ភ្នាក់​ងារ​ស៊ើបការ​សម្ងាត់​​អាមេរិក បារម្ភថា អាចនឹងមានវត្តមានយោធាចិននៅកម្ពុជា​

នាវាចម្បាំងកងទ័ពរំដោះប្រជាជនចិន ចំនួន៣គ្រឿង បានចូលចតនៅកំពង់ផែស្វ័យខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ផ្ដល់ឲ្យ

នាយក​ភ្នាក់ងារស៊ើបការសម្ងាត់របស់​អាមេរិក បង្ហាញ​ក្តីព្រួយបារម្ភក្នុងរបាយការណ៏សន្តិសុខប្រចាំឆ្នាំរបស់ខ្លួនថាអាចនឹង​មានវត្តមានយោធារបស់ចិននៅប្រទេសកម្ពុជា។

នៅក្នុងរបាយការណ៍កម្រាស់​៤២ទំព័ររបស់ការិយាល័យភ្នាក់ងារស៊ើបការសម្ងាត់ជាតិ​អាមេរិក នាយកស្ថាប័ននេះ គឺលោក ដេន ខូត បាននិយាយថា ការវិលត្រឡប់របស់កម្ពុជាទៅរដ្ឋឯកបក្សបន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុន អាចនាំឲ្យ​ចិនមានឥទ្ធិពលកាន់តែច្រើនឡើងនៅកម្ពុជា។

លោក បាននិយាយក្នុង​របាយការណ៏ដែល​ចុះថ្ងៃទី២៩​ ខែមករា ២០១៩ នោះថា​ ៖ «ដំណើររបស់​កម្ពុជា​ឆ្ពោះទៅប្រព័ន្ធផ្តាច់ការ ដែល​បានជួយគណបក្សប្រជាជនកម្ពុជាឈានដល់កម្រិតកំពូលក្នុងការរក្សា និងគ្រប់គ្រងអំណាចយ៉ាង​ពេញលេញលើនីតិប្បញ្ញត្តិជាតិ​ បើកផ្លូវសំរាប់វិសោធនកម្មរដ្ឋធម្មនុញ្ញដែលអាចនាំឲ្យមានវត្តមានយោធាចិននៅក្នុងប្រទេស»។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ នៅថ្ងៃព្រហស្បតិ៍នេះបានច្រានចោលក្តីកង្វល់របស់នាយកភ្នាក់ងារស៊ើបការសម្ងាត់ជាតិ​អាមេរិករូបនេះ។​

លោក ឈុំ សុជាតិ បានបដិសេដដូច្នេះថា ៖ « មិនមានករណីនេះអាចកើតឡើងបានទេ! សន្តិភាព យើងទទួលបានមកមានតំលៃខ្ពស់ណាស់ ប្រជាពលរដ្នយើងមិនចង់បានសង្គ្រាមទេ ហេតុអ្វីយកកងទ័ពបរទេសមកនៅ? »៕​

លោក ឈុំ សុជាតិ បានប្រសាសន៍បន្ថែម​ទៀត​ថា កម្ពុជានៅរក្សាគោលជំហរដដែល គឺមិនមានមូលដ្ឋានកងទ័ពចិននោះទេ។

លោក ឈុំ សុជាតិ បាននិយាយបន្តដូច្នេះថា៖ «សម្តេចតេជោ លោកបានប្រកាសប្រាប់ហើយថា កុំអោយកង្វល់ វាអត់មានទេ អញ្ចឹងគាត់ទៅវៀតណាម គាត់ជួបជាមួយនាយករដ្ឋមន្រ្តីវៀតណាម។ គាត់បានប្រកាស​មុខនាយករដ្ឋមន្រ្តីវៀតណាម ថាអត់មានបញ្ហាហ្នឹងទេហើយគាត់បានដើរប្រកាសប៉ុន្មានប្រទេសថា អត់មានទេបញ្ហាវត្តមានកងទ័ពជើងទឹកចិនឬនាវាចិនឬក៏វត្តមានកងទ័ពចិនមកកម្ពុជា»។

សារព័ត៌មាន ​Asia Times នៅពេលនោះបានដកស្រង់ប្រភពអ្នកការទូតនិងក្រុមអ្នកវិភាគមិនបញ្ចេញឈ្មោះ ថាក្រុងប៉េកាំងបានបញ្ចុះបញ្ចូលកម្ពុជាតាំងពីឆ្នាំ២០១៧ ដើម្បីមានមូលដ្ឋានកងទ័ពជើងទឹកដែលអាចផ្ទុកយន្តហោះចម្បាំង នាវាពិឃាតនិងនាវាដទៃទៀតរបស់កងទ័ពរំដោះប្រជាជនចិន។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នៅក្នុងប្រទេសសិង្ហបុរី​ កាលពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ John Sullivan ក៏ធ្លាប់​បាន​ចោទសួរទៅ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាជុំវិញបញ្ហានេះផងដែ​។ លោកថា បើសិនជាមានមូលដ្ឋានទ័ពចិននៅកម្ពុជាពិតមែននោះ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងប្រទេសទាំងពីរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ