កម្ពុជាប្រតិកម្មលើសារព័ត៌មានល្បីឈ្មោះមួយរបស់សិង្ហបុរី ថាចុះផ្សាយខុស

សារព័ត៌មានបរទេសចុះផ្សាយព័ត៌មាន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដាក់ចំណងជើងថា លោក ហ៊ុន សែន អំពាវនាវឲ្យកងទ័ពកម្ចេចគូប្រជែង(រូបពី AFP)

កម្ពុជាបានទាមទារឲ្យសារព័ត៌មានល្បីឈ្មោះមួយរបស់សិង្ហបុរីផ្សព្វផ្សាយជាភាសាអង់គ្លេសឲ្យកែតម្រូវខ្លឹមសារជាបន្ទាន់ ដោយថា សារព័ត៌មាននេះចុះផ្សាយខុសលើពាក្យសម្តីរបស់លោកនាយករដ្ឋមន្ត្រីដែលគំរាមលើគូប្រជែង។​

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីបានផ្ញើលិខិតមួយទៅសារព័ត៌មាន Channel News Asia​ កាលពីថ្ងៃទី២៥ ខែមករា។ លិខិតនេះបានលើកឡើងថា សារព័ត៌មាន Channel News Asia ធ្វើឲ្យសាធារណជនមានការយល់ច្រឡំ ចំពោះអត្ថបទដែលមាន ចំណងជើងថា «នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យកងទ័ពកម្ទេចចោលគូប្រជែង (Hun Sen calls on military to ‘destroy’ opponents) ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។»

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា អត្ថបទនេះនាំឲ្យមានការយល់ច្រឡំ។

លិខិត៖ «ពាក្យកម្ចេចគូប្រជែង មិនសំដៅទៅលើក្រុម គណបក្សប្រឆាំងដែលរំលាយ រួចហើយ នោះទេ។ ដូច្នេះចំណងជើងអត្ថបទរបស់អ្នក ទោះចង់ឬ មិនចង់ វាជាការផ្ញើសារនាំឲ្យយល់ ច្រឡំធ្វើឲ្យសាធារណជនយល់ខុសអំពីពាក្យត្រឹមត្រូវរបស់នាយករដ្ឋមន្ត្រីកម្ពុជា។​»

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សព្យាយាមពន្យល់ថា ពាក្យកម្ចេចរបស់លោកនាយករដ្ឋមន្ត្រី ចង់សំដៅលើក្រុមភេរវកម្ម លើក្រុមដែលប៉ុនប៉ងធ្វើបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ជាដើម។​

ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាននៅថ្ងៃទី២១ ខែមករា រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ក្រសួងនឹងបង្កើតកម្មវិធីពិសេសផ្សាយផ្ទាល់នៅទូរទស្សន៍ជាតិកម្ពុជា ដោយ​អញ្ជើញ​វាគ្មិនពាក់ព័ន្ធមកបកស្រាយពន្យល់រាល់ព័ត៌មានមិនពិត ក្លែងបន្លំទំាងឡាយ ដែលធ្វើឲ្យចលាចលនៅក្នុងសង្គម។ លោកបញ្ជាក់ថា ដើមចមដែលនាំឲ្យក្រសួងបង្កើតកម្មវិធីនេះ ដោយសារ ​បច្ចុប្បន្នព័ត៌មានមិនពិតបានកើតឡើងច្រើន មួលបង្កាច់ បង្ខូច មកលើរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋយល់ខុសពីការពិត នឹង​ឲ្យប៉ៈពាល់ដល់កិត្តិយសអ្នកដ៏ទៃជាដើម។ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ