គ្រួសារជនរងរបួសដោយគ្រាប់កាំភ្លើងក្នុងជម្លោះដីធ្លីនៅខេត្តព្រះសីហនុខ្វះលុយព្យាបាល

លោក ពៅ សារ័ត្ន សម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យមួយនៅភ្នំពេញនៅថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០១៩(រូបដោយ ឃុត សុគុណ)

ក្រុមគ្រួសាររបស់បុរសម្នាក់ដែលរងរបួសដោយគ្រាប់កាំភ្លើងក្នុងហេតុការណ៍ប៉ះទង្គិចគ្នាមួយរវាងពលរដ្ឋ និងសមត្ថកិច្ចខេត្តព្រះសីហនុបានអំពាវនាវទៅរដ្ឋាភិបាលឲ្យវែកមុខរកជនដៃដល់យកមកដាក់ទោស និងផ្តល់សំណងដល់គាត់ ដើម្បីបានថវិកាព្យាបាល។

អ្នកស្រី​ ឃុន សុផា ត្រូវជាបងថ្លៃរបស់ជនរងគ្រោះប្រាប់ វីអូឌី ថា ក្រោយពីប្អូនរបស់គាត់ត្រូវគ្រាប់កាំភ្លើងរួចមក គ្រួសារគាត់ពុំមានថវិកាគ្រប់គ្រាន់សម្រាប់ព្យាបាលឡើយ ដោយថា ថ្លៃព្យាបាលពេលនេះគឺគាត់បានខ្ចីគេ និងអ្នកជិតខាងបរិច្ចាគឲ្យខ្លះ ព្រោះឃើញជីវគាត់ភាពក្រីក្រពេក។

អ្នកស្រីបន្តថា ប្អូនរបស់គាត់ដែលរងរបួសឈ្មោះ ពៅ សារ័ត្ន បានដឹកពីខេត្តព្រះសីហនុទៅព្យាបាលនៅភ្នំពេញដោយមកដល់តាំងពីម៉ោង៧ថ្ងៃកើតហេតុ ប៉ុន្តែក្រុមគ្រូពេទ្យទើបចាប់ផ្តើមវះកាត់យកគ្រប់ចេញនៅម៉ោង៣រសៀលថ្ងៃនេះទេ។

អ្នកស្រីបន្ថែមថា៖ «គ្រួសារខ្ញុំក្រណាស់ ម្តាយខ្ញុំនៅកំពង់ចាម ដឹងកូនឈឺគ្មានលុយជិះឡានមកមើលកូនទេ អញ្ចឹងខ្ញុំសុំឲ្យរដ្ឋាភិបាលវែកមុខរកអ្នកបាញ់មកដាក់ទោស និងទទួលខុសត្រូវចំពោះប្អូនខ្ញុំផង»

លោក ពៅ សារ័ត្ន ត្រូវគ្រាប់ចំហៀងខាងក្រោយបៀមគ្រាប់ជាប់ឆ្អឹងខ្នង ដែលកំពុងសម្រាកព្យាលជំងឺនៅមន្ទីរពេទ្យលោកសង្ឃ និយាយថាគាត់គ្មានដី និងពុំបានចូលរួមក្នុងការតវ៉ានោះទេ ដោយថា រូបលោកជាកម្មករធ្វើសំណង់នៅក្បែរនោះតែប៉ុណ្ណោះ។

លោក ពៅ សារ័ត្ន បានរៀបរាប់ថា ថ្ងៃនោះរូបគាត់ និងមិត្តរូមការងារម្នាក់ទៀតបានជិះម៉ូតូឌុបគ្នាបំរ៉ុងទៅទិញម្ហូបនៅផ្សារអូត្រេះ ប៉ុន្តែជិះដល់ចំណុចកើតហេតុ ឃើញក្រុមអ្នកភូមិកំពុងប្រឈមមុខដាក់គ្នា ស្របពេលមានការដុតកង់ឡាន និងគប់ដុំថ្ម និងដបសាំងផងនោះក៏ឈប់ម៉ូតូឈរមើល ហើយក៏ត្រូវគ្រាប់កាំភ្លើងតែម្តង។

លោកបន្ថែមថា៖ «ខ្ញុំអត់មានដីនៅទីនោះ ការពិតខ្ញុំនិងអ្នកធ្វើការម្នាក់ទៀតទៅទិញអីធ្វើម្ហូបនៅផ្សារអូត្រេះ ដល់កន្លែងនោះគេដុតកង់ឡានបិទផ្លូវទៅអត់រួច ខ្ញុំឈមឈរមើលគេ ហើយគេបាញ់ត្រូវខ្ញុំដួលដេកនៅដី ហើយគ្នាខ្ញុំម្នាក់ទៀតអូសម៉ូតូរត់ ហើយអ្នកភូមិពីរបីនាក់បានមកសែងខ្ញុំពីកន្លែងនោះបានប៉ុន្មានម៉ែត្រ។ គេទុកខ្ញុំចោលជាង២ម៉ោង បានបងប្អូនទៅយកខ្ញុំបញ្ជូនមកពេទ្យ»

មន្រ្តីសមាគមអាដហុក លោកស្រី ជាប សុធារី ដែលឃ្លាំមើលករណីនេះឲ្យដឹងថា ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះគឺពលរដ្ឋ២នាក់បានរងរបួស និង៦នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ប៉ុន្តែដោះលែងវិញពេលល្ងាចថ្ងៃកើតហេតុនោះ។

ជំវិញករណីនេះ វីអូឌី មិនទាន់អាចសុំការឆ្លើយតបពីអាជ្ញាធរខេត្តព្រះសីហនុបាននៅឡើយ។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកមានជម្លោះដីធ្លីរាប់រយនាក់​មក​ពីភូមិគគីរ ស្ថិត​ក្នុង​ឃុំបិតត្រាង បានបន្តនាំគ្នាពង្រាយកង់​ឡានដុតបិទផ្លូវ​ ខណៈ​កម្លាំងច​ម្រុះរ​បស់​អាជ្ញាធររាប់រយនាក់ដែល​ប្រដាប់ដោយ​កាំភ្លើង ខែល គ្រឿង​ចក្រ រួមទាំងឡានទឹកផង ត្រូវ​បាន​ដាក់​ពង្រាយ ទប់​ទល់​នឹង​ពលរដ្ឋដែលចេញតវ៉ាប្រឆាំងការចុះអនុវត្តសាលដីកាវាស់វែងដីធ្លីឲ្យ​ឧកញ៉ា​ម្នាក់ ដែលអ្នកភូមិប្រាប់ថា​ឈ្មោះ ស៊ីវ គង់ទ្រីវ និងភរិយាឈ្មោះ ហុង សួន នៅចំណុចភូមិគគីរ។ ហិង្សាក៏បានផ្ទុះឡើងនៅថ្ងៃនោះបណ្តាលឲ្យពលរដ្ឋខ្លះត្រូវចាប់ខ្លួននិងខ្លះត្រូវរងរបួស។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ