លោក ប្រាក់​ សុខុន​ ជំរុញឲ្យអង្គការមិនមែន​រដ្ឋាភិបាល​បរទេសគោរពច្បាប់ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា

លោក ប្រាក់ សុខុន ថ្លែងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលបរទេស។ រូបភាព៖ ជន ចាន់រ៉ែន

រដ្ឋមន្រ្តីក្រសួងការបរទេស អះអាងថា ច្បាប់កម្ពុជាបានអនុញ្ញាតឲ្យអង្គការមិនមែនរដ្ឋាភិបាលបរទេសដំណើរការដោយសេរី និងគ្មានការរឹតត្បឹត ប៉ុន្ដែលោក ក៏បាន​ទទូចឲ្យពួកគេចូលរួមគោរពច្បាប់ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា។  

ក្រសួងការបរទេសកម្ពុជា ក្រោមអធិបតីភាពរដ្ឋមន្ដ្រីក្រសួងការបរទេស លោក ប្រាក់ សុខុន នៅថ្ងៃអង្គារនេះ បានរៀបចំកិច្ចពិភាក្សាជាលើកដំបូងជាមួយក្រុមអង្គការមិនមែន​រដ្ឋាភិបាល​បរទេស ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដោយថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការណ៍ជាមួយភាគីពាក់ព័ន្ធ។  

ថ្លែងបើកក្នុងពិធីនេះ លោក ប្រាក់ សុខុន លើកឡើងថា ច្បាប់ស្ដីពីអង្គការសមាគម ដែលត្រូវបានរដ្ឋាភិបាលធ្វើវិសោធនកម្មកាលពីពេលកន្លងមក បានធានាសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលបរទេសដំណើរការដោយសេរី និងដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា។ ប៉ុន្ដែ លោកទទួលស្គាល់ថា ច្បាប់នេះបានបង្កភាពចម្រូងចម្រាស់មួយចំនួន និងការអនុវត្តនៅថ្នាក់មូលដ្ឋាន ដោយថា ភាគីពាក់ព័ន្ធនៅតែប្រើប្រាស់ទម្លាប់ចាស់ និងមិនទាន់សម្របខ្លួនបានតាមច្បាប់ថ្មី។​ 

យ៉ាងណាក៏ដោយ លោក ប្រាក់ សុខុន អំពាវនាវឲ្យក្រុមអង្គការសង្គមស៊ីវិលគោរពតាមកម្ពុជាឲ្យបានម៉ឺងម៉ាត់ ដោយថា ច្បាប់ថ្មីនេះមិនបានរឹតត្បឹតក្រុមអង្គការសង្គមស៊ីវិលនោះទេ ប៉ុន្ដែ ជំរុញឲ្យពួកគេដំណើរការដោយមានតម្លាភាព និងការទទួលខុសត្រូវចំពោះមុខច្បាប់។  

លោក ប្រាក់ សុខុន ថ្លែងថា៖ «ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានអនុម័តដើម្បីការពារសិទ្ធិ និងសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា […] ច្បាប់នេះក៏ផ្ដល់ឲ្យនូវមូលដ្ឋាន និងក្របខណ្ឌច្បាប់ច្បាស់លាស់ដើម្បីឲ្យដៃគូពាក់ព័ន្ធអាចដំណើរដោយងាយស្រួល និងធានាការគោរច្បាប់។ ការគោរពតាមច្បាប់នឹងធានាឲ្យមានប្រសិទ្ធិភាព ទំនុកចិត្ត និងនិរន្ដភាពយូរអង្វែងនៃភាពជាដៃគូរបស់យើងក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជាសម្រេចបានគោលដៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។  

បើតាមលោក ប្រាក់ សុខុន គិតត្រឹមខែធ្នូឆ្នាំ២០១៨ ក្រសួងការបរទេសបានចុះបញ្ជីអង្គការបរទេសចំនួន ៦៥ បន្ថែមទៀត ពោលគឺអង្គការបរទេសមានចំនួនសរុប ៣៨៦ ស្ថាប័ន។  

ប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំនេះ នាយិកាអង្គការជនពិការអន្ដរជាតិ Humanity and Inclusion ប្រចាំនៅកម្ពុជា លោកស្រី Edith van Wijngaarden មានប្រសាសន៍ថា កន្លងមក ក្រុមអង្គការសង្គមស៊ីវិលបរទេសបានជួបបញ្ហាស្រពិចស្រពិលមួយចំនួន និងជំរុញឲ្យរដ្ឋាភិបាលកំណត់ឲ្យបានច្បាស់អំពីកាព្វកិច្ច ដែលអង្គការសង្គមស៊ីវិលបរទេសត្រូវបំពេញ។  

លោកស្រីបន្ដថា៖ «ខ្ញុំគិតថា យើងគួរបញ្ជាក់ជាមួយ​ក្រសួងអំពីកាតព្វកិច្ចរបស់ពួកយើង បញ្ហាដូចជា ការរាយការណ៍ ទម្រង់មួយណាដែលយើងគួរប្រើ បញ្ហាទាំងអស់ហ្នឹង ដែលយើងត្រូវការការបញ្ជាក់បន្ថែមឲ្យច្បាស់»។ 

ស្ថានការណ៍នយោបាយនៅកម្ពុជាបានប្រែប្រួលខ្លាំងក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ដែលឈានដល់ការចាប់ឃុំខ្លួនអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ការបណ្តេញអង្គការ NDI របស់អាមេរិក ការធ្វើច្បាប់រំលាយគណបក្សសង្គ្រោះជាតិ និងការបង្ក្រាបលើក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយមួួយចំនួន​ ។ 

ក្រោយចោទប្រកាន់អតីតបក្សប្រឆាំងពីបទ «ក្បត់ជាតិ»នោះ រដ្ឋាភិបាលក៏បានចោទប្រកាន់អង្គការជាតិ និងអន្ដរជាតិជាង ៣០០ស្ថាប័ន ថា បានធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល​ និងជំរុញឲ្យមានចលនាបដិវដ្តពណ៌នៅកម្ពុជាផងដែរ។ ក្នុងចំណោមអង្គការជាង ៣០០នោះ មានអង្គការអន្ដរជាតិចំនួន ៤៩ ក៏ត្រូវបានគេភ្ជាប់នឹងចលនាបដិវត្ដន៍ពណ៌នោះផងដែរ ដូចជា អង្គការ USAID អង្គការ DCA/CA IRI, Peace Corps, ACILS, និង​CANVAS ជាដើម​៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ