ក្រុម​សិទ្ធិ​មនុស្ស​ជំរុញ​​អាជ្ញាធរ​ទទួល​ខុស​ត្រូវលើ​ការ​បង្ក្រាប​ដ៏​ហិង្សា​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​ព្រះសីហនុ

អ្នកមានជម្លោះដីធ្លី​មក​ពីភូមិគគីរ ស្ថិត​ក្នុង​ឃុំបិតត្រាង ត្រូវសមត្ថកិច្ចបង្ក្រាបក្រោយហេតុការណ៍ដុតកង់ឡាន តវ៉ារឿងដីធ្លីជាមួយឧកញ៉ាម្នាក់ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។

​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​ជំរុញទៅ​អាជ្ញាធរទទួលខុសត្រូវចំពោះការ​បង្ក្រាប​ដ៏​ហិង្សា​ទៅ​លើ​ការ​តវ៉ា​ក្នុង​ជម្លោះ​ដី​ធ្លី​របស់​ពលរដ្ឋ​នៅខេត្តព្រះសីហនុ​កាល​ពី​សប្ដាហ៍​មុន ដែលបណ្ដាលឲ្យពលរដ្ឋ​មួយ​ចំនួនរង​របួស​ត្រូវគ្រាប់កាំភ្លើងបៀមនៅជាប់ឆ្អឹងខ្នង។

ពលរដ្ឋ​រាប់​រយ​នាក់​មក​ពី​ភូមិ​គគីរ ស្ថិត​ក្នុង​ឃុំ​បិតត្រាង ស្រុក​ព្រៃនប់ បាន​ប្រមូល​ផ្ដុំ​គ្នា​ដុត​កង់​ឡាន និង​បិទ​ផ្លូវ​ ដើម្បី​ជំទាស់​ទៅ​នឹង​សមត្ថកិច្ច​ចម្រុះ​​រាប់​រយ​នាក់​ ចុះ​ទៅ​អនុវត្ត​សាល​ដី​កា​របស់​តុលាការ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា​សប្ដាហ៍​មុន។

យ៉ាង​ហោច​ណាស់​ពលរដ្ឋ ២​នាក់ បាន​រង​របួស​ ក្នុង​នោះ​បុរស​ម្នាក់ ត្រូវ​បាន​បាញ់​ត្រូវ​ចំ​ផ្នែក​ស្មា ហើយ​គ្រាប់​កាំភ្លើង​បៀម​ជាប់​ក្នុង​ឆ្អឹង​ខ្នង អំឡុង​ពេល​​​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ក្រុម​សមត្ថកិច្ច​​ដែល​ប្រដាប់​ទៅ​ដោយ​អាវុធ ខែល ដំបង​ឆក់ និង​ឡាន​ទឹក។

លោក​ ពៅ​ សារ័ត្ន​ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសមៈ​ ហៅមន្ទីពេទ្យព្រះសង្ឃ​ ក្នុងរាជធានីភ្នំពេញ​ ក្រោយពីរងគ្រោះដោយសារការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច​ និងប្រជាពលរដ្ឋ​ នៅពយម៉ាចូវ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រូបភាព៖ ឃុត សុគន្ធ

បុរស​ដែល​រង​របួស​នោះ ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​របួស​នៅ​​ឯ​មន្ទីរ​ពេទ្យ​ក្នុង​រាជ​ធានី​ភ្នំពេញ ហើយ​ស្ថិត​នៅ​ក្រោម​ការ​ព្យាបាល​នៅ​ឡើយ​រហូត​មក​ដល់​ថ្ងៃ​នេះ។

ជាង​នេះ​ទៅ​ទៀត វីដេអូ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ចុង​សប្ដាហ៍​មុន បាន​បង្ហាញ​បុរស​ម្នាក់​ស្ថិត​ក្នុង​ឯក​សណ្ឋាន​កង​រាជ​អាវុធ​ហត្ថ បាន​ធ្លាក់​ច្រំ​ទៅ​លើ​បុរស​ម្នាក់​ទៀត​​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ស៊ីវិល ខណៈ​​បុរស​ម្នាក់​នោះ​ ស្ថិត​ក្នុង​ស្ថានភាព​ដៃ​ជាប់​ចំណ និង​ដេក​ដួល​នៅ​លើ​ដី។

វីដេអូឃ្លីបនៃសកម្មភាពបាញ់រះ និងប្រើអំពើហឹង្សាវាយទាត់ធាក់ របស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ…

Posted by ដែន អយុធ្យា on Saturday, January 26, 2019

អ្នកនាំពាក្យសមាគមអាដហុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា បាន​ជំរុញ​ទៅ​អាជ្ញាធរ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បង្ក្រាប​ដ៏​ហិង្សា​នេះ​ទៅ​លើ​ប្រជា​ពលរដ្ឋ ដែល​ពុំ​មាន​អ្វី​ការពារ​ខ្លួន​នោះ​ឡើយ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា

លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា៖ «យើងត្រូវពិនិត្យមើលអ្នកដែលដឹកនាំគណៈបញ្ជាការចម្រុះទាំងអស់ហ្នឹង ដែលទៅបង្ក្រាបហ្នឹង អ្នកណាដែលជាអ្នកដឹកនាំ ហើយបញ្ជាផ្ទាល់នៅទីនោះ ហើយអ្នកដែលចុះទៅផ្ទាល់តែម្ដង។ យើងមើលទៅមិនពិបាករកទេ ព្រោះមានវីដេអូ ឃើញមុខសញ្ញា​ អ្នកដែលប្រព្រឹត្តិហ្នឹង ហើយអ្នកដែលបញ្ជាពីក្រោយខ្នងហ្នឹង។ យើងចាត់​វិធានការផ្លូវច្បាប់ទៅ ព្រោះច្បាប់មិនអនុញ្ញាតឲ្យយើងធ្វើអញ្ចឹងទេ»។

អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ក៏​ស្នើទៅអាជ្ញាធរឲ្យធ្វើស៊ើបអង្កេតមួយដោយឯករាជ្យ ដើម្បីចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ដោយ​ថា អំពើ​ហិង្សា​នោះ​គឺ​ជា​បទ​ល្មើស​ព្រហ្ម​ទណ្ឌ។

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត

លោក អំ សំអាត ថា៖ «ត្រូវតែមានការស៊ើបអង្កេត ដើម្បីស្វែករកការពិត និងជនដៃដល់ដែលបាញ់គ្រាប់ពិត ដែលបណ្ដាលឲ្យរងរបួស យកទៅអនុវត្តតាមផ្លូវច្បាប់ ព្រោះអនុវត្តសាលក្រមរឿងមួយ តែរឿងព្រឹត្តិការណ៍មួយ រឿងបង្កឲ្យរងរបួស ជារឿងបទល្មើសព្រហ្មទណ្ឌមួយ»

អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឱ សារឿន បានច្រានចោលការទទួលខុសត្រូវចំពោះហេតុការណ៍ប៉ះទង្គិច ដោយថា សមត្ថកិច្ចមិនបានបាញ់ពលរដ្ឋទេ ទោះបីជាក្នុងហេតុការណ៍នោះ អាជ្ញាធរមានកាំភ្លើងក៏ដោយ។

លោកថា៖ «យើងសង្កេតឃើញបុរសម្នាក់ដែលត្រូវរបួសហ្នឹង គឺសមត្ថកិច្ចបានបញ្ជាក់ថា ការចុះប្រតិបត្តិការនេះ ពុំ​មានប្រើប្រាស់អាវុធប្រភេទឡុក ដែលបានរកឃើញក្បាលគ្រាប់នៅក្នុងខ្លួនបុរសរងគ្រោះ។ ដូច្នេះ សមត្ថកិច្ចបានដាក់ការសង្ស័យ​ អាចនឹងមានជនបន្លំណាមួយ ​ដែលគាត់ឆ្លៀតឱកាសពេលមានស្ថានការណ៍ច្របូកច្របល់។ ដូច្នេះ សមកិច្ចបានបើកការស៊ើបអង្កេត»

អ្នកជំនាញផ្នែកច្បាប់ លោក សុក សំអឿន អះអាងថា ប្រសិន​បើ​អំពើ​ហិង្សា​នោះ​បង្ក​ឡើង​ដោយ​ជន​ទី ៣ លោក​ថា សមត្ថកិច្ច​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្វែង​រក​ជន​បង្ក​នោះ មក​ផ្ដន្ទាទោស ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។

លោកមេធាវី សុក សំអឿន

លោកថា៖ «ត្រូវតែរកយុត្តិធម៌ជូនអ្នករងគ្រោះ ទី២ បើសិនជាមានជនទី៣ តាមសម្ដីព័ត៌មានរបស់អាជ្ញាធរ​ដូចថា មានជនទី៣ ក្រៅពីអាជ្ញាធរដែល​បំពេញតួនាទី បើសិនមានជនទី៣ ខ្ញុំថា ដូចសំណាងណាស់​ដែលបាញ់ទៅលើប្រជាពលរដ្ឋ បើមានជនទី៣មែន បើបាញ់ទៅលើអាជ្ញាធរទៅ​ មិនចោទប្រជាពលរដ្ឋមានកាំភ្លើងបាត់ហើយ រឹតតែមានបញ្ហាធំកើតឡើង»

ព្រះរាជអាជ្ញារងសាលាដំបូង​ខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង បាន​អះ​អាង​ថា តុលាការ​ខេត្ត​នេះ​កំពុង​តែ​ធ្វើការ​ស៊ើប​អង្កេត​លើ​ករណី​ហិង្សា​នេះ​ ប៉ុន្តែ លោក​បាន​បដិសេធ​ផ្ដល់​​ព័ត៌មាន​លម្អិត​អំពី​ដំណើរការ​នៃ​ការ​ស៊ើប​អង្កេត​នេះ។

លោក លឹម ប៊ុនហេង ប្រាប់ថា៖ «ប៉ុន្មានថ្ងៃនេះ ខាងរដ្ឋបាលខេត្ត ទាំងខាងអយ្យការហ្នឹង យើងប្រជុំគ្នាយកចិត្តទុកដាក់រឿងហ្នឹង។ អញ្ចឹង បើមានព័ត៌មានអីទៀត យើងនឹងជម្រាបជួន»

ក្រៅ​ពី​ពលរដ្ឋ​ត្រូវ​បាន​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង​ហើយ​នោះ ពលរដ្ខ ៦​នាក់​ទៀត ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ផង​ដែរ​នៅ​អំឡុង​ពេល​នៃ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ចម្រុះ​ទៅ​លើ​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​ជុំ​វិញ​ជម្លោះ​ដី​ធ្លី​របស់​ពួកគេ​ជាមួយ​អ្នកស្រី ហុង សួន ដែល​ជា​ភរិយា​របស់​ឧកញ៉ា ស៊ីវ គង់ទ្រីវ។

របាយការណ៍សង្ខេបមួយរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចេញផ្សាយចុង​ឆ្នាំ​មុន បាន​ឲ្យដឹងថា វិវាទ​ដីធ្លីទូទាំងប្រទេសជិត ១៥០០​ករណីទៀត នៅ​មិនទាន់បានដោះស្រាយចប់នៅ​ឡើយ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ