយប្រឈមមុខដាក់គ្នាជាច្រើនម៉ោង ក្រុមសមត្ថកិច្ចបានផ្ទុះអាវុធជាច្រើនគ្រាប់ និងចាប់ពលរដ្ឋ ៦នាក់ រួមទាំងសម្ភារៈមួយចំនួនផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រុមកម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក៏​បានចុះទៅវាស់​វែងដីឲ្យ​លោកស្រី ហុង សួន ភរិយា​របស់​ឧកញ៉ា​ ស៊ីវ គង់ទ្រីវ ម្តងរួចមកហើយ ប៉ុន្តែ មិនបានសម្រេច បន្ទាប់​ពី​ក្រុមអ្នកភូមិរាប់រាយនាក់ បាននាំគ្នាពង្រាយកង់ឡានដុតតវ៉ាមិនឲ្យវាស់វែង៕

https://www.facebook.com/camdaynews/videos/596103534145439/
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ