អ្នកកាសែតម្នាក់ត្រូវបានសម្លាប់នៅក្រចេះ ក្រោយចេញពីរាំធុងបាស់​

កាតបុគ្គលិករបស់អ្នកយកព័ត៌មានឲ្យស្ថាប័នម្នាក់គឺឈ្មោះ ស៊ន សិទ្ធី ត្រូវបានជន១ក្រុមវាយសម្លាប់ត្រងចំណុចភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ រូបភាព៖ ហ្វេសប៊ុក សារព័ត៌មានទស្សនៈមហាជន

ទីភ្នាក់ងារព័ត៌មានម្នាក់នៅកាសែតបាត់ដំបងប៉ុស្តិ៍ ត្រូវបានជនមួយក្រុមវាយសម្លាប់នៅខេត្តក្រចេះ ខណៈត្រឡប់ពីរាំធុងបាស់ក្នុងកម្មវិធីមួយ។

ចាងហ្វាងការផ្សាយកាសែតអនឡាញបាត់ដំបងប៉ុស្តិ៍ លោក សែម ឌីយ៉ា ប្រាប់វីអូឌីថា អ្នកយកព័ត៌មានឲ្យស្ថាប័នលោកម្នាក់គឺឈ្មោះ ស៊ន សិទ្ធី ត្រូវបានជន១ក្រុមវាយសម្លាប់ត្រងចំណុចភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ពេលជនរងគ្រោះនិងមិត្តភ័ក្រត្រឡប់មកពីរាំធុងបាស់។

លោកា​មានប្រសាសន៍ថា៖ «បាទ! មានការសម្លាប់ពិតមែន ក្រោយត្រឡប់មកពីរាំធុងបាស់។ ពេលចេញមកវិញហ្នឹង ត្រូវយុវជន១ក្រុមមានគ្នាប្រហែល២០នាក់គប់ជាដុំថ្មចំគាត់ ហើយចំគាត់ជិះពីក្រោយហើយបណ្តាលឲ្យគាត់ធ្លាក់ពីលើម៉ូតូ ហើយនាំគ្នាវាយបន្ថែមរហូតស្លាប់នៅនឹងកន្លែងតែម្តង។ តែអធិការង គាត់សុំឲ្យសាព័ត៌មានយើងស្ងប់ស្ងាត់សិន កុំបង្ហោះឬបំប៉ោងព័ត៌មានមិនពិត ដោយថា ឥលូវនេះគាត់កំពុងតែដុតដៃដុតជើងស្វែងរកចាប់ជនល្មើស»

អធិការរងនគរបាលស្រុកស្នួលលោក ប៊ុត ស៊ីនឿន និយាយយ៉ាងខ្លីថា សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតករណីនេះដោយ លោកស្នើឲ្យទៅថ្នាក់លើ ដើម្បីបានព័ត៌មានបន្ថែម។​

លោកបន្ថែមថា៖ «ករណីនេះ សមត្ថកិច្ចយើងកំពុងធ្វើការងារស៊ើបអង្កេត។ ហើយមិនព្រមសួរទៅប្រធានអង្គភាពគេ មេៗហ្នឹង គេមានសិទ្ធិក្នុងការបញ្ចេញមតិយោបល»

មន្រ្តីសមាគមអាដហុកប្រចាំខេត្តក្រចេះ លោក ធីម ហ៊ន មានប្រសាសន៍ថា លោកនឹងចុះស៊ើបអង្កេតករណីឃាតកម្មនេះ ដើម្បី ស្វែងរកមូលហេតុ។ លោក បានអំពាវនាវទៅសមត្ថកិច្ចត្រូវចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។

លោកបន្ថែមថា៖ «ថ្ងៃស្អែកហ្នឹង ខ្ញុំនឹងចុះទៅសាកសួរករណីហ្នឹង ​ដើម្បីឲ្យដឹងច្បាស់រឿងហ្នឹងវាពាក់ព័ន្ធទៅនឹងករណីយ៉ាងម៉េច ខ្លះ»

ចាប់តាំងពីឆ្នាំ១៩៩៤​មក អ្នកសារព័ត៌មាននៅកម្ពុជាយ៉ាងតិចចំនួន ១៣​នាក់ ត្រូវបានគេសម្លាប់។ ក្នុងចំណោមអ្នកសារព័ត៌មានចំនួន ១៣នាក់  មាន ៥​នាក់ជាអ្នកដែលសរសេររិះគន់បក្សកាន់អំណាច ចំណែក ៧នាក់ទៀត បានធ្វើការស៊ើបអង្កេត និងរាយការណ៍​អំពី​អំពើពុករលួយពាក់ព័ន្ធនឹងបុគ្គលជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងស្ថាប័នយោធា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ