អាមេរិក​ចោទ​ក្រុមហ៊ុន Huawei ថា បាន​លួច​បច្ចេកវិទ្យា​ និង​រំលោភ​ច្បាប់​អាមេរិក

ទីស្នាក់ការក្រុមហ៊ុន Huawei (រូបភាព៖ Reuter)

ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​ផ្សាយ​ថា តុលាការ​អាមេរិក​បាន​ទម្លាយ​ឲ្យ​ដឹង​អំពី​បទ​ចោទ​ប្រកាន់​ ២​ករណី​ទៅ​លើ​​ក្រុមហ៊ុន​ Huawei ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ដ៏​ធំ​របស់​ប្រទេស​ចិន ហើយ​ការ​ចោទ​ប្រកាន់​នេះ នឹង​រឹត​តែ​ធ្វើ​ឲ្យ​មហា​អំណាច​ចិន និង​អាមេរិក កាន់​តែ​មាន​ភាព​តាន​តឹង​នឹង​គ្នា​ថែម​ទៀត ក្នុង​នោះ​មាន​ទាំង​ករណី​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​ក្រុមហ៊ុន​មួយ​នេះ​ពី​សំណាក់​អាជ្ញាធរ​កាណាដា ទៅតាម​សំណើ​ចាប់​ខ្លួន​ធ្វើ​ឡើង​ដោយ​អាមេរិក។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​ចុះ​ផ្សាយ​ថា ក្រសួង​យុត្តិធម៌​អាមេរិក បាន​បញ្ចេញ​ឲ្យ​ដឹង​នូវ​ការ​ចោទ​ប្រកាន់ ១៣​ករណី​ទៅ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei នាយិកា​ហិរញ្ញវត្ថុ​ក្រុមហ៊ុន អ្នកស្រី ម៉េង វ៉ាន់ចូវ ដែល​ជា​កូន​ស្រី​ស្ថាបនិក​នៃ​ក្រុមហ៊ុន​នេះ និង​មនុស្ស ២​នាក់​ផ្សេង​ទៀត ដែល​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​លើ​ច្បាប់​ទណ្ឌកម្ម​ដែល​អាមេរិក​ដាក់​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់។ អ្នកស្រី ម៉េង សព្វថ្ងៃ​នេះ កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំ​នៅ​ក្នុង​ប្រទេស​កាណាដា​នៅ​ឡើយ។

ករណីរបស់​អ្នកស្រី ម៉េង កំពុង​តែ​បញ្ឆេះ​វិបត្តិ​ដ៏​ធំ​មួយ​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​អូតាវ៉ា ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ចិន​ថា ធ្វើ​អ្វី​តាម​តែ​បំណង​របស់​ក្រុង​វ៉ាស៊ីងតោន។

AFP បាន​ចុះ​ផ្សាយ​បន្ត​ថា បទ​ចោទ​ប្រកាន់ ១០​ករណី ត្រូវ​បាន​គេ​ប្ដឹង​ឡើង​ប្រឆាំង​នឹង​មនុស្ស​ ២​នាក់​របស់​ក្រុមហ៊ុន Huawei ថា​បាន​លួច​បច្ចេកវិទ្យា​រ៉ូបូត​របស់​ក្រុមហ៊ុន T-Mobile របស់​អាមេរិក។

អ្នកស្រី ម៉េង ដែល​ត្រូវ​បាន​សមត្ថកិច្ច​កាណាដា​ចាប់​ខ្លួន​នៅ​ទីក្រុង​វ៉ាន់កូវ័រ​កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ​កន្លង​មក​ ទៅតាម​សំណើ​របស់​ក្រុង​វ៉ាស៊ីងតោន​នោះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​បញ្ជូន​ទៅ​អាមេរិក ចំ​ពេល​មាន​សម្ពាធ​ពីក្រុង​ប៉េកាំង​ទៅ​លើ​ប្រទេស​កាណាដា ដែល​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​ជន​ជាតិ​កាណាដា ២​នាក់ ជា​ការ​សង​សឹក​មក​វិញ។

អគ្គ​រដ្ឋ​អាជ្ញារ​ស្ដី​ទី​អាមេរិក ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​បាន​ថ្លែង​ថា សំណើ​សុំ​​ធ្វើ​បត្យាប័ន​​អ្នក​ស្រី ម៉េង នឹង​ត្រូវ​បញ្ជូន​ទៅ​កាណាដា​នៅ​ថ្ងៃ​ទី​៣០ ខែ​មករា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ