របាយការណ៍៖ ​អំពើពុករលួយកម្ពុជា នៅតែខ្ពស់​ជាងគេក្នុងតំបន់​អាស៊ាននា​ឆ្នាំ២០១៨

សន្និសីទសារព័ត៌មានសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយ ឆ្នាំ២០១៩។ រូបភាព៖ ណាត សុភាព

អង្គការតម្លាភាពហៅកាត់ថា (TI) រកឃើញថាកម្ពុជា ធ្លាក់ចុះ១ពិន្ទុសម្រាប់សន្ទស្សន៍អំពើពុករលួយក្នុងឆ្នាំ២០១៨ បើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៧ ហើយ​​​​ពិន្ទុនោះក៏​ទាប​​បំផុតក្នុង​ចំណោម​ប្រទេស​ជា​សមា​ជិក​អាស៊ានផងដែរ​។​

របាយការណ៍របស់​អង្គការ​តម្លាភាពកម្ពុជាឲ្យដឹងថា ប្រទេសកម្ពុជាបានទទួលចំណាត់ថ្នាក់ទី១៦១ ក្នុងចំណោមប្រទេសចំនួន១៨០ ដែលត្រូវបានបញ្ចូលក្នុងសន្ទស្សន៍នេះ​ ហើយចំណាត់ថ្នាក់នេះនៅដដែលដូចឆ្នាំមុន​(១៦១/១៨០)។ របាយការណ៍ដដែល​ បង្ហាញ​ថា​ក្នុងចំណោម​ប្រទេស​ជាសមាជិក​អាស៊ាន​ទាំង១០ ប្រទេស​សឹង្ហបុរីជាប្រទេស​ដែល​ស្អាតស្អំជាងគេ ពោល​គឺទទួលបាន​ពិន្ទុរហូតដល់​៨៥ ខណៈដែល​កម្ពុជាទទួលបានតែ​២០ពិន្ទុប៉ុណ្ណោះ។ ប្រភពដដែល​ឲ្យដឹងថា តាម​រយៈពិន្ទុនេះកម្ពុជា នៅតែ​ជា​ប្រទេសដែលមានកម្រិតអំពើពុករលួយខ្ពស់។

របាយការណ៍តម្លាភាពដដែល​ឲ្យដឹងថា សន្ទស្សន៍ចំណាត់ថ្នាក់ប្រទេស និងដែនដីសរុបចំនួន១៨០នោះ ត្រូវបានដាក់ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពីសូន្យ​ទៅ១០០។ ពិន្ទុសូន្យ មានន័យថា ពុករលួយខ្លាំង ហើយ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីសន្ទស្សន៍ នៃការយល់ឃើញអំពីអំពើពុករលួយ ឆ្នាំ២០១៨  នាថ្ងៃនេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ថ្លែងថា កម្ពុជាទទួលបាន២០ពិន្ទុ សម្រាប់សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនៅឆ្នាំ២០១៨ បើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៧ ពោលមានការធ្លាក់ចុះ១ពិន្ទុប៉ុណ្ណោះ។ លោកបន្តថា ដើមចមដែលនាំឲ្យធ្លាក់ចុះ១ពិន្ទុ ដោយសារពិន្ទុស្តីពីអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យធ្លាក់ចុះពី១៩/១០០ ក្នុងឆ្នាំ២០១៧ មកត្រឹម១២/១០០ ក្នុងឆ្នាំ២០១៨។

លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីសន្ទស្សន៍ នៃការយល់ឃើញអំពីអំពើពុករលួយ ឆ្នាំ២០១៨ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ណាត សុភាព

លោកថ្លែងថា៖ «អ្វីដែលទាញកម្ពុជាឲ្យធ្លាក់១ពិន្ទុ ហើយចំណុចនេះ កក្តានេះ គឺនិយាយពីប្រជាធិបតេយ្យ  និយាយអំពីពុករលួយ នយោបាយ និយាយអំពីការដោះស្រាយក្នុងប្រព័ន្ធយុត្តិធម៌ អ្វីដែលនាំឲ្យពិន្ទុកម្ពុជាធ្លាក់ចុះ ទាក់ទងទៅនឹងសុខភាពប្រជាធិបតេយ្យ ព្រោះចេញលទ្ធផលមកគឺថាប្រជាធិបតេយ្យនៅស្រុកខ្មែរអត់ល្អ បានធ្លាក់ចុះ »។

វីអូឌី មិនអាចសុំការបំភ្លឺពីប្រធានអង្គភាព​ប្រឆំាងអំពើពុករលួយលោក ឱម យិនទៀងបានទេ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន​ មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍នឹងរបាយការណ៍របស់អង្គការតម្លាភាពនោះទេ ដោយថា រដ្ឋាភិបាលកំពុង​ធ្វើកំណែទម្រង់រចនាសម្ព័ន្ធរបស់រដ្ឋមួយចំនួនទៀត ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរនិងស្របតាមគោលនយោបាយចតុកោណរបស់រដ្ឋាភិបាល។

លោកមានប្រសាសន៍ថា៖ «ពិន្ទុប៉ុន្មានក៏ដោយ គឺ​មិនគិតគួរយកបញ្ហានេះ យកមកគិតគូធ្វើជាមូលដ្ឋាន ។សម្រាប់ការអភិវឌ្ឍប្រទេសឲ្យរីកចំរើន​ យើងធ្វើទៅតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រែក្លាយទៅជាកម្មវិធីនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីកសាងប្រទេសជាតិឲ្យមានការរីកចំរើន» ។

អង្គការតម្លាភាព ផ្តល់ជាអនុសាសន៍ថា ដើម្បីកាត់បន្ថយអំពើពុករលួយបាន រដ្ឋាភិបាល ត្រូវ​ធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ ជាពិសេសទាក់ទងនឹងការប្រកាសទ្រព្យសម្បត្តិ អនុម័តឲ្យទាន់ពេលនូវបទបញ្ញត្តិដែលលើកកម្ពស់សិទ្ធិពលរដ្ឋទទួលបានព័ត៌មានសាធារណៈ និងការពារបុគ្គលរាយការណ៍ ពង្រឹងស្ថាប័នដែលពាក់ព័ន្ធនឹងការលើកកម្ពស់នីតិរដ្ឋ ដោះស្រាយដោយតម្លាភាព បង្កបរិយាកាសឲ្យមានការចូលរួមយ៉ាងសកម្មពីអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីរួមគ្នាប្រឆាំងអំពើពុករលួយ។ អង្គការនេះ ក៏ជំរុញឲ្យ​បង្កើតយន្តការធានាគណនេយ្យភាព ប្រព័ន្ធត្រួតពិនិត្យ និងធានាតុល្យភាពអំណាចទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងជំរុញវប្បធម៌សុចរិតភាព តម្លាភាពនៅគ្រប់ស្រទាប់នៃសង្គម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ