រដ្ឋាភិបាល បង្កើតក្រុមការងារចម្រុះទទួលខុសត្រូវលើបញ្ហាពន្ធរបស់អង្គការ​សង្គមស៊ីវិល​​

សិក្ខាសាលា ស្ដីពី ពន្ធលើប្រាក់ចំណូល និងប្រព័ន្ធគ្រប់គ្រងអាករលើតម្លៃបន្ថែម។ រូបភាព៖ ហ្វេសប៊ុក អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation

ក្រសួងសេដ្ឋកិច្ចបង្កើត​ក្រុមការងារចម្រុះរវាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលមានសមាសភាពចំនួន២៨រូប ដើម្បីដោះស្រាយបញ្ហាពន្ធរបស់អង្គការសង្គមស៊ីវិល។

ប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣០ ខែមករា កន្លងទៅ លោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្រេចបង្កើត​ក្រុមការងារ​ចម្រុះអគ្គនាយកដ្ឋាន​ពន្ធដារ ដែលមានសហប្រធានពីររូបគឺ ​លោក គង់ វិបុល ​អគ្គនាយកនៃអគ្គនាយកដ្ឋាន​ពន្ធដា​រ និង ​លោក សឿង សារឿន នាយក​ប្រតិបត្តិនៃ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា ព្រមទាំង​អនុប្រធានបួនរូប និង​សមាជិក​២២​រូប​ផ្សេងទៀត​។​

ប្រកាសក្រសួងឲ្យដឹងថា ក្រុមការងារ​ចម្រុះ​នេះមាន​ភារកិច្ច​ក្នុង​ភាពជា​ដៃគូក្នុងការពង្រឹង​ ពិនិត្យ និងបកស្រាយ​ច្បាប់ ព្រមទាំងកែសម្រួលនិងបង្កើតបទ​ប្បញ្ញត្តិនានាពាក់ព័ន្ធនឹងពន្ធដារតាមការចាំបាច់។​ ប្រកាសដដែលបន្តឲ្យដឹងពីភារកិច្ចទៀតថា ក្រុមការងារនេះជាអ្នក​ជួយបង្កើត​ជំនឿ​ទុកចិត្ត​របស់ដល់​អ្នក​ជាប់ពន្ធ និង​ដោះស្រាយ​បញ្ហាដែលអាចកើតឡើងឥតព្រាងទុក (Ad hoc)។ ប្រកាសនេះក៏បានចែង ឲ្យក្រុមការងារចម្រុះនេះ​រៀបចំការប្រជុំរៀងរាល់បីខែម្តង ដោយសហប្រធានអាចចាត់តាំងអនុប្រធាន ឬសមាជិកដឹកនាំកិច្ចប្រជុំ។

កាលពីខែសីហា ឆ្នាំមុន តំណាងអង្គការសង្គមស៊ីវិលបានស្នើបង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បីសម្របសម្រួលឲ្យអង្គការផ្សេងៗទៀតក្នុងការដោះស្រាយបញ្ហាពន្ធជាមួយរដ្ឋាភិបាលជៀសវាងទទួលទោសទណ្ឌ ឬ វិធានការផ្លូវច្បាប់ផ្សេងៗ។​ យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ អង្គការសមាគមមានជាង៥០០០ស្ថាប័ន ប៉ុន្តែ របាយការណ៍ចុះបញ្ជីបង់ពន្ធនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានតែជាង៥០០អង្គការសមាគមតែប៉ុណ្ណោះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ