សហគមន៍ក្រីក្រនៅភ្នំពេញប្រឈមនឹងបញ្ហាសុភាព ដោយសារកង្វះការគ្រប់គ្រងនិងប្រមូលកាកសំណល់

សហគមន៍ក្រីក្រ ដែលរស់នៅជិតគំនរសំរាម ក្នុងក្រុងភ្នំពេញ។ រូបភាព៖ សមាគមធាងត្នោត

សហគមន៍ក្រីក្រចំនួន៩៩ ក្នុងរាជធានីភ្នំពេញពុំទទួលបានការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាកម្មគ្រប់គ្រងនិងប្រមូលកាកសំណល់ ដែលបង្កឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋរស់នៅទីនោះ។

យោងតាមការសិក្សាស្រាវជ្រាវរបស់ សមាគមធាងត្នោត ស្តីពីការគ្រប់គ្រងកាកសំណល់ ដែលបានចេញក្នុងសប្តាហ៍នេះ បានឲ្យដឹងថា សហគមន៍ក្រីក្រចំនួន៩៩ ក្នុងចំណោម២៧៧ នៅរាជធានីភ្នំពេញកំពុងប្រឈមនឹងបញ្ហាអនាម័យ និងសុខភាពយ៉ាងខ្លាំង ដោយអាជ្ញាធរមូលដ្ឋានពុំបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលប្រមូលកាកសំណល់នៅក្នុងសហគមន៍របស់ពួកគេ។

ការសិក្សាស្រាវជ្រាវដដែលបានឲ្យដឹងថា ក្រុមហ៊ុនស៊ិនទ្រី បានលើកពីមូលហេតុដែលបណ្តាលឲ្យមានការលំបាកក្នុងការប្រមូលសំរាម គឺមកពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធរបស់សហគមន៍ ហើយជាពិសេសផ្លូវលំចង្អៀតដែលនាំឲ្យពិបាកក្នុងការចូលទៅប្រមូល។ មន្ត្រីមកពី៩៩សង្កាត់ ក្នុងចំណោម ១០៥សង្កាត់ នៃខណ្ឌទាំង១២ បានប្រាប់ក្រុមការងារស្រាវជាវថា ពួកគេពុំបានដឹងពីរបៀបការគ្រប់គ្រងកាកសំណល់នោះទេ។

ប្រធានសមាគមធាងត្នោត លោក សឿន សារ៉ន បានប្រាប់បន្ថែមដល់ VOD នៅថ្ងៃនេះថា តាមការស្រាវជ្រាវបង្ហាញថា កង្វះការគ្រប់គ្រង និងប្រមូលសម្រាមធ្វើឲ្យពលរដ្ឋកើតជម្ងឺផ្លូវដង្ហើម និងជម្ងឺផ្សេងៗនៅក្នងសហគមន៍ក្រីក្រ។

លោក សឿន សារ៉ន បានមានប្រសាសន៍ថា៖ « តាមការសង្កេតផ្ទាល់របស់ខ្ញុំ ឃើញថា ប្រជាពលរដ្ឋកើតជម្ងឺជាច្រើន ដោយសារកាកសំណល់កង្វក់ពីសំរាម ដូចជា ជម្ងឺសើស្បែក និងរលាកផ្លូវដង្ហើមជាដើម»

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា លោកពុំទាន់បានឃើញរបាយការណ៍របស់ សមាគនធាងត្នោត នោះទេ ប៉ុន្តែ លោកបានលើកឡើងថា ក្រុមហ៊ុនស៊ិនទ្រីជាអ្នកទទួលខុសត្រូវក្នុងការប្រមូលសម្រាមគ្រប់ទីតាំងទាំងអស់នៅក្នុងរាជធានីភ្នំពេញ។ លោកថា ប្រសិនបើមានភាពខ្វះចន្លោះ រដ្ឋបាលរាជធានីភ្នំពេញនឹងជំរុញឲ្យក្រុមហ៊ុនធ្វើការឲ្យមានប្រសិទ្ធិភាពជាងមុន។

លោក ម៉េត មាសភក្តី បានមានប្រសាសន៍ថា៖ «ករណីមានការជូនដំណឹងពីប្រជាពលរដ្ឋបន្ថែមទៀតអំពីការខ្វះខាត សាលារាជធានីភ្នំពេញនឹងស្វាគមន៍រាល់សំណូមពរ និងចាត់ចែងឲ្យមានការចាត់វិធានការដើម្បីសម្រួលដល់ប្រជាពលរដ្ឋ»

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានបានឲ្យដឹងថា រាជធានីភ្នំពេញមានកាកសំណល់ប្រមាណជាង ២ ៣០០តោនជារៀងរាល់ថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ