មន្រ្តីបដិសេធថា ពុំមានពិធីសែនចូល​ឆ្នាំ​ចិននៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៌វិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម នាថ្ងៃច័ន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុក ក្រសួងឧស្សាហកម្មនិងសិប្បកម្ម)

មន្រ្តីក្រសួងឧស្សាហកម្ម និងសប្បកម្ម អះអាថា ពុំមានការរៀបចំពិធីសែនចូលឆ្នាំចិននៅស្តីការក្រសួងនោះទេ ក្រោយបែកធ្លាយលិខិតអញ្ជើញផ្លូវការ​របស់ក្រសួងឲ្យមន្រ្តីចូលរួមពិធីនៅថ្ងៃនេះ។

ក្នុងលិខិតអញ្ជើញមួយចុះថ្ងៃទី៣០ ខែមករា ដែលវីអូឌីទើបទទួលបាននៅថ្ងៃនេះ ក្រសួងឧស្សាហកម្ម និងសប្បកម្ម បានឲ្យមន្ត្រីក្រសួងទាំងអស់ស្លៀកពាក់សមរម្យចូលរួមពិធីសែនចូលឆ្នាំចិ​ននៅទីស្តីការក្រសួងនាថ្ងៃទី៤ ខែ​កុម្ភៈនេះ ក្រោមអធិបតីភាពរដ្ឋមន្រ្តី​ក្រសួងឧស្សាហកម្ម និងសប្បកម្ម​ លោក ចម ប្រសិទ្ធ។

អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសប្បកម្ម លោក អ៊ុំ សុថា បានច្រានករណីនេះ ដោយលោកថា ពុំមានការសែនអ្វីធំដុំនោះទេ។ លោកបន្តថា ចំពោះការចេញលិខិតវិញ គឺរដ្ឋបាលធ្វើលើសពីអ្វីដែលក្រសួងណែនាំ ហើយថា ក្រសួងនឹងធ្វើការងារកែតម្រូវករណីនេះវិញ។

លោក អ៊ុំ សុថា មាន​ប្រសាសន៍ថា៖ «យើងអត់មានទៅធ្វើអី ពិធីសែនចិនអីនៅក្នុងក្រសួងទេ។ យើងគ្រាន់តែនាំគ្នាអុចធូបនៅពេលថ្ងៃសីលធម្មតា​ទេ ហើយដោយសារថ្ងៃហ្នឹងមន្រ្តីរាជការគាត់មកធ្វើការទាំងអស់គ្នាទៅ យើងក៏ប្រាប់តៗគ្នា ប៉ុន្តែ ខាងរដ្ឋាបាលគាត់ទៅធ្វើលិខិតផ្លូវការអញ្ចឹង វាខុស យើងកំពុងកែតម្រូវវិញ»

បើតាមប្រតិទិន ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​តាម​ប្រពៃណី​​ចិន​ក្នុង​ឆ្នាំ​២០១៩នេះ ត្រូវ​រៀបចំ​ធ្វើ​ឡើងចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី៧ ខែ​កុម្ភៈ ហើយ​ពិធីបុណ្យមួយ​នេះ ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​ខ្សែ​ស្រឡាយចិន​ប្រារព្ធ​ធ្វើជា​រៀង​រាល់​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ