ព័ត៌មាន​ឯកជន​របស់​មនុស្ស​ផ្ទុក​មេរោគ​អេដស៍​ជាង​១​ម៉ឺន​នៅ​សិង្ហបុរី​បាន​បែក​ធ្លាយ​លើ​អនឡាយ

បុរសម្នាក់ពាក់ស្ទះដឹងពីមេរោគអេដស៍ទៅអាវយឺតរបស់គាត់។ រូបភាព៖ CNN

ការ​លេច​ធ្លាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន ឬ​ព័ត៌មាន​ឯកជន​របស់​មនុស្ស​ជាង ១​ម៉ឺន​នាក់​ បាន​ក្លាយ​ទៅ​ជា​សំណុំ​រឿង​ដ៏​លេច​ធ្លោ​នៅ​ក្នុង​សង្គម​សិង្ហបុរី​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​រំលោភ​លើ​ព័ត៌មាន​សម្ងាត់​​របស់​បុគ្គល​ឯកជន។ 

សារព័ត៌មាន​សិង្ហបុរី Channel News Asia បាន​ចុះ​ផ្សាយ​ថា ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​​មនុស្ស ១៤,២០០​នាក់ ដែល​រស់​នៅ​ជាមួយ​មេរោគ​អេដស៍ រួម​ទាំង​ព័ត៌មាន​សម្ងាត់​ដទៃ​ទៀត​ដូច​ជា​លេខ​អត្ត​សញ្ញាណ​ប័ណ្ណ និង​លេខ​ទំនាក់​ទំនង​ជា​ដើម ត្រូវ​បាន​គេ​ទម្លាយ​នៅ​លើ​ប្រព័ន្អ​អ៊ិនធឹណិត​នា​ពេល​ថ្មីៗ​នេះ។ 

រដ្ឋ​មន្ត្រី​សុខាភិបាល​សិង្ហបុរី លោក ហ្កាន គីមយ៉ុង ត្រូវ​បាន​សារព័ត៌មាន​ដក​ស្រង់​សម្ដី​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដែល​បាន​​ថ្លែង​ទទួល​ស្គាល់​អំពី​ការ​លេច​ធ្លាយ​ព័ត៌មាន​ឯកជន​របស់​មនុស្ស​មាន​ផ្ទុក​មេរោគ​អេដស៍​នេះ ហើយ​ក៏​បាន​សុំ​ទោស​ចំពោះ​បញ្ហា​នេះ​ផង​ដែរ។ 

លោក Gan Kim Yong រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងប្រាប់អ្នកកាសែត កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ រូបភាព: ONG WEE JIN

សារព័ត៌មាន​បាន​ចុះ​ផ្សាយ​បន្ត​ថា ទិន្នន័យ​ដែល​លេច​ធ្លាយ​ទាំង​នោះ មាន​សំណុំ​ឯកសារ​នៃ​ពលរដ្ឋ​សិង្ហបុរី ៥,៤០០​នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ផ្ទុក​មេរោគ​អេដស៍​ចន្លោះ​ពី​ឆ្នាំ​១៩៨៥ ដល់​ខែ​មករា ឆ្នាំ​២០១៣ និង​សំណុំ​ឯកសារ​សុខភាព​របស់​ជន​បរទេស ៨,៨០០​នាក់ ក្នុង​នោះ​មាន​ទាំង​អ្នក​កាន់​ទិដ្ឋាការ​ទេសចរណ៍ និង​ទិដ្ឋាការ​​ការងារ ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ផ្ទុក​មេរោគ​អេដសដ៍​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​២០១១។ 

ក្រៅ​ពី​ថ្លែង​សុំ​ទោស​ជា​សាធារណៈ​ហើយ រដ្ឋ​មន្ត្រី​សុខាភិបាល​សិង្ហបុរី លោក ហ្កាន គីមយ៉ុង បានឲ្យ​ដឹង​ថា អ្នក​ទម្លាយ​ព័ត៌មាន​ឯកជន​ទាំង​នោះ គឺ​បុរសឈ្មោះ Mhiky K Farrera Brochez ដែល​ជា​ជន​ជាតិ​អាមេរិក​មាន​ផ្ទុក​មេរោគ​អេដស៍ ហើយ​បាន​រស់​នៅ​សិង្ហបុរី​ចាប់​ពី​ឆ្នាំ​២០០៨​មក។ បុរស​ម្នាក់​នេះ ត្រូវ​បាន​តុលាការ​សិង្ហបុរី​កាត់​ទោស​ពី​បទ​ល្មើស​ច្រើន​ករណី ដូចជា បទ​ឆបោក និង​បទ​ល្មើស​គ្រឿង​ញៀន៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ