សាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកាសុំនៅក្រៅឃុំរបស់លោក រ៉ាត់ រត្នមុនី នៅថ្ងៃស្អែក

ប្រធានសហជីពកម្មករសំណង់លោក រ៉ាត់ រត្នមុនី។ រូបភាព៖ ហ្វេសប៊ុក Rath Rott Mony

សាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកាជុំវិញសំណុំរឿងស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន​របស់​លោក ​រ៉ាត់ រត្ន​មុនី នៅថ្ងៃស្អែកនេះ។

ប្រធាន​សហព័ន្ធ​សហជីព​សំណង់​កម្ពុជា លោក ​រ៉ាត់ រត្ន​មុនី ​កាល​ពី​ថ្ងៃ​ទី​១៣ ខែធ្នូ ត្រូវ​បាន​​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​រក​ឃើញ​ថា ​គាត់​បាន​ចូលរួម​ជួយ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​របស់​ស្ថានីយ​ទូរទស្សន៍​​រុស្ស៊ី ​RT រឿង «​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»

អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ មានប្រសាសន៍ថា សំណុំរឿង​លោក រ៉ាត់ រត្នមុនី នឹងត្រូវ​ប្រកាសសាលដីកានៅថ្ងៃស្អែក ម៉ោង៨:៣០នាទីព្រឹក។ ដោយឡែក លោកថា មិនដឹងតុលាការជូនដំណឹង​ឬមិនបានជូនដំណឹងទៅមេធាវីការពារក្តីឲ្យលោក រ៉ាត់ រត្នមុនី នោះទេ។ ប៉ុន្តែលោកថា សំណុំរឿងនេះជារឿងរដ្ឋប្បវេណី មិនបាច់មានមេធាវីក៏ជំនុំជម្រះបានដែរ។

លោកមានប្រសាសន៍ថា៖ «បើសិនជាមានមេធាវី គេកោះហៅមេធាវីឲ្យចូលខ្លួន ដើម្បីធ្វើសេចក្តីថ្លែងការណ៍ ទៅតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនេះជាសំណុំរឿង រដ្ឋប្បវេណី មិនមែនជារឿងព្រហ្មទណ្ឌ ឬបទឧក្រិដ្ឋឯណា»។

លោក សំ ទិត្យសីហា ជាមេធាវីការពារក្តីឲ្យលោក រ៉ាត់ រត្នមុនី បានពន្យល់តាមនីតិវិធីច្បាប់ថា លោកបានដាក់ពាក្យប្តឹងទៅសាលាដំបូង ដើម្បីសុំឲ្យកូនក្តីបាននៅក្រៅឃុំជារឿងព្រហ្មទណ្ឌ​ ។ ករណីនេះ លោកថា តាមនីតិវិធី​សាលាឧទ្ធរណ៍ត្រូវជូនដំណឹង​ទៅមេធាវី ដើម្បីត្រៀមខ្លួនចូលការពារក្តីនោះ​ ប៉ុន្តែ លោកថា តុលាការ​មិនបានជូនដំណឹងនោះទេ ដោយលោកហៅការជម្រះក្តីដោយពុំមានមេធាវី ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិកូនក្តីរបស់លោកមួយផ្នែក។

លោកមានប្រសាសន៍ថា៖ «ករណីនេះ ក្នុងនាមខ្ញុំមេធាវី បាត់ឱកាសក្នុងការចូលរួមក្នុងសវនាការនៃអង្គសេចក្តី។ ខ្ញុំមានការសោកស្តាយ ហើយក៏យើងមិនបានលើកទឡ្ហីករ ឬក៏អង្គហេតុ ឬក៏អង្គច្បាប់ណាមួយ ដើម្បីជួយដល់កូនក្តី ហើយទាក់ទងរឿង​រដ្ឋប្បវេណី មិនអាច​ឃុំខ្លួនជនណាម្នាក់តាមរយៈសំណុំរឿង​រដ្ឋប្បវេណីបានទេ​»។

ក្រោយពីសាលាឧទ្ធរណ៍បើកការ​សាកសួរនាព្រឹកនេះ ភរិយារបស់លោក រ៉ាត់ រត្នមុនី  គឺអ្នកស្រី ឡុង គឹមហ៊ាង បាន​អំពាវនាវទៅតុលាការដោះលែងស្វាមីគាត់ឲ្យបាននៅក្រៅឃុំ ដើម្បីបានជួបជុំគ្រួសារ រកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ ខណៈជីវភាពគ្រួសារកំពុងជួបបញ្ហាប្រឈម។

អ្នកស្រីអំពាវនាវថា៖ «ខ្ញុំជាប្រពន្ធនៅជាមួយគាត់ យើងមានផ្ទះ មានគ្រួសារ មានការងារពិតប្រាកដ។ ដូច្នេះ តុលាការអាចអនុញាតឲ្យប្តីខ្ញុំបាននៅក្រៅឃុំ។ ហើយតុលាការ អាចបន្តនីតិវីធីស៊ើបសួរតាមនីតិវីធីរបស់តុលាការទៀត​ចុះ តែយើងសុំឲ្យបាននៅក្រៅឃុំ ដើម្បីបន្តធ្វើការងារ មានប្រាក់ចំណូល ផ្គត់ផ្គង់ចិញ្ចឹមគ្រួសារ។ បើសិនគាត់នៅក្នុងហ្នឹងទៀត ខ្ញុំនឹងគ្រួសារខ្ញុំនឹងក្លាយជាគ្រួសារក្រីក្រមួយនៅក្នុងកម្ពុជា ពីព្រោះយើងបាត់បង់ចំណូល​ បាត់បង់ប្រាក់ខែ អត់មានធ្វើអ្វីទេ​»។

កាល​ពី​ខែ​តុលា​កន្លង​ទៅ​ សារព័ត៌មាន​រុស្ស៊ី​ Russia Today (RT) បាន​ចេញ​ផ្សាយ​នូវ​ភាពយន្ត​ឯកសារ​មួយ​ដែល​មាន​ចំណង​ជើង​ថា «ម្ដាយ​ខ្ញុំ ​លក់​ខ្ញុំ» ដែល​វីដេអូ​ឯកសារ​នេះ និយាយ​អំពី​ស្រ្តី​ខ្មែរ​លក់​កូន​ស្រី​ខ្លួន​ឯង ដោយសារ​ជីវភាព​ខ្វះខាត ក៏ដូចជា​ស្ថានភាព​ស្រ្តី​ដែល​​ប្រកប​មុខរបររកស៊ី​​ផ្លូវ​ភេទ​នៅ​កម្ពុជា។

ក្រោយ​ពី​ការ​ផ្សព្វផ្សាយ​វីដេអូ​នេះ សមត្ថកិច្ច​កម្ពុជា​បក​ស្រាយ​ថា វីដេអូ​នេះ ជា​រឿង​ប្រឌិត​ឡើង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ដល់​ប្រទេស​កម្ពុជា​ ហើយ​ក្រោយ​មក​បាន​បើក​ការ​ស៊ើបអង្កេត​រក​អ្នក​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ផលិត​វីដេអូ​នេះ ​ដែល​ឈាន​ដល់​ការ​ចាប់​នឹង​ឃុំ​ខ្លួន​លោក រ៉ាត់ រត្ន​មុន្នី​។

លោក រ៉ាត់ រត្នមុនី ត្រូវ​បាន​តុលាការ​​សម្រេច​ចោទ​ប្រកាន់​ថា ញុះញង់​ឲ្យ​មានការ​រើស​អើង តាម​មាត្រា​៤៩៦ ​នៃ​ក្រម​ព្រហ្មទណ្ឌ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ​បន្ទាប់​ពី​គាត់​ត្រូវ​បានអាជ្ញាធរ​ប្រទេស​ថៃ​ចាប់​បញ្ជូន​ត្រលប់​មក​កម្ពុជាវិញ។ ប្រសិន​បើ​លោក​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​កំហុស​មែន​នោះ លោក ​រ័ត្ន​មុនី ​អាច​នឹង​ត្រូវ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ពី ១ ទៅ ៣​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ