សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិរំឭកកម្ពុជាឲ្យស្តារប្រជាធិបតេយ្យ

ហិបឆ្នោត ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានទាំងសហរដ្ឋអាមេរិកផង បានរំឭករដ្ឋាភិបាលកម្ពុជាឲ្យ​​វិលទៅ​ស្តារ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យឡើងវិញ តាមរយៈបញ្ឈប់ការយាយីគណបក្ស​ប្រ​​ឆាំ​ង ​សង្គ​ម​ស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

ក្រុម​ប្រទេស​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ បាន​ក្រើន​រំឭកបែប​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែលធ្វើឡើងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីរាត្រី​ថ្ងៃពុធ​ម្សិ​ល​​មិញ។

ក្នុងកិច្ចប្រជុំនោះ សហរដ្ឋអាមេរិក បានលើកឡើងថា ខ្លួនព្រួយបារម្ភពីការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ​ពីស្ថាន​ភាពសិ​ទ្ធិមនុ​ស្ស​​នៅក​ម្ពុ​ជា ដូចជាសិទ្ធិពលរដ្ឋ ​និងសិទ្ធិនយោបាយ។

អាមេរិក ​ក៏​បាន​ជំរុញទៅរដ្ឋាភិបាលកម្ពុជា​ ឲ្យផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ​ដល់គណបក្សប្រឆាំង និងទម្លា​ក់បទចោ​ទលើ​លោក កឹម សុខា។

តំណាង​អាមេរិក​ប្រចាំ​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​ប្រជាជាតិ លោក Jason Ross Mack បាន​ថ្លែង​ថា៖ «ពួក​យើង​មាន​ក្ដី​បារម្ភ​​ជា​ខ្លាំង​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា។ រដ្ឋាភិបាល​បាន​ដាក់​សម្ពាធ​ទៅ​លើ​អ្នក​​ប្រឆាំង សារព័ត៌មាន​​ឯករាជ្យ និង​សង្គម​ស៊ីវិល។ ​ការ​រឹត​បន្តឹង​សិទ្ធិ​របស់​កម្មករ​ក្នុង​ការ​ចូលរួម និង​តវ៉ា​ប្រឆាំង​ដោយ​សន្តិវិធី ដែល​ប​​ញ្ហា​​ទាំង​នេះ​កើត​ឡើង​ជា​បន្តបន្ទាប់​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​២៩ កក្កដា[២០១៨] ដែល​ជា​ការ​បោះឆ្នោត​មួយ​​ស្ទើរ​តែ​គ្មាន​ភាព​សេរី និង​​តម្លា​ភាព​នោះ​ ហើយ​បញ្ហា​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នយោបាយ​ សិទ្ធិ​មនុស្ស និង​ការ​រីកចម្រើន​សេដ្ឋកិច្ច​របស់​ប្រ​ទេស​»

ចក្រភពអង់គ្លេស បានលើកឡើងថា ការបោះឆ្នោ​តថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៨ ខ្វះភាពស្របច្បាប់។ រីឯចំណាត់ការ​ទៅលើ​បក្ស​ប្រ​ឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយជាដើម អង់គ្លេស​ថា ជាការ​ធ្វើ​ឲ្យ​លំហ​ប្រជាធិបតេយ្យនៅម្ពុជា​រួម​តូច។

ប្រទេសលោកសេរីមួយនេះ ជំរុញរដ្ឋាភិបាលកម្ពុជា​ឲ្យ​បើកលំហសេរីភាព​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឡើងវិញ ទម្លាក់​ចោល​ការ​ចោទ​​ប្រ​​កា​​​ន់​លើ​​​លោក កឹម សុខា និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង ១១៨​នា​ក់ផ្សេ​ង​​​ទៀត ដែល​ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​នយោបាយ​កាល​ពីចុង​ឆ្នាំ​២០១៧។

តំណាង​អង់គ្លេស លោក Bob Last ថ្លែងថា៖ «បារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដូចជាការរួមតូចនៃសិទ្ធិនយោបាយ បានតាមរយៈ​ការរំលាយ​គណបក្ស​ស​ង្គ្រោះ​​ជាតិ ការឃុំខ្លួនលោក កឹម សុខា​ និងការបោះឆ្នោតដោ​យមិនត្រឹមត្រូវកា​លពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨»

មន្ត្រី​តំណាង​ប្រទេសកាណាដា អ្នកស្រី តាម៉ារ៉ា ម៉ាវិនណេយ៍ (Ms. Tamara Mawhinney) បានលើកឡើងថា វិធានការ​របស់​រដ្ឋាភិបាលនេះ បានធ្វើឲ្យការបោះ​ឆ្នោតជាតិឆ្នាំ២​០១៨​ មិនឆ្លុះ​បញ្ចាំង​ពី​ដំណើរ​ការ​​ប្រ​​ជាធិបតេយ្យ​ឡើយ។ តំណាង​កាណាដា​រូប​នេះ បាន​ជំរុញ​ទៅ​​រដ្ឋា​ភិបា​ល​ក​ម្ពុ​​ជា ឲ្យ​ចូលរួមស្តារប្រជាធិបតេយ្យឡើងវិញ តាម​រយៈ​បើក​លំហ​សេរីភាពស​ង្គមស៊ីវិល សហជីព និងបើកឱកាសឲ្យគណបក្សប្រឆាំងបានដំណើរការពេញលេញឡើងវិញ និង​ត្រូវ​សង​អាសនៈ​ជាប់​ឆ្នោត​ទាំង​អស់ ​ទៅ​​ឲ្យ​គ​ណ​បក្ស​ប្រឆាំង​វិញ។

ចំណែក​ឯ​តំណាង​ប្រទេសជប៉ុន លោក ខេន អូកានីវ៉ា (Ken Okaniwa) បាន​ថ្លែង​ថា ​ជប៉ុន​ចង់​ឃើញ​កម្ពុជា​វិល​ទៅ​រក​ការ​សន្ទនា​នយោបាយ​ឡើងវិញ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កែវ រ៉េមី បានថ្លែងក្នុងកិច្ចប្រជុំនោះថា កម្ពុជាទទួលយកកា​រផ្តល់​យោ​​ប​ល់ ប៉ុន្តែ​ថា កម្ពុជាប្រឆាំងនឹងការជ្រៀតជ្រែកផ្ទៃក្នុង។

លោក កែវ រ៉េមី ថ្លែងនៅក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែលធ្វើឡើងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីរាត្រី​ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ webtv.un.org/ screenshot

លោក កែវ រ៉េមី ថ្លែង​ថា៖ «ពួក​យើង​សុំ​ឲ្យ​ប្រទេស​ជា​សមាជិក​ទាំង​អស់​មើល​មក​កម្ពុជា​ ជា​ប្រទេស​មួយ​កំពុង​អភិវឌ្ឍ ដែល​ត្រៀម​​លក្ខណៈ​ក្នុង​កា​រ​​​ច​​​រាចរ និង​សហប្រតិបត្តិការ ហើយ​ពួក​យើង​ជំទាស់​ជា​ដាច់​ខាត​​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​មនុស្ស ​​ដើម្បី​ជា​លេស​​​ជ្រៀតជ្រែក​​កិច្ច​ការ​ផ្ទៃ​​ក្នុង​របស់​ប្រទេស​ដទៃ ក្នុង​ការ​បំផ្លាញ​ឯករាជ្យ និង​ទឹក​ដី​របស់​ប្រទេស​ដទៃ»

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា ការរំឭករបស់សហគមន៍អន្តរជាតិ​ជា​ថ្មី​ទៀត​​ពេលនេះ ជាសញ្ញាបង្ហាញថា ប្លុកលោកសេរីនឹងមិនថយក្រោយពីការ​ជំរុញឲ្យកម្ពុជាវិលទៅរកគន្លងប្រជាធិបតេយ្យវិញនោះទេ។

អ្នក​ឃ្លាំមើល​នយោបាយ​កម្ពុជា​រូប​នេះ បង្ហាញក្ដីបារម្ភថា កម្ពុជាអាចនឹងបាត់បង់អត្ថប្រយោជន៍ផ្សេងទៀត ក្រៅ​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់សហភាពអឺរ៉ុប បើរដ្ឋាភិបាលមិនធ្វើឲ្យស្ថានភាព​សិទ្ធិមនុសស្ស និងប្រជាធិបតេយ្យ ប្រសើរឡើងវិញនោះ។

លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា៖ «ខ្ញុំមើលសារនេះ កម្ពុជាអាចបាត់បង់ EBA ហ្នឹងហើយ​ក្នុងខែ ៣នេះ ហើយ​នេះ​ជា​ក្តី​កង្វល់​មួយដែលខ្ញុំគិតថា វាមិនមែនជាវិធានការចុងក្រោយរបស់សហភាពអឺរ៉ុបទេ។ វា​ជា​វិធានការ​ដំបូង​របស់​គេ​ដែល​ទើប​នឹង​ចាប់​ផ្តើម​ទេ។ យើងគិតថា ដំបូងយើងទ្រាំទ្របាន ចុះអាបន្ទាប់ៗទៀត យើងទ្រាំទ្របានកម្រិតណា?»

អង្គការ​សហ​ប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតអាណត្តិទី៦នេះ ដែល​ការ​បោះ​ឆ្នោត​នោះ​គ្មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ពី​​​ដៃ​គូ​ប្រជែង​នយោបាយ​ដ៏​ធំ ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។

ជាង​នេះ​ទៅ​ទៀត សហរដ្ឋអាមេរិក​បានបង្កកទ្រព្យសម្បត្តិមេបញ្ជាការកងអង្គរក្សនាយករដ្ឋមន្ត្រី លោក ហ៊ីង ប៊ុនហៀង និងដា​ក់​ទណ្ឌក​ម្ម​ទិ​ដ្ឋាកា​រដល់មន្ត្រីរដ្ឋាភិ​បាលកម្ពុជាមួយ​ចំនួន​មិនឲ្យទៅជាន់ទឹក​ដីអាមេរិក​ទៀត​ផង។

ចំណែកសហភាពអឺរ៉ុបវិញ កំពុងដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដោយថា បើរដ្ឋាភិបាលមិនបើក​លំហប្រជា​ធិប​តេ​​យ្យ​ឡើងវិញ រួមទាំងការដោះ​​​លែង​លោក កឹម សុខា និងបើកផ្លូវឲ្យគណបក្សប្រឆាំងបានដំណើរការឡើងវិញជាដើមនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ