វិភាគ៖ ហេតុអ្វី​កម្ពុជា​នៅ​តែ​ជា​រដ្ឋ​មាន​កម្រិត​អំពើ​ពុក​រលួយ​ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់?

ស្ថានភាពចរាចររបស់ពលរដ្ឋ នៅតាមបណ្ដោយផ្លូវមុខទីស្ដីការគណរដ្ឋមន្ត្រី ក្រុងភ្នំពេញ។ (រូបភាព៖ ជន ចាន់រ៉ែន)

កម្ពុជា​នៅ​តែ​ត្រូវ​បាន​វាយ​តម្លៃ​ថា ជា​ប្រទេស​មាន​កម្រិត​អំពើ​ពុក​រលួយ​ខ្ពស់​បំផុតនៅ​ក្នុង​តំបន់ និង​ជា​ប្រទេស​មាន​កម្រិត​អំពើ​ពុក​រលួយ​ខ្ពស់​បំផុត​មួយ​នៅ​ក្នុង​ចំណោម​​បណ្ដា​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភព​លោក​នៅ​ក្នុង​រយៈ​ពេល ២​ឆ្នាំ​ជាប់ៗ​គ្នា។

កម្ពុជា​ត្រូវ​បាន​វាយ​តម្លៃ​បែប​នេះ​នៅ​ក្នុង​របាយការណ៍​ស្ដី​ពី «សន្ទស្សន៍​អំពើ​ពុក​រលួយ​ឆ្នាំ​២០១៨» ដែល​ចេញ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

នៅ​ក្នុង​របាយការណ៍​សង្ខេប​កម្រាស់ ១៦​ទំព័រ អង្គការ​តម្លាភាព​អន្តរជាតិ បាន​ចាត់​ថ្នាក់​ប្រទេសកម្ពុជា​នៅ​លំដាប់​ទី​១៦១ នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០ នៅ​ទូទាំង​ពិភព​លោក ដែល​ត្រូវ​បាន​អង្គការ​មួយ​នេះ​សិក្សា​វាយ​តម្លៃ​។

សន្និសីទសារព័ត៌មានសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយ ឆ្នាំ២០១៩។ រូបភាព៖ ណាត សុភាព

ជាមួយ​ពិន្ទុ​ត្រឹម​តែ ២០ ដែល​ទាប​ជាង​ឆ្នាំ​មុន ១​ពិន្ទុ​ទៀត​ផង​នោះ  កម្រិត​អំពើ​ពុក​រលួយ​នៅ​កម្ពុជា នៅ​តែ​រក្សា​បាន​ចំណាត់​ថ្នាក់​​លេខ ១៦១ ដូច​ទៅ​នឹង​ឆ្នាំ​២០១៧​ផង​ដែរ។

របាយការណ៍​ដដែល​នេះ បាន​បង្ហាញ​ផង​ដែរ​ថា ប្រទេស​ស្ថិត​នៅ​តំបន់​អឺរ៉ុប មាន ដាណឺម៉ាក ហ្វាងឡង់ ស៊ុយអ៊ែត និង​ស្វីស ប្រទេស​ណូវែលហ្សឺឡង់​ដែល​ស្ថិត​នៅ​ជិត​បង្កើយ​នឹង​ប្រទេស​អូស្ត្រាលី និង​ប្រទេស​សិង្ហបុរី​ដែល​ជា​សមាជិក​អាស៊ាន នៅ​តែ​ត្រូវ​បាន​វាយ​តម្លៃ​ថា ជា​ប្រទេស​មាន​កម្រិត​អំពើ​ពុក​រលួយ​ទាប​បំផុត​នៅ​លើ​ពិភព​លោក។

ផ្ទុយ​ទៅ​វិញ ​ប្រទេស​នៅ​តំបន់​អាហ្វ្រិក មាន ​សុម៉ាលី និង​ស៊ូដង់​ខាង​ត្បូង និង​បណ្ដា​ប្រទេស​នៅ​អាស៊ី មាន​ ស៊ីរី យេម៉ែន និង​កូរ៉េ​ខាង​ជើង នៅ​តែ​ត្រូវ​បាន​ចាត់​ថ្នាក់​ថា ជា​ប្រទេស​ពុក​រលួយ​​បំផុត​នៅ​លើ​ពិភព​លោក។

ដោយ​ឡែក​កម្ពុជា​វិញ ថ្វី​ត្បិត​ថា នៅ​ល្អ​ប្រសើរ​ជាង​ប្រទេស​ទាំង ៥​ខាង​លើ​នេះ​មែន ប៉ុន្តែ កម្ពុជា​នៅ​តែ​ជា​ប្រទេស​ពុក​រលួយ​បំផុត​មួយ​នៅ​លើ​ពិភព​លោក ហើយ​ក៏​ជា​ប្រទេស​ពុក​រលួយ​ខ្លាំង​ជាង​គេ​នៅ​តំបន់​អាស៊ាន ពោល​គឺ​ទាប​ជាង​សូម្បីតែ​ប្រទេស​ភូមា ឡាវ និង​វៀតណាម​ទៅ​ទៀត។

ក្រោយ​ពី​អង្គការ​តម្លាភាព​បញ្ចេញ​របាយការណ៍​ស្ដី​ពី​កម្រិត​អំពើ​ពុក​រលួយ​បែប​នេះ​មក វា​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា៖

តើ​ហេតុអ្វី​បាន​ជាកម្ពុជា​នៅ​តែ​ជា​ប្រទេស​ពុក​រលួយ​បំផុត​បើធៀប​នឹង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ពិភព​លោក?

អង្គការ​តម្លាភាព​អន្តរជាតិ ដែល​បាន​សិក្សា​ទៅ​លើទំនាក់​ទំនង​នៃ​អំពើ​ពុក​រលួយ និង​ស្ថានភាព​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​តាម​បណ្ដា​ប្រទេស​នីមួយៗ​នោះ បាន​រក​ឃើញ​ថា បណ្ដា​ប្រទេស​ដែល​ប្រតិបត្តិ​បាន​យ៉ាង​ល្អ​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នោះ ទទួល​បាន​ពិន្ទុ​ខ្ពស់​នៅ​ក្នុង​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​អំពី​អំពើ​ពុក​រលួយ។

ផ្ទុយ​ទៅ​វិញ អង្គការ​តម្លាភាព​បាន​រក​ឃើញ​ផង​ដែរ​ថា បណ្ដា​ប្រទេស​ដែល​គោរព​ប្រតិបត្តិ​តាម​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​មិន​ពេញ​លេញ ទទួល​បាន​ពិន្ទុ​កាន់​តែ​ទាប​នៅ​ក្នុង​សន្ទស្សន៍​ថ្មី​នេះ។

របាយការណ៍​អង្គការ​តម្លាភាព​អន្តរជាតិ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា បណ្ដា​ប្រទេស​ដែល​ប្រតិបត្តិ​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​​កាន់​តែ​ខ្ពស់ បាន​ជួយ​ជំរុញ​ឲ្យ​កម្រិត​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ថយ​ចុះ ហើយ​បណ្ដា​ប្រទេស​ដែល​អនុវត្ត​ប្រជាធិបតេយ្យ​មិន​ពេញ​លេញ បាន​ជំរុញ​ឲ្យ​កម្រិត​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ កាន់​តែ​រីក​ធំ​ឡើង​ទៅ​វិញ។

របាយការណ៍​មួយ​នេះ បាន​ចេញ​ក្រោយ​ពី​ប្រទេស​កម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​មួយ​កាល​ពី​ចុង​ខែ​កក្កដា​ឆ្នាំ​មុន ជា​ការ​បោះ​ឆ្នោត​មួយ​ដែល​គណបក្ស​ប្រឆាំង​ដ៏​ធំ​របស់​កម្ពុជា មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត​ប្រជែង​នោះ​ឡើយ ហើយ​ជ័យ​ជម្នះ​ទាំង​ស្រុង​ត្រូវ​បាន​ផ្ដល់​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ថ្វី​បើ​មាន​ការ​ទទួល​ស្គាល់​ពី​បណ្ដា​ប្រទេស​​មួយ​ចំនួន​ក៏​ដោយ ប៉ុន្តែ ការ​បោះ​ឆ្នោត​នោះ ​ត្រូវ​បាន​អង្គការ​សហ​ប្រជាជាតិ និង​បណ្ដា​លោក​សេរី ជា​ពិសេស​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ថ្កោល​ទោសទៅ​វិញ ដោយ​ហៅ​ការ​បោះ​ឆ្នោត​នោះ​ថា ធ្វើ​ឡើង​ដោយ​គ្មាន​ភាព​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​នោះ​ឡើយ។

អង្គការ​តម្លាភាព​អន្តរជាតិ បាន​កត់​សម្គាល់​ពី​ភាព​រីក​ចម្រើន​​ខាង​សន្ទស្សន៍​សេដ្ឋកិច្ច​ជាមួយ​ពិន្ទុ​ល្អ​ប្រសើរ​ជាង​មុន ប៉ុន្តែ អង្គការ​អន្តរជាតិ​មួយ​នេះ​ ចង្អុល​បង្ហាញ​ថា សន្ទស្សន៍​អភិបាល​កិច្ច​តាម​បែប​ប្រជាធិបតេយ្យ បាន​ធ្លាក់​ចុះ​ពី​លំដាប់​ពិន្ទុ ១៩/១០០​ នៅ​ក្នុង​ឆ្នាំ​២០១៧ មក​នៅ​ត្រឹម​តែ ១២/១០០​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លង​មក។

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ អ្នកស្រី Delia Ferreira Rublo បាន​លើក​ឡើងនៅ​ក្នុង​របាយការណ៍​នោះ​ថា អំពើ​ពុក​រលួយ រីក​រាល​ដាល​​កាន់​តែ​​ធំ​នៅ​ទីណា​ដែល​លទ្ធិ​ប្រជាធិបតេយ្យ​​ចុះ​ទន់​ខ្សោយ ហើយ​អ្នក​នយោបាយ​​បាន​រំលោភ​លើ​ស្ថាប័ន​ប្រជាធិបតេយ្យ និង​ប្រើ​ប្រាស់​ស្ថាប័ន​ទាំង​នោះ សម្រាប់​បម្រើ​ផល​ប្រយោជន៍​របស់​ពួកគេ។

អ្នកស្រី Delia Ferreira Rublo មាន​ប្រសាសន៍​ថា​៖ «ការ​ស្រាវ​ជ្រាវរបស់​យើង បញ្ជាក់​ឲ្យ​ច្បាស់​ពី​ទំនាក់​ទំនង​រវាង​ស្ថានភាព​ប្រជាធិបតេយ្យ​ប្រកប​ដោយ​សុខមាលភាព និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ពី​សំណាក់​វិស័យ​សាធារណៈ។ អំពើ​ពុក​រលួយ​ កាន់​តែ​រីក​ធំ​ឡើង​នៅ​ទីណា​ដែល​មូលដ្ឋាន​ប្រជាធិបតេយ្យ​ចុះ​ខ្សោយ ហើយ​នៅ​ទីណា​ដែល​អ្នក​នយោបាយ​មិន​ប្រជាធិបតេយ្យ បាន​ចាប់​​ស្ថាប័ន​ប្រជាធិបតេយ្យ និង​​ប្រើ​ប្រាស់​ស្ថាប័ន​ទាំង​នោះ​សម្រាប់​ផល​ប្រយោជន៍​របស់​ពួកគេ»

នាយក​ប្រតិបត្តិ​​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ពន្លឿន​កំណែ​ទម្រង់​​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​នេះ បន្ទាប់​ពី​របាយការណ៍​នេះ​បាន​បង្ហាញ​ពី​ទំនាក់​ទំនង​នៃ​ការខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ទៅ​នឹង​ស្ថានភាព​លំហ​ប្រជាធិបតេយ្យ។

លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីសន្ទស្សន៍ នៃការយល់ឃើញអំពីអំពើពុករលួយ ឆ្នាំ២០១៨ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ណាត សុភាព

លោក ព្រាប កុល បាន​មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា៖ «អំពើពុករលួយកាន់តែរីកលូតលាស់ កាលណាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធសុចរិតភាពមានភាពទន់ខ្សោយ»

ទោះជាយ៉ាង​ណា របាយការណ៍​អង្គការ​តម្លាភាព​អន្តរជាតិ បាន​រក​ឃើញ​ជារួម​ថា បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ភាគច្រើន សុទ្ធ​តែ​មាន​វិវឌ្ឍនភាព​តិច​តួច​ប៉ុណ្ណោះ​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួកគេ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ លើក​លែង​តែ​ប្រទេស​ញូវហ្សឺឡង់ សិង្ហបុរី អូស្ត្រាលី តែ​ប៉ុណ្ណោះ។

អង្គការ​អន្តរជាតិ​មួយ​នេះ បាន​រក​ឃើញ​ថា មូលហេតុ​ដែល​កម្រិត​អំពើ​ពុក​រលួយ​នៅ​ក្នុង​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​វឌ្ឍនភាព​តិច​តួច​បែប​នេះ គឺ​បណ្ដាល​មក​ពី​ភាព​ទន់​ខ្សោយ​នៃ​ស្ថាប័ន​ប្រជាធិបតេយ្យ និង​សិទ្ធិ​នយោបាយ។

នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​កាល​ពី​ឆ្នាំ​២០១៧ អង្គការ​តម្លាភាព​អន្តរជាតិ បាន​រក​ឃើញ​ថា ប្រជាជន​ប្រហែល ៩០០​លាន​នាក់ ឬ​ក៏​ប្រជាជន​ម្នាក់​ក្នុង​ចំណោម ៤​នាក់ ដែល​រស់​នៅ​ក្នុង​ប្រទេស​ចំនួន ១៦​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សុទ្ធ​តែ​បាន​បង់​សំណូក​ដើម្បី​ទទួល​បាន​សេវា​សាធារណៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ