លោក សម រង្ស៊ី ទម្លាយថា លោក ហ៊ុន សែន ទាក់ទងលោកមុនវិលត្រឡប់ឆ្នាំ២០១៣

លោក សម រង្ស៊ី និងលោក ហ៊ុន សែន (រូបភាព៖ ហ្វេសប៊ុក លោកម សម រង្ស៊ី)

លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនដោយខ្លួនឯងនៅក្រៅប្រទេសអះអាងថា មុនពេលលោកវិលត្រឡប់ចូលកម្ពុជាមុនបោះឆ្នោតឆ្នាំ២០១៣ លោក ហ៊ុន សែន បានទាក់ទងទៅលោក ដើម្បីសម្របសម្រួលស្ថានការណ៍។​

នៅព្រឹកថ្ងៃសៅរ៍នេះ លោក សម រង្ស៊ី សរសេរនៅលើហ្វេសប៊ុករបស់លោកថា មុនពេលលោកវិលមកកម្ពុជាវិញនៅឆ្នាំ២០១៩នេះ លោកលាតត្រដាងរឿងរ៉ាវពេលលោកប្រកាសវិលចូលកម្ពុជាក្នុងឆ្នាំ២០១៣ និង២០១៥។​

លោក សម រង្ស៊ី បន្តថា នៅឆ្នាំ២០១៣ លោក ហ៊ុន សែន បានទាក់ទងទៅលោក សុំសម្របសម្រួលដើម្បីប្រយោជន៍ជាតិ។

លោក សម រង្ស៊ី៖ «តែ ២-៣ ថ្ងៃក្រោយពីការប្រកាសរបស់ខ្ញុំ ស្រាប់តែលោក ហ៊ុន សែន បានទាក់ទងខ្ញុំ នៅទីក្រុងប៉ារីស ដើម្បីប្រាប់ខ្ញុំថា “សូមឯកឧត្តមរង់ចាំបន្តិច មុននឹងអញ្ជើញមក ពីព្រោះខ្ញុំ (ហ៊ុន សែន) កំពុងតែលៃលកឲ្យព្រះមហាក្សត្រ លើកលែងទោសជូនឯកឧត្តម ក្នុងស្មារតីបង្រួបបង្រួមជាតិ”។»

ចំណែកការប្រកាសវិលត្រឡប់ចូលប្រទេសក្នុងឆ្នាំ២០១៥ លោកថា លោក ហ៊ុន សែន​ ព្រមានចាប់រូបលោក ចំណែកលោក ស ខេង និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ទាក់ទងទៅលោកថា ឲ្យផ្អាកវិលចូលកម្ពុជា ព្រោះស្ថានការណ៍តានតឹងខ្លាំង។​

ទោះយ៉ាងណានៅក្នុងសប្តាហ៍នេះ លោក ស ខេង បញ្ជាក់លើផេកហ្វេសប៊ុករបស់លោក នៅក្នុងសប្តាហ៍នេះថា លោកមិនបានទាក់ទងសម្របសម្រួលជាមួយលោក សម រង្ស៊ី ទេ។

ចំណែកលោក ហ៊ុន សែន​ ថ្លែងកាលពីម្សិលមិញថា លោកត្រៀមចាប់ខ្លួនលោក សម រង្ស៊ី ហើយអ្នកដែលអមដំណើរជាមួយលោក សម រង្ស៊ី ក៏អាចត្រូវចាប់ខ្លួនដែរ។​

លោក សម រង្ស៊ី ប្រកាសថា នឹងវិលមកកម្ពុជាវិញនៅពេលឆាប់ៗនេះ ប៉ុន្តែមិនបានបញ្ជាក់ថា មកថ្ងៃណាឲ្យប្រាកដនោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ