លោក ​ហ៊ុន​ សែន អំពាវនាវ​ឲ្យ​ទប់​ស្កាត់​ការជ្រៀតជ្រែក​ពីបរទេស កុំឲ្យ​ដូច​​នៅ​វេ​ណេ​ស៊ុយ​អេឡា​

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុក ហ៊ុន សែន

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន អំពាវនាវឲ្យត្រៀមទប់ស្កាត់ការជ្រៀតជ្រែកណាមួយពីប្រទេសផ្សេងៗ ដើម្បី​ការ​ពា​រ​ស​ន្តិ​​ភាពនៅកម្ពុជា ដោយ​ដាក់ការព្រួយបារម្ភថា ប្រទេស​ទាំងនោះអាច​នឹងប្រើឥទ្ធិពល​ដូច​នៅ​ប្រទេស​​​​​​វេណេស៊ុ​យ​អេ​ឡា ។

សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែមករា តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានចេញសេចក្តីថ្លែងការណ៍​ ប្រកាសទទួល​ស្គា​ល់​​​​ប្រធា​នរដ្ឋសភានិង​ជា​មេដឹកនាំបក្សប្រឆាំងលោក ហ្សន់ ហ្កៃដូ ជាប្រធានាធិបតី​ប្រ​ទេ​ស​​​​​​វេ​​ណេស៊ុយអេឡា​បណ្ដោះអាសន្ន ជំនួសប្រ​ធានាធិប​តី​ប​​​ច្ចុប្ប​ន្ន​លោក​ នីកូឡាស ម៉ាឌូរ៉ូ ដោយ​ថា ស្រប​តាម​រដ្ឋនុញ្ញ​របស់​ប្រទេសនេះត្រង់មាត្រា២៣៣។

ប៉ុន្តែនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងពិធីជួបកម្មករនៅខេត្តកំពត នៅថ្ងៃសុក្រនេះ បានបង្ហាញការ​ខកចិត្តទៅ​នឹង ការ​ស​​ម្រេចចិត្តរបស់សហរដ្ឋអាមេរិកនេះ។

មេដឹកនាំកម្ពុជាបានថ្លែងថា លោកមិនយល់នូវអ្វីដែលកំពុងកើតនៅវេណេស៊ុយអេឡា ដោយថា​ប្រធានាធីបតី​មួយជាប់​ឆ្នោត ដែ​ល​កំ​ពុ​​ងកាន់តំណែង បែរជាសហរដ្ឋអាមេរិក និងប្រទេស​មួយចំនួន​ប្រកាស​​ទទួលស្គាល់មេបក្ស​ប្រឆាំងឲ្យធ្វើជាប្រធានាធិបតី ហើ​​យ​ស្បថចូលកាន់តំណែងខ្លួនឯង។

លោក ហ៊ុន សែន​ អះអាងថា​បញ្ហានេះ នឹងជំរុញឲ្យប្រទេសវេណេស៊ុយអេឡា នឹងផ្ទុះសង្គ្រាម​ស៊ីវិលក្នុងពេលឆាប់​ៗនេះ ដោយ​ថា​ មេដឹ​​ក​នាំប​ក្សកាន់​អំណាច​នៃប្រទេសនោះ​នឹងមិន​ដកថយឡើយ។

លោក ហ៊ុន សែន ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ FN

លោកបន្តថា៖ «តិចនៅកម្ពុជាគេ[អាមេរិក]ទារអញ្ចឹង?។ សុំអញ្ជើញធ្វើ។ បានតើ!ធ្វើទៅ!ប្រកាសទទួ​លស្គាល់នរណា​មួយធ្វើ​នា​យ​ករ​ដ្ឋ​​​មន្ត្រីទៅ! ជំនួសឲ្យព្រះមហាក្សត្រកម្ពុជាទៅ!។នៅឯណោះ ប្រធានាធិបតី​អាមេរិក និងប្រទេសមួយ​​ចំនួនប្រកាស​ជំនួសប្រជា​​ជន​វេ​​ណេស៊ុយអេឡា អស់ឆ្ងល់ម៉ង។ ត្រង់ហ្នឹ​ងហើយ ដែលខ្ញុំទាមទា​រ​ឲ្យប្រយ័ត្នប្រយែ​ងសម្រា​ប់សន្តិ​ភា​ពរប​ស់ក​ម្ពុជា ​​មិនត្រូវ​ឲ្យប​រទេ​ស​លូ​កដៃជាមួយអ្នក​ដែលនៅខាងក្នុង​ប៉ុនប៉ងបំផ្លាញសន្តិភាពដែលយើងរកបានដោយលំបាក»។

អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី បង្ហាញការព្រួយបារម្ភថា បើបរិបទនយោបាយនៅកម្ពុជា ធ្វើឲ្យស្ថានភាពសិទ្ធិមនុ​ស្សកាន់តែ​ធ្លាក់ចុះ​ដុនដាប​​​ទៀត​នោះ​ លោកថា កម្ពុជា​អាចនឹងរង​ឥទ្ធិពល​ពីពួក​បច្ចិម​ប្រទេស​ដូច​វេណេស៊ុយអេឡាដែរ។

អ្នកស្រាវជ្រាវពីការអភិឌ្ឍសង្គម លោកបណ្ឌិត មាស នី

លោកថា៖ «ខ្ញុំគិតថា សព្វថ្ងៃនេះ រដ្ឋាភិបាលកម្ពុជាហ្នឹង​ចង់មិនចង់កំពុងតែតា​មដាននយោបាយវិ​វឌ្ឍន៍នៅប្រទេស​វេណេ​ស៊ុយ​អេ​ឡា​​​ ហ្នឹង យ៉ាងចិត្តដិតបំផុត ហើយនិងការការពារខ្លួន ពីឧបសគ្គនៃការបះបោរ​ណាមួយដែលអាច​កើតមាន​ឡើង»។

យ៉ាងនេះក្តី មេបញ្ជា​ការកងទ័​ពជើង​គោកនៃកងយោធពលខេមរភូមិន្ទ លោក ហ៊ុន ម៉ា​ណែត ជាកូនប្រុសបង្កើតរបស់លោក ហ៊ុន សែ​ន ផងនោះ ក្នុង​ពិធីរំ​ឭ​ក​ខួប២០ឆ្នាំនៃការបង្កើតបញ្ជាការ​ដ្ឋានកងទ័ព​ជើងគោក​នៃកងយោធពលខេមរភូមន្ទ កាលពីម្សិលមិញ បាន​ប្តេជ្ញាថា នឹង​ក​ម្ទេ​ច​រាល់ឧបាយកល​បង្កើតឲ្យ​​មានបដិវត្តពណ៌​លើទឹ​កដីក​ម្ពុ​ជា​ និងប្រ​ឆាំង​ដាច់ខាត​ចំ​ពោះកា​រជ្រៀ​ត​​ជ្រែ​កផ្ទៃក្នុង​ក​ម្ពុ​ជា​ពី​មជ្ឈ​ដ្ឋា​ន​ខាង​ក្រៅ។

លោក ហ៊ុន សែន និងកូនប្រុស ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុក ហ៊ុន សែន

សហរដ្ឋ​អាមេរិក ​ក៏បានអំពាវឲ្យមេដឹកនាំបក្សកាន់អំណាចវេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ ចុះចេញ​ពីដំណែង​ ដោយ​ថា ​ប្រជាជន​វេ​ណេស៊ុយអេឡា រងការឈឺចាប់​យូរគ្រប់​គ្រាន់ហើយ ក្រោម​ការគ្រប់គ្រង​បែប​ផ្ដាច់​ការ​របស់​លោក។ អាមេ​រិក​ថា ខ្លួនត្រៀម​ខ្លួន​រួចជា​​ស្រេចហើយក្នុងការ​ជួយ​ស្តារលទ្ធិ​ប្រជាធិបតេយ្យនៅ​វេណេស៊ុយអេឡា​ឡើងវិញ ក៏ដូច​ជា​កា​រ​ផ្ដល់​ជំនួយ​មនុស្សធម៌​នានា​ដ​ល់​ពលរដ្ឋប្រទេសនេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ