សមត្ថកិច្ច មិនទាន់កំណត់មុខសញ្ញាអ្នកប្រើហិង្សាលើពលរដ្ឋខេត្តព្រះសីហនុបានទេ ទោះមានវីដេអូចែកចាយ​

អ្នកមានជម្លោះដីធ្លី​មក​ពីភូមិគគីរ ស្ថិត​ក្នុង​ឃុំបិតត្រាង ត្រូវសមត្ថកិច្ចបង្ក្រាបក្រោយហេតុការណ៍ដុតកង់ឡាន តវ៉ារឿងដីធ្លីជាមួយឧកញ៉ាម្នាក់ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។

សមត្ថកិច្ច បញ្ជាក់ថា ​មិនទាន់កំណត់មុខសញ្ញាជនដែលប្រើអំពើហិង្សាលើអ្នកភូមិដែល​មានជម្លោះដីធ្លី​នៅ​ខេត្តព្រះសីហនុ បាននៅឡើយទេរហូតមកដល់​ថ្ងៃនេះ ខណៈវីដេអូនៃអំពើហិង្សានោះកំពុងចែកចាយតគ្នាតាមបណ្តាញសង្គមយ៉ាងគគ្រឹកគគ្រេង។

ក្នុងវីអូឃ្លីបដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញឲ្យឃើញថា បុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានជាកងរាជអាវុធហត្ថ បានធាក់ច្រំទៅលើបុរសម្នាក់ទៀតក្នុងសម្លៀកបំពាក់ស៊ីវិលដោយដៃជាប់ខ្នោះ និងកំពុងដេកដួលលើដី។ ចំណែកបុរសម្នាក់ទៀតស្លៀកពាក់ឯកសណ្ឋានជាទាហាន បានយកស្វ័យកាំភ្លើងទៅវាយបន្ថែមពីលើទៀត។

អ្នកនាំពាក្យកងរាជអាវុធហត្ថ លោក អេង ហ៊ី ប្រាប់ វី.អូ.ឌី ថា សមត្ថកិច្ចបានបង្កើតគណកម្មការមួយ ដើម្បីស៊ើបអង្កេតករណីនេះហើយ ប៉ុន្តែ លោកថារហូតមកដល់ពេលនេះ គឺគណកម្មាការមិនទាន់ស្រាវជ្រាវកំណត់មុខសញ្ញាជនដៃដល់បាននៅឡើយទេ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី

លោកបន្ថែមថា៖ «ក្រុមអធិការកិច្ចរបស់យើងកំពុងតែចុះត្រួតពិនិត្យ​មើល។ វាដូចជាមិនមានផលលំបាកអីផង។ យើងចាំមើលសិនទៅ ចាំមើលការធ្វើការស៊ើបអង្កេតហើយសិន។ ការណ៍ដែលក្រុមការងារអធិការកិច្ច គេធ្វើ! គឺជាការងារសម្ងាត់របស់គេ អញ្ចឹង ចាំមើលគេធ្វើសិនទៅ»

ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុ លោក ហួត វិចិត្រ និយាយយ៉ាងខ្លីថា សមត្ថកិច្ចកំពុងដំណើរការ​ស៊ើបអង្កេតករណីនេះ។

លោកបន្ថែមថា៖ «សមត្ថកិច្ចជំនាញ គេកំពុងស្រាវជ្រាវស៊ើបអង្កេតករណីនេះ ហើយខ្ញុំក៏មិនទាន់ទទួលបានរបាយការណ៍នេះដែរ»

ប្រធានគ្រប់គ្រងផ្នែកអង្កេត លោក អំ សំអាត មានប្រសាសន៍ថា ប្រសិនសមត្ថកិច្ចមានឆន្ទៈក្នុងការចាប់ជនដៃដល់មកដាក់ទោសពិតប្រាកនោះមិនពិបាកឡើយ ដោយថា​ ភស្តុតាងបានបង្ហាញតាមរយៈវីដេអូយ៉ាងច្បាស់ទៅហើយ។

លោក អំ សំអាត ធ្លាប់ស្នើទៅអាជ្ញាធរឲ្យធ្វើការស៊ើបអង្កេតមួយដោយឯករាជ្យ ដើម្បីចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ដោយ​ថា ដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាពនៅកម្ពុជា។

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត

លោកបន្ថែមថា៖ «គណកម្មការ បើយើងបង្កើតហើយ យើងត្រូវតែអនុវត្ត យើងត្រូវតែស៊ើបអង្កេតឲ្យបានពិតប្រាកដ ដើម្បីស្វែងរកការពិតចាប់ជនដែលពាក់ព័ន្ធហ្នឹងយកមកអនុវត្តទោសតាមផ្លូវច្បាប់។ បើសិនជាយើងបង្កើតឲ្យមានគណកម្មការ ប៉ុន្តែ​មិនមានឆន្ទៈពិតប្រាកដ អាហ្នឹង! អាវប្បធម៌និទណ្ឌភាព ឬក៏វប្បធម៌នៃការប្រើប្រាស់អំពើហិង្សា វាមិនអាចបញ្ចប់បានទេ»

ប្រធានអង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស លោក មឿន តុលា ចាត់ទុកសកម្មភាពអាជ្ញាធរបង្ក្រាបទៅលើពលរដ្ឋពេលតវ៉ាដីធ្លីនៅខេត្តព្រះសីហនុនេះថា ជាទង្វើរខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកថា សមត្ថកិច្ចបានធ្វើទារុណកម្មលើពលរដ្ឋទាំងដៃជាប់ខ្នោះ ដែលអ្នកប្រព្រឹត្តនោះ ត្រូវចាប់មកដាក់ទោសតាមច្បាប់ឲ្យខានតែបាន។

កាលពីថ្ងៃទី២៤ ខែមករា សមត្ថកិច្ចចម្រុះ​ខេត្តព្រះសីហនុដឹកនាំដោយព្រះរាជអាជ្ញា ហួត វិចិត្រ និងអភិបាលរងខេត្ត លោក ផៃ ប៊ុនវណ្ណៈ បាន​ចុះអនុវត្តសាលដីការបស់តុលាការកំពូលវាស់វែងដីឲ្យអ្នកស្រី ហុង សួន ដែលជាភរិយារបស់ឧកញ៉ា ស៊ីវ គង់ទ្រីវ ស្ថិតភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។ ប៉ុន្តែ ត្រូវបានអ្នកភូមិរាប់រយនាក់តវ៉ាប្រឆាំងនឹងការចុះអនុវត្តនោះ ដោយនាំគ្នាដុតកង់ឡានបិទផ្លូវរហូតផ្ទុះអំពើហិង្សា។

លោក​ ពៅ​ សារ័ត្ន​ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសមៈ​ ហៅមន្ទីពេទ្យព្រះសង្ឃ​ ក្នុងរាជធានីភ្នំពេញ​ ក្រោយពីរងគ្រោះដោយសារការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច​ និងប្រជាពលរដ្ឋ​ នៅពយម៉ាចូវ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រូបភាព៖ ឃុត សុគន្ធ

ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ គឺពលរដ្ឋម្នាក់ដែលជាកម្មករសំណង់ បានត្រូវគ្រាប់កាំភ្លើងពីក្រោយត្រង់ស្មាពីខាងឆ្វេងបៀមជាប់ឆ្អឹងខ្នង និងពលរដ្ឋ៦នាក់ផ្សេងទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន ហើយដោះលែងវិញនៅយប់​ថ្ងៃដដែល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ