លោក ស ខេង ថា ការទៅ​ទទួលលោក សម រង្ស៊ី ជាការ​បង្កអស្ថិរភាពក្នុងសង្កម

លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបាត់ដំបង និងខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង។ រូបភាព៖ ហ្វេសប៊ុក Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា ការទៅទទួលលោក សម រង្ស៊ី នៅពេលលោកវិលត្រឡប់ចូលមកកម្ពុជាវិញ គឺជាការបង្កអស្ថិរភាព​ក្នុងសង្គម ដោយថា លោក សម រង្ស៊ី នៅជាទណ្ឌិតមិនទាន់ត្រូវបានព្រះមហាក្សត្រលើកលែងទោសឲ្យធ្វើនយោបាយវិញនៅឡើយទេ។

ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៩ កន្លងមក ។ 

លោកថា៖ «ឥឡូវថា ចូលមក ចូលមក ចូលរបៀបម៉េចឥឡូវហ្នឹង។  ហើយអ្នកណាទៅជួនមក អ្នកណាទៅទទួល ព្រោះអត់មានវា ទី១ សម រង្ស៊ី អត់ត្រូវបានលើកលែងទោសដូចពីមុនទេ​ ពីមុនព្រះមហាក្សត្រលើកលែងទោស។  លោកឡាយព្រះហស្តលេខាលើកលែងទោស មកអ្នកណាទៅទទួលក៏បានដែរ មកតាមព្រលានយន្តហោះពោធិ៍ចិនតុង។ ប៉ុន(ប៉ុន្តែ)លើកនេះ សម រង្ស៊ី មកតាមណា​មកតាមព្រលានយន្តហោះ  មកតាមផ្លូវទឹក ឬតាមផ្លូវគោក អ្នកទៅទទួលយកហេតុផលអី ហ្នឹងហើយជាចលនាមួយដែលនាំឲ្យស្រុកទេសអស្ថិរភាព»។  

ទោះបីជាយ៉ាង លោក ស ខេង មិនបានបញ្ជាក់ពីវិធានការលើអ្នកដែលទៅទទួលលោក សម រង្ស៊ី នោះទេ។​ 

អ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក គឹមសួរ ភារិទ្ធិ ចាត់ទុកការការថ្លែងរបស់លោក ស ខេង ថាជាការបំបិទសិទ្ធិប្រជាពលរដ្ឋ។ 

លោកថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ ហើយខ្ញុំធ្លាប់ធ្វើជាអ្នកតំណាង ២០ ឆ្នាំដូចអត់មានច្បាប់ណាហាមមិនឲ្យគេទៅទទួលមនុស្សម្នាក់ៗ ដែលគេស្រឡាញ់ទេ​។ ទោះបីជាអ្នកនៅជាប់ទោស ត្រូវគេចោទប្រកាន់ វាអត់មានច្បាប់ហាម។ អញ្ចឹងបើសិនជាគាត់និយាយថា គ្រាន់តែអ្នកទៅទទួលខុសច្បាប់ កើតចលាចល វាអត់ត្រូវ។ វាទាល់តែអ្នកនឹងទៅបង្កបញ្ហាប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម កុំឲ្យតែពួកគាត់បង្កើតទៅ។ គេគ្រាន់តែទៅទទួលមនុស្សដែលគេស្រឡាញ់ មានអីខុសទៅ»។ 

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា អ្នកនយោបាយគួរតែជជែកគ្នា ដើម្បីស្វែងដំណោះស្រាយ ជាជាងការប្រើប្រាស់វិធានការច្បាប់ និងប្រើប្រាស់កងកម្លាំង។  

លោកថា៖ «អញ្ចឹងដំណោះស្រាយនយោបាយយើងចង់ឲ្យមានអ្នកនយោបាយជជែកគ្នាឲ្យរួចសិនទៅ តើអាចវិលត្រឡប់ដោយមធ្យាបាយណា ត្រូវជួយការពារ ថែរក្សាសន្ដិសុវត្ថិភាព ពេលនោះរបៀបម៉េច ហើយយើងជជែកគ្នាក្នុងន័យប្រកួតប្រជែងស្មើរភាពអី។ អាហ្នឹងរឿងប្រសើជាង ជាជាងលើយកតែកម្លាំង អាចប្រើប្រាស់កម្លាំងនេះ បានអាចប្រើប្រាស់កម្លាំងនោះបាន យកប៉ះទង្គិចគ្នា។ ខ្ញុំមានការព្រួយបារម្ភណាស់ខ្ញុំអត់ចង់ឃើញការប៉ះទង្គិច រវាងពលរដ្ឋជាមួយសមត្ថកិច្ច ឬពលរដ្ឋនិងពលរដ្ឋទេ»។ 

ក្នុងជួបជុំសមាជិកគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩  លោក សម រង្ស៊ី បានប្រកាសថា លោកនឹងវិលចូលស្រុកខ្មែរ នៅឆ្នាំ២០១៩ ដោយថា​ មិនមែនជារឿងប្រថុយប្រថាននោះឡើយ ប៉ុន្តែជាដំណើរវិលចូលមាតុភូមិវិញ ប្រកបដោយផែនការណ៍ជាក់លាក់ ធ្វើយ៉ាងណាសង្គ្រោះប្រទេសកម្ពុជាឲ្យទាន់ពេលវេលា៕​ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ