ក្រុមគ្រួសារអ្នកផលិតខ្សែភាពយន្ត «ម្ដាយខ្ញុំលក់ខ្ញុំ» ថានឹងតវ៉ានៅមុខទូតរុស្ស៊ីរាល់សប្ដាហ៍

អ្នកស្រី ឡុង គឹមហ៊ាង និងកូនប្រុស កាន់បដាសរសេរពាក្យ Russia Save Mony Now! (រុស្ស៊ីជួយ មុនី ផងពេលនេះ)។ រូបភាព៖ ហ្វេសប៊ុក Long Kimheang

ក្រុមគ្រួសារ​និងអ្នកគាំទ្រ លោក រ៉ាត់ រត្នមុនី  អះអាងនៅថ្ងៃនេះថា ពួកគេនឹងនាំគ្នាទៅតវ៉ានៅមុខស្ថានទូតរុស្ស៊ីជារៀងរាល់សប្ដាហ៍ បើសិនជារដ្ឋាភិបាលរុស្ស៊ីមិនអន្តរាគមន៍មករដ្ឋាភិបាលកម្ពុជាដោះលែងផលិតកររូបនេះ​ឲ្យមានសេរីភាពនោះ។

ក្រុមគ្រួសារ​និងអ្នកគាំទ្រ លោក រ៉ាត់ រត្នមុនី ធ្វើការតវ៉ាឲ្យរុស្ស៊ីជួយអន្តរាគមន៍លើរឿងរបស់លោក រ៉ាត់ រត្នមុនី នៅមុខស្ថានទូរុស្ស៊ី។ រូបភាព៖ ហ៊ី ឆាយ /ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩

ភរិយាលោក រ៉ាត់ រត្នមុនី គឺអ្នកស្រី ឡុង គឹមហ៊ាង ប្រាប់អ្នកសារព័ត៌មាននៅមុខស្ថានទូតរុស្ស៊ីនាថ្ងៃនេះថា ប្រសិនបើរដ្ឋាភិបាលរុស្ស៊ីមិនជួយអន្តរាគមន៍ទេ ពួកគាត់នឹងនាំគ្នាទៅតវ៉ានៅមុខស្ថានទូតរុស្ស៊ីជារៀងរាល់សប្ដាហ៍​នៅថ្ងៃពុធ។

ភរិយាលោក រ៉ាត់ រត្នមុនី គឺអ្នកស្រី ឡុង គឹមហ៊ាង ផ្ដល់កិច្ចសម្ភាសន៍នៅពេលធ្វើការតវ៉ាឲ្យរុស្ស៊ីជួយអន្តរាគមន៍លើរឿងរបស់លោក រ៉ាត់ រត្នមុនី នៅមុខស្ថានទូរុស្ស៊ី។ រូបភាព៖ ហ៊ី ឆាយ /ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩

អ្នកស្រីថា៖ «ពួកខ្ញុំនឹងមកបាតុកម្មនៅទូតរុស្ស៊ី ស្នើសុំឲ្យរដ្ឋាភិបាលរុស្ស៊ីអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាទៀត ពួកខ្ញុំនឹងមកជារៀងរាល់សប្ដាហ៍ លុះណាតែមានការដោះលែងប្ដីខ្ញុំ ចេញពីគុកព្រៃស ហើយបើសិនជាមិនមានការដោះលែងខ្ញុំនឹងបន្តការតវ៉ាទៀត»។

អ្នកស្រី ឡុង គឹមហ៊ាង យល់ថា ការចាប់ស្វាមីគាត់ដែលជាអ្នកបកប្រែ​ខ្សែភាពយន្ត​ឯកសារ «ម្ដាយ​ខ្ញុំ​ លក់ខ្ញុំ​»​ ឲ្យទូរទស្សន៍​រុស្ស៊ី​ RT នេះ គឺបង្ហាញឲ្យឃើញថា វិស័យសារព័ត៌មាននៅប្រទេសកម្ពុជា កំពុងរងការរឹតត្បិតដោយសារ អ្នកសារព័ត៌មានហ៊ាននិយាយការពិតពីបញ្ហាដែលកើតឡើងនៅក្នុងសង្គមបច្ចុប្បន្ន ត្រូវបានរដ្ឋាភិបាលចោទប្រកាន់និងចាប់ខ្លួន។

ទោះបីជាមានការស្រែកតវ៉ាទាមទារនៅខាងមុខស្ថានទូតរុស្ស៊ីចំនួន ៤ ដងទាំងលើកនេះហើយក៏ដោយ ប៉ុន្តែនៅតែមិនមានមន្ត្រីទូតណាម្នាក់ចេញមកជួបពួកគេនោះឡើយ។

​កាល​ពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ២០១៨ លោក ​រ៉ាត់ រត្ន​មុនី ​ត្រូវ​បាន​​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​ និង​​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​រក​ឃើញ​ថា ​គាត់​បាន​ចូលរួម​ជួយ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​របស់​ស្ថានីយ​ទូរទស្សន៍​រុស្ស៊ី ​RT រឿង «​ម្ដាយ​ខ្ញុំ ​លក់​ខ្ញុំ» ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​ ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា ។

លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យមាន​ការ​រើសអើង តាម​មាត្រា ៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ ដែល​ត្រូវ​ប្រឈម​នឹង​ទោស​ក្នុង​ពន្ធនាគារ​ពី​១ ទៅ​៣ឆ្នាំ។

ខ្សែភាពយន្តឯកសារនេះ និយាយពីស្ថានភាពស្ត្រីខ្មែរសម្រេចចិត្តលក់កូនស្រីឲ្យបម្រើផ្លូវភេទដោយសារតែជីវភាពក្រីក្រ។ ទាំង RT និងអ្នកផលិតអះអាងថា នេះជារឿងរ៉ាវពិតកំពុងតែកើតមានឡើងនៅកម្ពុជា ប៉ុន្តែរដ្ឋាភិបាលចាត់ទុកថា នោះជារឿងមិនពិតដែលប្រឌិតឡើងដើម្បីធ្វើឲ្យខូចឈ្មោះប្រទេស។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ