សង្គ​មស៊ី​វិល ថា​បើប្រជា​ធិប​តេយ្យធ្លា​ក់ចុះ​ អំពើ​ពុក​រលួ​យនឹ​ងកើ​ន​ឡើង​

ចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រុមអ​ង្គកា​រ​សង្គមស៊ី​វិលបានបង្ហាញការយល់ឃើញរបស់ពួកគេថា ​បើ​ដំ​ណើរការ​ប្រជាធិប​តេយ្យធ្លា​ក់​ចុះ​ នោះអំ​ពើពុករ​លួ​យនឹ​ងកើន​ឡើង​។

​អង្គការតម្លាភាពកម្ពុជា កាលពីម្សិលមិ​ញបានចេញរបាយការណ៍ស្រាវ​ជ្រាវ​មួយ​រក​ឃើញថា ប្រទេ​សកម្ពុជា​នៅតែ​មាន​​អំពើពុករលួយខ្ពស់ជាង​គេដដែល បើប្រៀបធៀបទៅនឹងប្រទេសជាសមាជិកអាស៊ាន​ផ្សេង​ទៀត​។ របាយការណ៍ដដែល បង្ហាញថា មូលហេតុចំបងមួយដែល​ធ្វើឲ្យ​កម្ពុជានៅតែមាន​បញ្ហាកើតឡើងនេះ ដោយសារ ​ដំ​ណើរ​កា​រ​​ប្រជាធិ​បតេ​​យ្យធ្លាក់ចុះ។

សន្និសីទសារព័ត៌មានសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយ ឆ្នាំ២០១៩។ រូបភាព៖ ណាត សុភាព

នាយកប្រតិបត្តិអង្គការនេះ គឺលោក ព្រាប កុល បញ្ជាក់បន្ថែម​ក្នុងសន្និសីទ កាលពីម្សិលមិញថា៖ «អ្វីដែលទាញ​កម្ពុជា​ឲ្យ​ធ្លា​ក់១ពិន្ទុ កត្ដានេះ គឺនិយាយពីប្រជាធិបតេយ្យ  និយាយអំពីពុករលួយនយោបាយ និយាយ​អំ​ពី​​ការដោះ​ស្រាយក្នុង​ប្រ​ព័​ន្ធ​យុ​​ត្តិធម៌ អ្វី​ដែ​លនាំឲ្យពិន្ទុកម្ពុជាធ្លាក់ចុះ ទាក់ទងទៅនឹងសុខភាពប្រជាធិបតេយ្យ ព្រោះ​​ចេញ​លទ្ធ​ផលម​ក គឺ​​ថា​​ប្រ​ជា​ធិ​ប​តេ​យ្យ​នៅ​ស្រុកខ្មែរអត់ល្អ បានធ្លាក់ចុះ »។

នាយកប្រតិប​ត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍ថា ប្រ​ទេស​ដែ​ល​​​ប្រកាន់​លទ្ធិ​​ប្រ​​​ជា​ធិបតេយ្យ គេបើកលំហសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ សេរីភាពសង្គមស៊ីវិល សារព័ត៌មានឯករាជ្យ និង​ប្រព័ន្ធ​តាមដាន​មួ​យ​​​ទៀត គឺគណបក្សប្រឆាំងជាដើម។ លោ​ក មឿន តុលា ឲ្យដឹងទៀតថា ប្រព័ន្ធទាំងអស់នេះ ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម និងជាខ្សែញាក់មន្ត្រីខិលខូចកុំឲ្យងា​កចេ​ញ​ពី​គ​ន្ល​ងច្បាប់។ លោកថា បើប្រព័ន្ធឆ្លុះបញ្ចាំងនេះធ្លាក់ចុះ អំពើពុករលួយនឹងកើនឡើង ហើយថា ​ផល​ប៉ះ​ពាក់នឹង​ធ្លាក់ទៅលើវិ​ស័យ​ការ​​ងារ សេដ្ឋកិច្ចសង្គម ជីវភាពពលរដ្ឋ មន្ត្រីរាជការ និងប៉ូលីសទាហានផងដែរ។

លោក មឿន តុលា ពន្យល់ទៀតថា វិធានការទប់ស្កាត់អំពើពុករលួយពិតប្រាកដ គឺការបើកលំហប្រជាធិបតេយ្យ។

លោកថា៖ «បើកាលណាប្រព័ន្ធប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនេះ មានលក្ខខណប្រសើរ វាធ្វើឲ្យមន្ត្រីសាធារណៈ​ហ្នឹងមានការប្រ​យ័ត្ន​​​ប្រ​យែង ឬក៏មានការទទួលខុសត្រូវចំពោះ​ការងាររបស់ខ្លួន​។​ អញ្ចឹង វាធ្វើឲ្យកាត់បន្ថយអំពើ​ពុករ​លួយ​ហ្នឹង​​កាន់​តែច្រើន មាន​ន័យ​ថា ​មានអំពើពុករលួយតិចតួច ឬក៏គ្មានសោះតែម្តង»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ការធ្លាក់ចុះ​នៃដំណើរ​ការប្រជាធិបតេយ្យ​បានបិទប្រព័ន្ធជំរុញអភិបាលកិច្ចល្អ។ លោកថា ពេលនោះ ជា​ឱកាសមន្ត្រីខិលខូច ប្រើតួនាទី​សម្រាប់កឹប​កេងសម្បត្តិរដ្ឋ និង​បំផ្លា​ញ​​ធនធានធម្មជាតិ ។

លោកថា៖ «ឱកាសនៃការកាប់បំផ្លាញព្រៃឈើ វាបានកើតឡើងនៅពេលដែលមានបរិយាកាសអាប់អួរ ហើយ​នៅពេលហ្នឹ​ងហើយពួ​ក​ខិ​ល​​​ខូចនិងមាន​ឥទ្ធិពលមួយចំនួនហ្នឹង គេ​នឹងរកមធ្យោបាយដើម្បី​កាប់បំផ្លាញ​ព្រៃ​ឈើ។​ នេះគឺ​ជាទិដ្ឋភាពមួ​យនៃ​ឱ​កា​ស​នៃ​ការរំ​លោ​ភអំ​ណាច ដោយជនខិលខូច វាស្របពេលនឹង​បរិយាកាសន​យោបាយ បានន័យ​ថា ដំណើរការ​អាប់អួរ​នៃដំ​ណើ​រការ​ប្រជា​ធិ​ប​តេយ្យ»។

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម លោក ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា ប្រទេសដែលមានអំពើពុក​រលួយខ្ពស់ មិ​ន​អា​ច​ទាក់​ទាញអ្ន​ក​វិ​​​​​​និ​យោគ​ធំៗ និងស្មោះត្រង់បានទេ ព្រោះពួកគេត្រូវការរកស៊ីនៅប្រទេសមានប្រព័ន្ធ​ច្បាប់​រឹង​មាំ​​និង​គ្មា​នអំ​ពើ​ពុក​​លួ​យ។

លោកថា៖ «នៅក្នុងប្រព័ន្ធមួយដែលអត់មានតម្លាភាព ហើយនីតិរដ្ឋហ្នឹង វាមានកម្រិតទាប នៅពេលនោះ ទាំងគេ​ទាំងយើ​ងមិនចង់​​មករក​ស៊ី​ទេ។ ភាសាសាមញ្ញ យើងនិយាយថា ធ្វើអីវាអត់ច្បាស់លាស់។ អ​ញ្ចឹង នៅពេលដែលអា​លុយក្រោម​តុ [ពុករលួ​យ] វា​ច្រើ​នជាង​អា​​លុយបង់ផ្លូវការ គ្មានប្រទេសណាគេចង់មករកស៊ីជាមួយ​យើង ឬប្រទេសដែលប្រតិបត្តិបែបហ្នឹងទេ»។

លោក ប៉ា ច័ន្ទរឿន បានលើកជាឧទាហរណ៍ថា ដូចនៅសាំងហ្គាពួរ មានអ្នកវិនិយោគទៅច្រើន ដោយសារ តែប្រទេសគេមាន​ប្រព័​ន្ធ​ច្បា​ប់គេរឹងមំា និងគ្មានអំពើពុករលួយ។

អ្នក​តាមដានសង្គមរូបនេះ ផ្តល់យោបល់ថា ដើម្បីទប់ស្កាត់អំពើពុករលួយ ត្រូវបើកលំហប្រជាធិបតេយ្យឡើងវិញ ហើយក្បាល​ម៉ា​ស៊ី​​ន​​ដឹកនាំ ត្រូវមានតុល្យភាព​​អំណាច រវាងបក្សកាន់អំណាច និងបក្សប្រឆាំង ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សកាន់​អំណាច លោក សុខ ឥសាន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​តាមរយៈ​ប្រព័ន្ធតេឡេ​ក្រាម កាល​ពីម្សិលមិញថា គណបក្សប្រជាជនដឹកនាំប្រទេស​ផ្អែក​លើ​កម្មវិធី​នយោបាយ​របស់​ខ្លួន​​ មិនពឹងលើការដាក់​ពិន្ទុនោះទេ។

លោកបាន​សរសេរបន្តថា៖ «ការដាក់​ពិន្ទុប៉ុន្មាន​ វាស្ថិតនៅលើអ្នកដាក់​ពិន្ទុ។​ តាំងពីដើមមករាជរដ្ឋាភិបាលកម្ពុជា​មិន​ផ្អែកលើពិន្ទុក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស​ទេ។»

ស​​​​ហ​​ភាពអឺរ៉ុប កំពុងដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា បើរដ្ឋាភិបាលមិនព្រមស្តារប្រ​ជាធិបតេយ្យឡើ​ងវិញ។ ចំណែ​កស​មា​​​​ជិ​​ក​​សភាអា​​​មេរិក កំពុងពន្លឿនច្បាប់បង្កកទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់មួយចំនួន ដែលពួកគេយល់ថា បានបំ​ផ្លា​ញ​ប្រ​​​​​​ជាធិ​បតេ​​យ្យ​​​នៅកម្ពុជា ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ