មេដឹកនាំ​ម៉ាឡេស៊ី​សង្ឃឹម​ថា នឹង​កាត់​បន្ថយ​ទំហំ​បំណុល​ដ៏​មហិមា​ក្នុង​រយៈ​ពេល​២​ឆ្នាំ

នាយករដ្ឋ​មន្ត្រីម៉ាឡេស៊ី​ លោក មហាធៀ មហាមេធ រូបភាព៖ AP

ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama បាន​ចុះ​ផ្សាយ​ថា នាយករដ្ឋ​មន្ត្រី​ លោក មហាធៀ មហាមេធ រំពឹង​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​ នឹង​អាច​កាត់​បន្ថយ​ទំហំ​បំណុល​សាធារណៈ​របស់​ប្រទេស​នេះ​បាន នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី បាន​ចុះ​ផ្សាយ​ថា លោក មហាធៀ បាន​ថ្លែង​បែប​នេះ​អំឡុង​ពេល​លោក​និយាយ​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ជាមួយ​សមាជិក​នៃ​សមាគម​អាស៊ី នៅ​ឯ​ទីក្រុង​​ញូវយ៉ក កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

លោក មហាធៀ បាន​ថ្លែង​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ផ្ដោត​សំខាន់​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ស្ដារ​ឡើង​វិញ​នូវ​សុខមាលភាព​ប្រជាជន និង​សង្គ្រោះ​សេដ្ឋកិច្ច​ជាតិ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​រូប​នេះ បាន​ថ្លែង​ថា​ ជា​មេដឹកនាំ​រដ្ឋាភិបាល រឿង​ដំបូង​ដែល​លោក​ត្រូវ​ធ្វើ​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ​នេះ គឺ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ដែល​បន្សល់​ទុក​ដោយ​រដ្ឋាភិបាល​មុន ដែល​ជំពាក់​បំណុល​បរទេស​​ក្នុង​ចំនួន​ដ៏​មហិមា​ដល់​ទៅ ២៤១​ពាន់​លាន​ដុល្លារ។

ជាមួយ​ទំហំ​បំណុល​ប្រទេស​ជាតិ​ដ៏​ធំ​មហិមាបែប​នេះ លោក មហាធៀ បាន​ថ្លែង​ថា គ្មាន​ប្រទេស​គេ​អនុញ្ញាត​ឲ្យ​មាន​ទំហំ​ចំណាយ​លើស​ចំណូល​នោះ​ឡើយ ហើយ​លោក​ថា លោក​ភ្ញាក់​ផ្អើល​ដែល​ដឹង​ថា រដ្ឋាភិបាល​មុន​បាន​អនុញ្ញាត​ឲ្យ​បញ្ហា​នេះ​កើត​ឡើង។

ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី បាន​ដក​ស្រង់​សម្ដី​លោក មហាធៀ ដែល​បាន​ថ្លែង​បន្ត​ថា រដ្ឋាភិបាល​របស់​លោក​បាន​សម្រេច​លុប​ចោល និង​សើរើ​គម្រោង​ធំៗ​មួយ​ចំនួន ដែល​បាន​កាត់​បន្ថយ​ទំហំ​បំណុល​ទាំង​មូល ចាប់​តាំង​ពី​លោក​ចូល​កាន់​តំណែង​កាល​ពី​ខែ​ឧសភា​ឆ្នាំ​មុន​មក។

ក្រោយ​ពី​ឡើង​កាន់​តំណែង​សារ​ជា​ថ្មី​បាន​ជាង​កន្លះ​ឆ្នាំ​មក រដ្ឋាភិបាល​លោក មហាធៀ បាន​សម្រេច​លុប​ចោល​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា​នេះ នូវ​គម្រោង​រថភ្លើង​ដែល​គាំ​ទ្រ​ហិរញ្ញវត្ថុ​ដោយ​ប្រទេស​ចិន​មាន​តម្លៃ​ដល់​ទៅ ២០​ពាន់​លាន​ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ