រដ្ឋាភិបាលត្រៀមរថយន្តជិត១០០គ្រឿងសម្រាប់ដឹកទឹកឲ្យពលរដ្ឋដែលខ្វះខាតនារដូវប្រាំងឆ្នាំនេះ

សកម្មភាពចែកទឹកឲ្យពលរដ្ឋនៅខេត្តព្រះសីហនុ(រូបពីលោក នងឌី ណារ៉ា )

រដ្ឋាភិបាលបានត្រៀមរថយន្តជិត១០០គ្រឿងដើម្បីដឹកទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋដែលប្រឈមនឹង​​​កង្វះទឹកក្នុងរដូវប្រាំងឆ្នាំនេះ​​​ ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង។

អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា  បានប្រាប់ VOD ឲ្យដឹងថា​​​ ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ហើយក្រសួងកំពុងដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ ដោយស្តារប្រឡាយ ជួសជុលអណ្តូង និងត្រៀមរយន្តសម្រាប់ដឹកទឹកជូនពួកគេក្នុងករណីចាំបាច់។

លោក ចាន់ យុត្ថា បានមានប្រសាសន៍ថា៖ «ក្នុងពេលមានបញ្ហាយើងអាចច្នៃវា [រថយន្ត]គ្រាន់តែដាក់ស៊ីទែនមក យើងអាចដឹកបាន។ គ្រឿងចក្រធុនធ្ងន់របស់យើង គ្រាន់តែឡានបែនក្នុងក្របខណ្ឌទូទាំង​​​ប្រទេសយើងមានជិត១០០គ្រឿងឯណោះ»។

លោក ចាន់ យុត្ថា បានបន្តថា តំបន់ដែលប្រឈមនឹងកង្វះទឹកប្រើប្រាស់ខ្លាំងជាងគេ​​​គឺតំបន់ទំនាបកណ្តាលភាគពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើង ជាពិសេសគឺខេត្តបាត់បំបង ឧត្តមានជ័យ និងបន្ទាយមានជ័យ។ លោកថា ក្នុងស្រុងមោងឬស្សី ខេត្តបាត់ដំបង មានប្រជាពលរដ្ឋជាង១៤០០០គ្រួសារ កំពុងតែប្រឈមការខ្វះខាតទឹកប្រើប្រាស់ ប៉ុន្តែក្រសួងពាក់ព័ន្ធកំពុងតែចាត់វិធានការស្តារប្រឡាយដើម្បីបង្ហូរទឹកពីស្រុករតនៈមណ្ឌលទៅ​​​ស្រុកមោងឬស្សី ចម្ងាយផ្លូវប្រមាណជិត១០០គីឡូម៉ែត្រ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ​​​ឲ្យមានទឹកប្រើប្រាស់ឡើងវិញ។

ប្រធានសហគមន៍អាងចក់នៅក្នុងស្រុកមោងឫស្សី លោក ចាន់ ចិត្រ បានប្រាប់ វី.អូ.ឌី ថា នៅស្រុកមោងឫស្សីកំពុងជួបបញ្ហាខ្វះទឹកសម្រាប់ប្រើប្រាស់ ប៉ុន្តែអភិបាលស្រុកកំពុងធ្វើការដោះស្រាយដោយបើកអាងស្តុកទឹកបង្ហូរចូលអាងស្តុកនៅក្នុងស្រុកមោងឫស្សី។ លោកបន្តថា បញ្ហាខ្វះទឹកប្រើប្រាស់នេះចាប់ផ្ដើមពីដើមខែមករា ដែលបង្កការលំបាកដល់អ្នកធ្វើអាជីវកម្មមួយចំនួន។

លោកមានប្រសាសន៍ថា៖ «ការខ្វះខាតទឹកនេះទើបតែខ្វះទេ ប្រហែលជាដើមខែ១ ហើយអ្នកធ្វើអាជីវកម្មខាងនំបញ្ចុក ធ្វើអីហ្នឹង វារីង តែបើថាខ្វះខាតដាច់ទឹកផឹកនោះអត់ទេ»។

រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានចេញសារាចរណែនាំឲ្យប្រជាពលរដ្ឋរក្សាទឹកសម្រាប់ប្រើប្រាស់ នារដូវប្រាំង ដោយកម្ពុជានឹងទទួលឥទ្ធិពលបាតុភូត អែល នីណូ (El Nino) ​​​ដែលធ្វើឲ្យអាកាសធាតុក្តៅហួតហែង។  រដ្ឋាភិបាលក៏បានអំពាវនាវកសិករមិនឲ្យធ្វើស្រូវប្រាំងលើកទីពីរផងដែរ។

កាលពីឆ្នាំ២០១៦កន្លងទៅ កម្ពុជាបានជួបបញ្ហាភាពរាំងស្ងួតដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងខេត្ត​​​មួយចំនួនគ្មានទឹកប្រើប្រាស់ ហើយរដ្ឋាភិបាលបានធ្វើយុទ្ធនាការចែកទឹកជូន​​​ប្រជាពលរដ្ឋ។


ដោយ ហេង សុខលីន និង ស៊ឹម ដាណេ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ