មន្ត្រី​ជាន់​ខ្ពស់​ថា អាមេរិក​ជា​ទីផ្សារ​ធំ​លំដាប់​ទី​ពីរ​សម្រាប់​កម្ពុជា​ក្រោយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កើន​ឡើង​ខ្ពស់

លោក ប៉ាន សូរស័ក្តិ ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះ លើកទី៥ ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក (5th TIFA) ដែលរៀបចំឡើងនៅសណ្ឋាគារអប្សរា ផាឡេស រីសត ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម

រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ បាន​អះអាង​ថា អាមេរិកគឺ​ជា​ទីផ្សារ​ធំ​លំដាប់​ទី​២​សម្រាប់​ទំនិញ​កម្ពុជា ក្រោយ​ពី​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា-អាមេរិក បាន​កើន​ឡើង​ដល់​តម្លៃ​ ៣.៣១​ពាន់​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក​នេះ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ។

ទំព័រ​ហ្វេសប៊ុក​ក្រសួង​ពាណិជ្ជកម្ម បាន​ដក​ស្រង់​សម្ដី់​លោក ប៉ាន សូរស័ក្តិ ដែល​បាន​ថ្លែង​​បែប​នេះ​នៅ​ក្នុង​​ពិធី​បើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ចម្រុះ​លើក​ទី ៥ ស្ដី​ពី​កិច្ច​ព្រម​ព្រៀង​ក្រប​ខណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាមេរិក នៅ​ឯ​ខេត្ត​សៀមរាប នៅថ្ងៃ​នេះ។

រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​រូប​នេះ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​បាន​ថ្លែង​ថា ទំហំ​ពាណិជកម្ម​ទ្វេ​ភាគី​កម្ពុជា-អាមេរិក មាន​តម្លៃ​ដល់​ទៅ ៣.៣១​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក ដោយ​មាន​កំណើន​ដល់​ទៅ ២៧​ភាគរយ បើធៀប​នឹង​ទំហំ ២.៦១​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៧។

លោក ប៉ាន សូរស័ក្តិ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​ថ្លែង​បន្ត​ថា ទំហំ​នៃ​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក មាន​តម្លៃ​ដល់​ទៅ ២.៨៨​ពាន់​លាន​ដុល្លារ ខណៈ​ដែល​កម្ពុជា​នាំ​ចូល​ទំនិញ​ពី​អាមេរិក​វិញ មាន​តម្លៃ​តែ ៤២៦​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

តាម​រយៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​បែប​នេះ រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​បាន​ចាត់​ទុក​អាមេរិក​ជា​ទីផ្សារ​ធំ​លំដាប់​ទី ២ សម្រាប់​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា។

ក្រៅ​ពី​បង្ហាញ​ឲ្យ​ដឹង​ពី​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-អាមេរិក លោក ប៉ាន សូរស័ក្តិ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ទំហំ​នៃ​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ បាន​កើន​តម្លៃ​ដល់​ជាង ១២.១​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​បាន​កើន​ឡើង​ដល់​ទៅ ១០​ភាគរយ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក​នេះ បើធៀប​ទៅ​នឹង​តួលេខ​កាល​ពី​មួយ​ឆ្នាំ​មុន ហើយ​ទំហំ​នៃ​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​ជាតិ​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​កើន​ឡើង​ដល់ ១៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ