ក្រសួងថ្កោលទោសលោក សម រង្ស៊ី ករណីអំពាវនាវឲ្យទ័ពប្រឆាំងលោក ហ៊ុន សែន​

លោក ហ៊ុន សែន ក្នុងពិធីរំឮកខួប២០ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក(រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)

ក្រសួងការពារជាតិបានប្រកាសថ្កោលទោសលោក សម រង្ស៊ី ចំពោះការអំពាវនាវដល់កងទ័ពទាំងអស់ឲ្យប្រឆាំងរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។​

អ្នកនាំពាក្យក្រសួងការពារជាតិចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះ ថ្កោលទោសការអំពាវនាវរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី២៥ ខែមករា។​

ក្រសួងការពារជាតិ៖ « យើងចាត់ទុកថា រាល់សកម្មភាពណាដែលគាំទ្រទៅនឹងការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី គឺជាអំពើខុសច្បាប់។ យើងទាំងអស់គ្នាប្តេជ្ញាចិត្តបង្ក្រាបដាច់ខាត ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសន្តិភាពជូនជាតិមាតុភូមិ។​»

កាលពីថ្ងៃទី២៥ ខែមករា លោក សម រង្ស៊ី បានអំពាវនាវដល់កងទ័ពកុំឲ្យស្តាប់តាមការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។​

លោក សម រង្ស៊ី៖ «សូមអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ សូមកុំស្តាប់បញ្ជាពីនាយករដ្ឋមន្ត្រីខុសច្បាប់ ហ៊ុន សែន ដែលជាចោរប្លន់អំណាចពីប្រជារាស្ត្រ។ ថ្មីៗនេះ ជនផ្តាច់ការ ហ៊ុន សែន នេះបានណែនាំកងកម្លាំងប្រដាប់អាវុធ ឲ្យចាប់រូបខ្ញុំ នៅពេលដែលខ្ញុំវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ ២០១៩ នេះ ហើយឲ្យបង្ក្រាបអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ ដែលនឹងងើបឈរឡើង ដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ដោយសន្តិវិធី តាមបែបបទប្រជាធិបតេយ្យ គឺតាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។»

ក្នុងពិធីរំឭកខួប២០ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកកាលពីថ្ងៃទី២៤ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏បានព្រមានកម្ចេទកងទ័ពណាដែលប្រឆាំងរដ្ឋាភិបាល។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ