នាយករដ្ឋមន្រ្តី ប្រកាសលុបចោលការិយាល័យស្រុក និងបង្រួមក្រសួងមួយចំនួនចូលគ្នា

លោក ហ៊ុន សែន ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ FN

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ប្រកាសធ្វើកំណែទម្រង់ស្ថាប័នរដ្ឋដោយលុបចោល​ការិយាល័យថ្នាក់ស្រុករបស់ក្រសួងមួយចំនួន​ និងបង្រួម​ក្រសួងខ្លះចូលគ្នា ដោយថា ដើម្បីជំរុញប្រសិទ្ធភាពការងារ និងបង្កើនកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងពិធីជួបសំណះសំណាលជាមួយកម្មករ នៅខេត្តកំពត នាថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា នៅពេលខាងមុខការិយាល័យរបស់ក្រសួងមួយចំនួននៅតាមស្រុកនឹងត្រូវលុបចោល ដោយទុកតែការិយាល័យ អប់រំ សុខាភិបាល នគរបាល យោធា និងដែនដី  ដោយថា  ការិយាល័យទាំងអស់នេះ មានតួនាទីសំខាន់ក្នុងការបម្រើសេវាដល់ប្រជាពលរដ្ឋ។

លោកថា៖ «ក្រៅពីក្រសួង មានអគ្គនាយក មាននាយកដ្ឋាន ​មានការិយាល័យ ហើយមានមន្ទីរនៅតាមខេត្ត និងមានការិយាល័យនៅតាមស្រុក នៅពេលខាងមុខនឹងលុបចោលការិយាល័យនៃអង្គភាពនៅក្រសួងមួយចំនួន នៅថ្នាក់ស្រុកតែម្ដង។ របស់ដែលត្រូវទុកតំបន់ប្រតិបត្តិការ គឺផ្នែកកងទ័ព ទុក នគរបាលត្រូវទុក ខាងសុខាភិបាលត្រូវទុក អប់រំត្រូវទុក រៀបចំដែនដីត្រូវទុក ព្រោះអាហ្នឹង វាសំខាន់គ្រប់គ្រង់ដីធ្លី កើតទំនាស់ច្រើនណាស់ ក្រៅពីនោះយកមករៀបចំ ជាកញ្ចប់របស់វា»។

ក្រៅពីលុបការិយាល័យក្រសួងមួយចំនួន​នៅតាមស្រុក លោក ហ៊ុន សែន  ថ្លែងថា ក្រសួងមួយចំនួនក៏ត្រូវដាក់បញ្ចូលគ្នាដែរ ដូចជា ក្រសួងកសិកម្ម ក្រសួងធនធានទឹក អភិវឌ្ឍន៍ជនបទ  ក្រសួងឧស្សាហក​ម្ម  ក្រសួងរ៉ែថាមពល ហើយក្រសួងសង្គមកិច្ច និង វប្បធម៌ ជាដើម ។ លោកបន្តថា   ការលុបការិយាល័យនៅតាមស្រុក និងការបង្រួមក្រសួងនេះ ដើម្បីជំរុញប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរជាមុន និងបង្កើនកំណើនសេដ្ឋកិច្ចជាតិផងដែរ។

បើតាមបញ្ជី​ឈ្មោះ​ក្រសួង​ និង​ស្ថាប័ន​ជាតិ​នៃ​រាជរដ្ឋាភិបាល​​ បច្ចុប្បន្ននេះ មានចំនួនសរុប ២៨ ក្រសួង និងរដ្ឋលេខាដ្ឋាន ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ