លោក សម រង្ស៊ី អំពាវនាវទៅសហភាពអឺរ៉ុបឲ្យរក្សាជំហរក្នុង​ការ​ស្តារលទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អំពាវនាវទៅសហភាពអឺរ៉ុប​ឲ្យបន្តរក្សាជំហរជួយស្តារ​ប្រជាធិ​បតេយ្យ​នៅ​ក​ម្ពុជា ដោ​យ​ថា​វិធានការព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ជាការទប់ស្កាត់​កម្ពុជា កុំឲ្យ​រអិលទៅរក​របបផ្តាច់កា​រ។ 

លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃចន្ទម្សិលមិញថា សហភាពអឺរ៉ុបត្រូវ​តែរក្សា​គោល​ជំហរឲ្យរឹងមាំ ក្នុង​កា​​រ​ជួយស្តារលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ 

លោក សម រង្ស៊ី លើកឡើងទៀតថា៖ «ក្នុងនាមប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលគណបក្សសង្គ្រោះជាតិ ធ្វើជាតំណាង ខ្ញុំសូម​ប​ញ្ជា​ក់​​​ទៅសហភាពអឺរ៉ុបថា ប្រតិកម្មរបស់សហភាពអឺរ៉ុបឆ្លើយតបទៅនឹងការរំកិលទៅរកអំណាចផ្តាច់ការនៅប្រទេសកម្ពុជា (គឺ​កា​រ​ព្យួ​រកម្មវិធីអនុគ្រោះពន្ធដារ EBA) គឺ ជាវិធានការត្រឹមត្រូវ និងសមស្រប ដែលយើងអាចទទួលយកបាន»។ 

អ​តី​តមេដឹកនាំបក្សប្រឆាំងរូបនេះ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅតែតំណាងឲ្យឆន្ទៈប្រជារាស្ត្រខ្មែរ យ៉ាងតិ​ចពា​ក់ក​​ណ្តា​​​​លប្រទេស​។ 

VOD មិនទាន់អាចសុំការបញ្ជាក់ពីតំណាងសហភាពអឺរ៉ុប​ ជុំវិញសារអំពាវនាវរបស់លោក សម រង្ស៊ី នេះបាននៅឡើយទេនៅថ្ងៃអង្គារនេះ ។ 

​កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ ស្នងការនៃគណៈកម្មការអឺរ៉ុប​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជ​កម្ម​ លោក​ស្រី​ សេស៊ីលីយ៉ា ម៉ាល​ស្ត្រុម​ បានបញ្ជាក់ជំហរលើបណ្តាញទំ​នាក់ទំ​នង​ស​​ង្គម​  Twitter ក្រោយ​ជំនួបជា​មួយរដ្ឋ​មន្ត្រី​​ក្រសួង​ការ​បរទេ​ស​ក​​ម្ពុ​​ជា លោក ប្រាក់​ សុខុន ថាសហ​ភា​ព​អឺរ៉ុបនូវតែមាន​កង្វល់ទាក់​ទងនឹង​លទ្ធិ​ប្រជាធិបតេយ្យ សិទិ្ធមនុស្ស និងនី​តិរដ្ឋ​នៅ​កម្ពុជា។ លោកស្រី ក៏បាន​បញ្ជាក់​ផងដែរថា អឺរ៉ុបនឹងប​ន្ត​រ​ក្សា​ជំហរ​ធ្វើការ​ពិ​​​ភា​ក្សាជាមួយកម្ពុជា​លើបញ្ហានេះ​។ 

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន​ សែន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានព្រមានធ្ងន់ៗថា ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចណាមួយ​មក​លើ​​ប្រទេសកម្ពុជា លោកថា មិនខុសពីសម្លាប់បក្សប្រឆាំងនោះទេ។ 

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា ពន្យល់ថា​​​​​​ ប្រព័ន្ធអនុគ្រោះព័ន្ធ​របស់​ស​ហ​ភា​ព​អឺរ៉ុប និ​​ង​​​សហរដ្ឋអាមេរិក ឲ្យមកកម្ពុជា លោកថា មានប្រភពចេញពីកិច្ច​ព្រមព្រៀងសន្តិ​ភាពទីក្រុ​ង​ប៉ា​រីស​១៩​៩១ ដែល​កិ​ច្ច​ព្រ​ម​ព្រៀ​ងនោះ បានដាក់លក្ខខណ្ឌឲ្យកម្ពុជា គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ 

លោក មឿន តុលា រំឭកថា បើអ្នកនយោបាយខ្មែរគិតប្រយោជន៍ជាតិ ពួកគេត្រូវរួមគ្នា​ជំរុញដំណើរការ​ប្រជាធិបតេយ្យ​​​ដ៏ពិ​ត​ប្រាក​​ដ​មួយ ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌស្របតាមការជំរុញរបស់សហគមន៍អន្តរជាតិ ។ 

លោកថា៖ «សម្រាប់ខ្ញុំ​​​​ ខ្ញុំថា បើសិនជាអ្នកនយោបាយ ខ្ញុំអត់សំដៅទៅខាងណាទេ បើគាត់​គិត​ពីប្រយោជន៍​ពលរដ្ឋ​ជាធំ គិតពីប្រ​យោ​ជន៍ជាតិជាធំ លក្ខខណ្ឌរបស់សហភាពអឺរ៉ុបក៏ដោយ របស់សហរដ្ឋ​អាមេរិក​​ក៏ដោយ វា​អត់ធ្វើឲ្យរ​លាយ ឬក៏សាបសូន្យ​នូវអធិបតេយ្យ​ភាព​រប​​​ស់ប្រទេស​ទេ។ បើយើងមើលលក្ខខណ្ឌទាំងពីរហ្នឹង គេ​អត់បានតម្រូវឲ្យ​កម្ពុជា ត្រូវតែផ្តល់ដីសម្បទាន ឬក៏កាត់ខេ​ត្តណា​មួយ​រប​ស់កម្ពុជាឲ្យទៅប្រទេសទាំងពីរហ្នឹងដែរ»។ 

ដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនេះ បានជំរុញឲ្យសមាគមន៍អ្នកជំនួយ៤០ ក្នុងនោះ​មានទាំង ប្រ​ធាន​ស​ភា​ពា​ណិជ្ជកម្មកម្ពុជា លោក គិត ម៉េង  ផងដែរ បានចុះហត្ថលេខា​លើលិខិតមួយផ្ញើទៅ​កាន់ស្នងការនៃគណៈកម្មការអឺរ៉ុប​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជ​កម្ម​  ​កុំឲ្យ​ដក​ប្រព័ន្ធអនុគ្រោះ​ពន្ធ​នេះ​។ ក្រុម​អ្នកជំនួញ​ទាំងនោះលើកឡើង ថាការ​ដក ​EBA  នឹង ប៉ះពាល់ដល់ជីវភាពរបស់កម្មករព្រមទាំងក្រុមគ្រួសាររបស់ពួកគេ ដែលពឹងផ្អែកទៅលើវិស័យកាត់ដេរ និងមា​ន​​​ឥទ្ធិ​​ព​លអវិជ្ជមានកាន់តែខ្លាំង ទៅដល់ស្ដ្រី៨៥ភាគរយរស់​នៅតាម​ជនបទ ដែល​ជាកម្មការិនីកាត់ដេរ ក្នុងចំ​ណោម​​អ្នក​កា​ត់ដេ​រ៧​០ម៉ឺននាក់៕​ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ